រដ្ឋាភិបាលកំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅ ២ទីតាំងទៀតនៅក្រុងព្រះសីហនុ

រដ្ឋាភិបាលកំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅ ២ទីតាំងទៀតនៅក្រុងព្រះសីហនុ

រដ្ឋាភិបាលកំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅ ២ទីតាំងទៀតនៅក្រុងព្រះសីហនុដើម្បី ដឹកទំនិញត្រង់ពីកម្ពុជាទៅអាមេរិក និងតំបន់អាស៊ីប៉ាស៊ីហ្វិច។

នេះបើតាមការឱ្យពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២១ ខែកុម្ភៈនេះ។

លោកបន្តថា បច្ចុប្បន្ននេះកម្ពុជាកំពុងសិក្សាជាមួយជំនាញការមកពីអង្គការចៃការ ដើម្បីកសាងកំពង់ផែកុងតឺន័រដែលមានជម្រៅទឹក១៤ម៉ែត្រកន្លះ បន្ថែមមួយទៀត ដើម្បីឱ្យនាវាដឹកទំនិញធំៗនៅក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិច ប្រមាណ៩៣% អាចចូលចតបានដោយងាយស្រួល និងកាត់បន្ថយការចំណាយថវិកាច្រើន។

លោកបញ្ជាក់ថា «អ៊ីចឹងរដ្ឋាភិបាលខិតខំប្រឹងប្រែងរកថវិកាមកសាងសង់កំពង់ផែទឹកជ្រៅ ដែល៩៣%របស់នាវា ដែលធ្វើដំណើរនៅក្នុងតំបន់នាវាអាស៊ីប៉ាស៊ីហ្វិចយើងនេះ អាចធ្វើដំណើរត្រង់តែម្តង មិនបាច់ដាក់ទំនិញចុះនៅសិង្ហបុរីទេ ឬនៅហុងកុងទេ។»

ជាមួយគ្នានេះដែរ  ក្រសួងក៏កំពុងសិក្សា កំពង់ផែដែលមានជម្រៅទឹក១៧ ម៉ែត្រ ឬ១៧ម៉ែត្រកន្លះ មួយទីតាំងផ្សេងទៀតដែរ ដើម្បីឱ្យការដឹកជញ្ចូនទំនិញ​​​មានសមត្ថភាព ដឹកទំនិញត្រង់ ពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយមិនបាច់ឆ្លងកាត់ប្រទេសណាឡើយ។

លោក ស៊ុក កុលចិន្តា ជំនួយការលោក លូ គឹម ឈុន អគ្គនាយកំពង់ផែស្វ័យតក្រុងព្រះសីហនុ ធ្លាប់បានប្រាប់កាលពីពេលកន្លងមកថា  ​​​​​ចំណតផែកុងតឺន័រថ្មី​​ដែលមានជម្រៅ១៤.៥ម៉ែត្រ អាចដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។

លោកបានឱ្យដឹងទៀតថា នៅពេលដែលចំណតផែទឹកជ្រៅមួយនេះ សាងសង់រួចរាល់ និងជួយបង្កើន​​ប្រតិបត្តិការនាំចេញព្រមទាំងកាត់បន្ថយ​​​ការកកស្ទះទំនិញនៅកំពង់ផែ ដោយសារចំណតផែថ្មីនេះ អាចអនុញ្ញាតឱ្យនាវាខ្នាតធំដែលផ្ទុកចំណុះ៦ម៉ឺនតោន និងមានសមត្ថភាព៥ពាន់ TEU ចូលចតបាន ខណៈបច្ចុប្បន្ននេះកំពង់ផែស្វ័យតក្រុងព្រះសីហនុ មានសមត្ថភាពឱ្យនាវាចូលចត មានចំណុះតែជាង២ម៉ឺនតោន មានសមត្ថ ភាពជាង១ពាន់ TEU ប៉ុណ្ណោះ។

សូមជម្រាបថា ចំណតផែថ្មីកុងតឺន័រជម្រៅ ១៤.៥ ដែលនឹងគ្រោងសាងសង់នាពេលខាងមុខនេះ ​​មានប្រវែង ៣៥០ម៉ែត្រ ដោយចំណាយថវិកសាងសង់ប្រមាណ២០៣ លានដុល្លារអាមេរិក ដែលជាប្រាក់កម្ចីការប្រាក់ទាបពីទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន ហៅកាត់ថាJICA

តាមការសិក្សារបស់ JICA បានឱ្យដឹងថា សមត្ថភាពទីលានរបស់កំពង់ផែក្រុងព្រះ សីហនុបច្ចុប្បន្ន​​ អាចទទួល កុងតឺន័របានប្រមាណ ៧០ម៉ឺន TEU ក្នុងមួយឆ្នាំ។ តាម រយៈកំណើនប្រចាំឆ្នាំ​​ JICA ព្យាករណ៍ ថា បរិមាណ​​កុងតឺន័រឆ្លងកាត់នឹងកើន​​ឡើង​​រហូតដល់​​១លាន​​២៩ម៉ឺន TEU នៅឆ្នាំ២០២៣៕ 

អត្ថបទដោយ: Channita