រដ្ឋបាលខេត្តព្រះសីហនុប្រកាសបិទសណ្ឋាគារមួយទប់ស្កាត់មេរោគកូវីដ១៩

រដ្ឋបាលខេត្តព្រះសីហនុប្រកាសបិទសណ្ឋាគារមួយទប់ស្កាត់មេរោគកូវីដ១៩

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងបញ្ជាក់ថា រដ្ឋបាលខេត្តមិនបានបិទទីក្រុងនោះទេ គឺបិទត្រឹមសណ្ឋាគារមួយប៉ុណ្ណោះ ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូវីដ១៩។ បន្ថែមលើនេះរដ្ឋបាលខេត្ត ក៏បានត្រៀមអគារព្យាបាល ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងសណ្ឋាគារចំនួន ២កន្លែង ផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

អភិបាលខេត្តព្រះសីហនុបានថ្លែងអះអាង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នាព្រឹកថ្ងៃទី២៣ ខែមីនានេះថា ក្រោយកិច្ចប្រជុំបន្ទាន់នេះបញ្ចប់ រដ្ឋបាលខេត្តនឹងចាត់វិធានការសំខាន់ៗមួយចំនួន ដោះស្រាយបញ្ហាប្រឈមទប់កុំឱ្យមានអ្នកឆ្លងមេរោគកូវីដ១៩បន្ថែម តែព្រះសីហនុនឹងមិនបិទក្រុងទាំងមូល ត្រឹមតែដោះស្រាយបញ្ហាមួយនេះឡើយ។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ព្រះសីហនុបានត្រៀមអគារព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមាន២១បន្ទប់ មានគ្រែសរុបចំនួន ៤២ សម្រាប់អ្នកជំងឺសម្រាក និងសណ្ឋាគារ ២កន្លែង ដែលមានបន្ទប់រហូតចំនួន ១០៦ មានគ្រែសរុបចំនួន២០២ សម្រាប់ដោះស្រាយបញ្ហារួចរាល់ហើយ។ បន្ទប់សម្រាកសម្រាប់អ្នកជំងឺសរុប ១២៧បន្ទប់ ហើយមានគ្រែសរុបរហូតចំនួន ២៤៤ បានរៀបចំត្រៀមជាស្រេច ទុកឱ្យអ្នកជំងឺសម្រាកព្យាបាល ថែទាំសុខភាព រហូតជាសះស្បើយពីមេរោគកូវីដ១៩។

លោក គួច ចំរើន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នអ្នកផ្ទុកមេរោគកូវីដ១៩ ទាំង៣២នាក់ ត្រូវអជ្ញាធរខេត្តដាក់ឱ្យសម្រាកព្យាបាលតាមបន្ទប់ ដាច់ដោយឡែកពីគ្នា នៅឯសណ្ឋាគារមួយ ដែលមានគ្រូពេទ្យជំនាញនៅប្រចាំការ តាមដានពីអាការៈជំងឺ ហើយព្យាបាល ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចពង្រាយចាំការពារតឹងរ៉ឹង មិនឲ្យមានការចេញចូលដោយសេរី គ្មានការអនុញ្ញាតនោះឡើយ។

ចំពោះប្រជាពលរដ្ឋ និងពលករទើបត្រឡប់មកពីប្រទេសថៃថ្មីៗនេះ អជ្ញាធរខេត្តសំណូមពរ សូមពួកគាត់ នៅដាច់ដោយឡែកពីក្រុមគ្រួសារ សាច់ញាតិរបស់ខ្លួន រយៈពេល ១៤ថ្ងៃ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគបន្ថែមទៀត។ ករណីសង្ស័យមានកូវីដ១៩ សូមរាយការណ៍បន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាពនានា ឬទំនាក់ទំនងលេខទូរស័ព្ទពិសេស ដែលអជ្ញាធរខេត្តបានផ្តល់ឱ្យ។

លោក គួច ចំរើន បានរៀបរាប់ថា ៖ «ប្រសិនបើគ្មានការចាំបាច់ទេ ប្រជាពលរដ្ឋគ្រប់រូបគួរតែនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជំងឺកូវីដ១៩។ លើកលែងតែអ្នកដែលមានការចាំបាច់។ ហើយក្រៅពីនេះ មន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេ គឺមិនបាច់ជួបជុំគ្នាទេ នាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។ សូមណែនាំឱ្យមន្ត្រីយើងទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខសម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណា ដែលយើងដឹងថាគាត់ មានការសង្ស័យ ឬពាក់ព័ន្ធនឹងអ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន»។

តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិ​បាល បានបញ្ជាក់​ថា ​ក្រសួងបាន​រក​ឃើញ​អ្នកជំងឺ​ COVID-19 ​ក្នុង​ប្រទេស​កម្ពុជាចំនួន៨៦ករណី គិត​ត្រឹមរសៀល​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០​៕

អត្ថបទដោយ: Pisey