កត្តាអ្វីធ្វើឱ្យវិស័យអចលនទ្រព្យខេត្តព្រះសីហនុឡើងថ្លៃកប់ពពក?

កត្តាអ្វីធ្វើឱ្យវិស័យអចលនទ្រព្យខេត្តព្រះសីហនុឡើងថ្លៃកប់ពពក?
ស្របពេលទេសចរបរទេស ចូលទៅទស្សនាឆ្នេរសមុទ្រក្រុងកំពង់សោម កាន់តែច្រើនឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុង ក្រោយនេះ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅទីនោះ មានតម្លៃខ្ពស់កាន់តែខ្ពស់ខ្លាំងឡើងៗលើសពីការរំពឹងទុក។ លោកឧកញ៉ា ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល ដែលជាក្រុមហ៊ុនតំណាងលក់ផ្តាច់មុខ គម្រោង ខុនដូរ The Seagate Suite ដែលមានកំពស់ខ្ពស់ជាងគេនៅខេត្តព្រះសីហនុមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃដីធ្លី សំណង់ផ្ទះ ល្វែង អគារផ្ទះសំណាក់ សណ្ឋា​គារ​​នៅទីនោះ ពិតជាឡើងថ្លៃគួរឱ្យកត់សម្គាល់ហួសពីការរំពឹងទុក របស់អ្នកវិនិយោគវិស័យ អចលនទ្រព្យនេះពិតប្រាកដមែន។   លោកថាមានកត្តាធំៗចំនួន3 ដែលជំរុញឱ្យវិស័យអចលនទ្រព្យទីនោះ បានឡើងថ្លៃខ្ពស់ខ្លាំងនៅរយៈប៉ុន្មានឆ្នាំចុងក្រោយ នេះ គឺ1. ដោយសាររដ្ឋាភិបាលបានបង្កើតតំបន់នោះទៅជាតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើឱ្យចលនាទិញលក់ដី មាន សកម្មភាពកើនឡើង ទី2. ខេត្តព្រះសីហនុ មានភាពអំណោយផលក្នុងវិស័យដឹកជញ្ជូន ពោលគឺមានកំពង់ផែសមុទ្រមាន ទឹកជ្រៅ ដែលងាយស្រួលក្នុងការដឹកទំនិញចេញចូលក្នុងនិងក្រៅប្រទេស ហើយលើសពីនេះរដ្ឋាភិបាលចិន បានផ្តល់ជំនួយ​សាងសង់ផ្លូវល្បឿនលឿនពីខេត្តព្រះសហនុ មកកាន់រាជធានីភ្នំពេញ ងាយស្រួលក្នុងការដឹកជញ្ជូនចំណាយលុយតិច ចំណេញ​ពេលវេលា លើសពីនេះកំពង់សោមមានផ្លូវរថភ្លើងងាយស្រួលសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗ។ ចំណែកចំណុចទី3. ខេត្តព្រះស៊ីហនុគឺជាខេត្តដែលមានឆ្នេរល្អមួយ ក្នុងចំណោមឆ្នេរល្អស្អាតនៅលើពិភពលោក ដែលមាន​ទេសចរជាតិនិងអន្តរជាតិ ចូលទៅលេងទីនោះច្រើនជាងខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដូចដែលយើងដឹងហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកទេសចរទៅលេងទីនោះកាន់តែច្រើន ដែលជំរុញឱ្យវិស័យដីធ្លី និងវិស័យសំណង់នៅទីនោះ​រីកចម្រើនឆាប់រហ័សផងដែរ។ ពិសេសនៅរយៈពេលចុងក្រោយនេះ កំណើនភ្ញៀវទេសចរចិន បានសម្រុកចូលទៅរស់នៅ បណ្តាក់ទុនរកស៊ីទីនោះកាន់តែច្រើនឡើងៗ សូម្បីផ្ទះសំណាក់ សណ្ឋាគារ វីឡា កាស៊ីណូ បានធ្វើឱ្យដីទាំងជួល​ទាំងលក់​កើន​ថ្លៃឡើងឥតឈប់ឈរ។ លោកថាការកើនឡើងថ្លៃខ្ពស់ខ្លាំងកប់ពពក ដូចជាតំបន់អូត្រេះ កាលពីឆ្នាំមុនមានតម្លៃ70$-80$​ក្នុងមួយម៉ែត្រការ៉េ ដល់បច្ចុប្បន្នឡើងថ្លៃជាង300$ ហើយម្តុំតោពីរពីមុនយើងអាចទិញបានក្នុងតម្លៃ700$-800$ ដល់បច្ចុប្បន្ន​ឡើង​ដល់​ជាង2,000$ ក្នុងមួយម៉ែត្រការ៉េឯណោះ។ លោកថា នេះជាករណីព្រួយបារម្មណ៍ផងដែរមិនមែនថាឡើងថ្លៃនោះសុទ្ឋតែល្អទេ តែជួន​កាលជាចំណុចព្រួយបារម្មណ៍ សម្រាប់ប្រជាពលរដ្ឋយើងដែរ «ជាធម្មតាយើងដឹងហើយថា ប្រ​ជាជនចិនគាត់មក គាត់ធ្វើការវិនិយោគវាល្អសម្រាប់អ្នកមាន ដីធំៗ ដែលគាត់បានទិញទុកនៅពេលវាធូថ្លៃ ដល់ពេលឥឡូវនេះវាត្រូវប៉ាន់ហើយ សម្រាប់ប្រជាពលរដ្ឋគាត់បានជួលផ្ទះមួយ ចំនួន ប៉ុន្តែការរកស៊ីរកស៊ីទទួលទានរបស់ពលរដ្ឋនឹងសូវបានល្អទេ ដោយសារចិនបើកសណ្ឋាគារទីនោះដែរ ដូច្នេះពេល គេ មកគឺស្នាក់នៅសណ្ឋាគាររបស់ពួកគេហើយ »។ លោកថា ករណីនេះបង្ករឱ្យចំណូលពលរដ្ឋធ្លាក់ចុះមួយចំនួន រីឯការសាងសង់របស់អ្នកវិនិយោគជនជាតិចិន ក៍មិនបាន អនុលោមទៅតាមប្លង់គោល របស់រដ្ឋបាលសាលាខេត្តព្រះសីហនុដែរដែលភាគច្រើន ការសាងសង់ធ្វើទៅតាមការចង់បាន របស់អ្នកវិនិយោគ ធ្វើឱ្យការរស់នៅក្នុងមូលដ្ឋានជួបការលំបាកផងដែរ ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ ដើម្បីឱ្យការ អភិវឌ្ឍន៍បានផលចំណេញទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។​ ចំណែកលោកស្រី តាំង ហួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យអមតៈ (AMATAK) មានប្រសាសន៍ដែរ ការឡើងថ្លៃវិស័យអចលន ទ្រព្យ ទីនោះ ដោយសារក្រុមអ្នកវិនិយោគចិនបានសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សំណង់អគារខ្ពស់ៗ នៅទីនោះ ដែលជាចំណែកក្នុងការចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចពលរដ្ឋនៅក្នុងតំបន់ តាមរយៈការ ផ្តល់ការងារផ្សេងៗ «ជាធម្មតាទីណាមានអ្នកវិនិយោគចិនទៅច្រើន ទីនោះតែងមានការអភិវឌ្ឍន៍ឆាប់រហ័ស ដូចជា សឹង្ហបូរី ហុងកុង ម៉ាកាវ និងអាមេរិកជាដើម ពេលដែលចិនចូលទៅអភិវឌ្ឍន៍ទីនោះ គឺសេដ្ឋកិច្ចប្រទេសទាំងនោះមាន​ការរីកចំរើន​ឆាប់រហ័សខ្លាំង»។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្នអាគារស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូមានការរីកដុះដាលយ៉ាងខ្លាំងនៅខេត្តមាត់​សមុទ្រ ខណៈដែលទេសចរជាតិនិងអន្តរជាតិ ចូលទៅកម្សាន្តនៅតំបន់មាត់ សមុទ្រកាន់តែច្រើនឡើងៗ។ ប៉ុន្តែយ៉ាងណានោះតម្លៃដីមានសន្ទុះខ្លាំងនៅតំបន់ក្នុងក្រុង និងហៀរចេញមកចេញមកតាមបណ្តោយផ្លូវជាតិលេខ4ប៉ុណ្ណោះ ចំណែកដីនៅក្រៅក្រុងមិនសូវមានសន្ទុះឡើងថ្លៃខ្ពស់នោះទេ។ យ៉ាងណានោះ លោកស្រីអំពាវនាវដល់អាជ្ញាធរខេត្ត ត្រូវមាន​គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ប្រព័ន្ឋលូ ឱ្យបានល្អប្រសើរជាមុន មុននឹងកំណើនប្រជាពលរដ្ឋចូលទៅ​រស់នៅកាន់​តែច្រើនឡើងៗ ជៀសវាងកកស្ទះកើតឡើងនៅពេលអនាគត៕
អត្ថបទដោយ: Medikan