កម្ពុជាបណ្តុះបណ្តាលបានអ្នកជំនាញផ្នែកដីធ្លីចំនួន៣២៩នាក់

កម្ពុជាបណ្តុះបណ្តាលបានអ្នកជំនាញផ្នែកដីធ្លីចំនួន៣២៩នាក់
យោងតាមសេចក្តីប្រកាសព័ត៍មានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៧ ក្រសួងមួយនេះ បានប្រគល់សញ្ញាបត្រ និងបញ្ញាបត្ររងជំនាញសុរិយោដី និងរៀបចំដែនដី ដល់សិក្ខាកាមនៃសាលា បណ្ដុះ បណ្ដាលវិជ្ជាជីវៈរបស់ខ្លួន ចំនួន ១១៦រូប នៅទីស្ដីការក្រសួង។ ចាប់តាំងពីបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាំងពីឆ្នាំ២០១១មក សិក្ខាកាមសរុប ចំនួន ៣២៩នាក់បានទទួលការ​បណ្តុះ​បណ្តាលជំនាញ​ ​សុរិយោដី និង រៀបចំដែនដី ដែលនឹងក្លាយជាធនធានដ៏សំខាន់​ដើម្បី​បីរួមចំណែករៀបចំដែនដី​និង នគរូបនីយកម្មនៅទូទាំងប្រទេសកម្ពុជា។ លោក ឃិន ឡុងហេង នាយកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតឡើង​នៅឆ្នាំ២០១១ ដោយគិតពីពេលចាប់ផ្ដើម សាលាបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបចំនួន ៣២៩រូប ស្រី ៣១រូប ក្នុងនោះ ជំនាញសុរិយោដី ចំនួន ២៧៣រូប ស្រី២៩រូប និងជំនាញរៀបចំដែនដី ចំនួន ៥៦រូប ស្រី ០២រូប។ ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងនូវ​ការ​អបអរ​សាទរដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ នៅក្នុងវគ្គបណ្ដុះបណ្ដាល បរិញ្ញា​បត្ររងជំនាញសុរិយោដី និងរៀបចំដែនដី និងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ដែលបាន​ឆ្លៀតឱកាសពីការងារនាំយកបទពិសោធន៍ដែលខ្លួនមានទៅបង្ហាត់បង្រៀនសិក្ខាកាមបន្ថែម រហូតទទួលបានលទ្ធផល​ជោគ​ជ័យ​នាពេលនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ត្រូវ (១). ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបាន​ល្អប្រសើរ ដោយត្រូវសម្រួលឥរិយាបទទាំងកាយវិកា និងពាក្យសម្ដី ដោយធ្វើយ៉ាងឱ្យពួកគាត់មានភាពកក់ក្ដៅ និងចងចាំ​ជានិច្ចចំពោះទង្វើល្អរបស់មន្រ្តីយើង ដែលបានផ្ដល់ជូនគាត់ ព្រមទាំងផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់របស់ពួកគាត់​មកលើ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (២). ជួយតាមដានផែនការដែលក្រសួងបានដាក់ចុះទាំង ១៩ចំណុច នៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និង​លើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងកាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ដោយចូលរួមចំណែកជាមួយ​ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ទៅតាមជំនាញរបស់ខ្លួនដែលបានសិក្សាបញ្ចប់នានេះ។ (៣). បង្កើនសាមគ្គីភាពផ្ទៃក្នុង ជាពិសេសពេលមានបញ្ហាអ្វីមួយកើតឡើង ត្រូវប្រជុំពិភាក្សា និងរួមគ្នារកដំណោះស្រាយ និង (៤). ខិតខំជួយពូនជ្រុំ ដើម្បីគាំទ្រគោលនយោបាយរបសរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសគោល​នយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍប្រទេសជាតិយើងនៅនីតិកាលទី៦ ឱ្យរីកចម្រើនបន្ថែមទៀត។  
អត្ថបទដោយ: Vutha