ផ្សារធំៗនៅថៃត្រៀមបើកឡើងវិញ បន្ទាប់ពីត្រូវបានបិទកាលពីខែមីនាកន្លងមក

ផ្សារធំៗនៅថៃត្រៀមបើកឡើងវិញ បន្ទាប់ពីត្រូវបានបិទកាលពីខែមីនាកន្លងមក

ថៃ៖ ក្រុមហ៊ុន Central Group បានត្រៀមបើកដំណើរការផ្សារទំនើបរបស់ខ្លួនឡើងវិញនៅថ្ងៃទី ១ ខែឧសភា ប្រសិនបើរដ្ឋាភិបាលផ្តល់ភ្លើងខៀវឲ្យបើកឡើងវិញបន្ទាប់ពីផ្សារទំនើបទាំងអស់ត្រូវបានបិទតាំងពីថ្ងៃទី២២ ខែមីនា កន្លងមក។

តាមការចុះផ្សាយរបស់ The Nation Thailand បានឲ្យដឹងថាក្រឹត្យបន្ទាន់មួយចែងថាផ្សារទំនើបត្រូវតែបិទរហូតដល់ថ្ងៃទី ៣០ ខែមេសា ហើយប្រធានក្រុមហ៊ុនខាងលើបាននិយាយថាខ្លួនកំពុងរង់ចាំសេចក្តីប្រកាសថ្មី ដែលជាវិធានការរបស់រដ្ឋាភិបាលថៃ។

ការប្រកាសបិទផ្សារទំនើបទាំងអស់នៅក្នុងក្រុងបាងកក របស់អជ្ញាធរថៃបានធ្វើឡើងបន្ទាប់ពីមានការ  ផ្ទុះឡើងនៃវីរុសកូវីដ១៩ ក្នុងនោះក្រៅពីបិទផ្សារទំនើប ក៏មានសាលារៀន ក្លឹមហាត់ប្រាណ រោងភាពយន្ត និងប្រជាជនត្រូវបានហា​មទៅកន្លែងសាធារណៈផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២.៤០៦.៨២៣ នាក់ហើយ ដោយក្នុងនោះអ្នកជំងឺដែលបានបាត់បង់ជីវិតមានចំនួន ១៦៥.០៥៤នាក់ និងជាសះស្បើយឡើងវិញ ៦២៤.៩៧៤នាក់ នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២១០៕

អត្ថបទដោយ: Nary