បារាំងគ្រោងសាងសង់លំនៅឋានប្រើឈើយ៉ាងហោចណាស់ ៥០ ភាគរយ ចាប់ពីឆ្នាំ២០២០នេះតទៅ

បារាំងគ្រោងសាងសង់លំនៅឋានប្រើឈើយ៉ាងហោចណាស់ ៥០ ភាគរយ ចាប់ពីឆ្នាំ២០២០នេះតទៅ

បារាំង៖ ចាប់ពីឆ្នាំ២០២២ នេះតទៅ រដ្ឋាភិបាលបារាំង តម្រូវឱ្យគ្រប់សំណង់អគារថ្មីៗទាំងអស់ ត្រូវសាងសង់ពីឈើ ឬវត្ថុធាតុដើមពីឈើយ៉ាងហោចណាស់ ៥០ភាគរយ នៃគម្រោងទាំងមូល ដើម្បីធានានូវនិរន្តរភាពផ្សេងៗ ខណៈដែលខ្លួនកំពុងជំរុញការអភិវឌ្ឍទីក្រុង។

អាជ្ញាធរមូលដ្ឋាននៃទីក្រុងប៉ារីស បានសន្យារួចហើយថា ខ្លួននឹងប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិច្រើនជាងមុន ដូចជា ឈើ ចំបើង និងរុក្ខជាតិនានា ហើយអគារណាដែលខ្ពស់ជាង ៨ ជាន់ សាងសង់សម្រាប់ការប្រកួតកីឡា​អូឡាំពិកប៉ារីសឆ្នាំ២០២៤ ត្រូវតែធ្វើពីឈើទាំងស្រុង។

លោក Julien Denormandie រដ្ឋមន្រ្តីទីក្រុង និងលំនៅឋាន បានមានប្រសាសន៍ថា៖«ប្រសិនបើអាចទៅរួច សម្រាប់ការប្រកួតកីឡាអូឡាំពិកខាងមុខនេះ យើងគួរតែអាចសាងសង់សំណង់ពីឈើឲ្យបានសម្រាប់អគារធម្មតា”។ ខ្ញុំកំពុងដាក់សំណើរទៅស្ថាប័នសាធារណៈទាំងអស់ ដែលគ្រប់គ្រងគម្រោងទាំងអស់ ដើម្បីសាងសង់អគាររបស់ពួកគេ ជាមួយនឹងសម្ភារៈ ដែលមានឈើយ៉ាងហោចណាស់ ៥០ភាគរយ ឬសម្ភារៈជីវឧស្ម័នផ្សេងទៀត»

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យបង្កើតកសិដ្ឋានទីក្រុងចំនួន ១០០ ដោយ ៣០ ដំបូងត្រូវបានជ្រើសរើសនៅរដូវក្តៅនេះ។  លោកបានមានប្រសាសន៍ថា៖«ក្នុងនាមជាថ្នាក់ដឹកនាំ ខ្ញុំផ្តោតសំខាន់ទៅលើអ្វីដែលមាននៅក្នុងស្រុក ជាសមិទ្ធផលរបស់ប្រជាពលរដ្ឋរបស់ខ្ញុំ ជាជាងនាំចូលតាមយន្តហោះ»

លោក ក៏បានប្រកាសពីគោលបំណងទីក្រុងកាបូនទាប ដែលអាចសម្របខ្លួនទៅនឹងរលកកំដៅ និងទឹកជំនន់។ គម្រោងនេះ នឹងពាក់ព័ន្ធនឹងការកសាង «តំបន់សង្កាត់អេកូ» ចំនួន ៩០  ដែលត្រូវបានរៀបចំឡើងដោយស្ថាប័នថ្មីមួយឈ្មោះថា «France Ville Durable» ដែលដឹកនាំដោយលោក Patrice Vergriete ជាអភិបាលក្រុង Dunkirk

សូមជម្រាបថា នៅឆ្នាំ ២០១៦ ទីក្រុង Bordeaux ត្រូវបានប្រកាសថា ជាទីក្រុងដំបូងគេបង្អស់របស់ប្រទេសបារាំង ដែលបានប្រើប្រាស់ឈើ មកសាងសង់អគារ។ អគារ Hyperion  មានកម្ពស់ ៥០ម៉ែត្រ ៥៧ម៉ែត្រ។ អគារទាំងនោះ ត្រូវបានបង្កើតឡើងដោយ Bordeaux Euratlantique ដែលជាស្ថាប័នសាធារណៈ ក្នុងការចូលរួមធ្វើទំនើបកម្មទីក្រុង។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ នេះ៕

អត្ថបទដោយ: Rath