ស្ថាបត្យករដ៍ល្បីបំផុតនិងដំបូងបំផុតរបស់ខ្មែរ លោក វណ្ណ មូលីវណ្ណ បានលាចាកលោកទៅ កាលកាលពីវេលាម៉ោង09និង45នាទី ថ្ងៃទី28ខែកញ្ញា ឆ្នាំ2017 ក្នុងជន្មាយុ91ឆ្នាំ ដោយជរាពាធ។ បើទោះបីជា លោកបានលាចាកលោកទៅហើយ ប៉ុន្តែតាមរយៈសំណង់ស្ថាបត្យកម្មធំៗដែលជាស្នាដៃរបស់លោក បានធ្វើឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបមិនអាចបំភ្លេចបានឡើយ។ តើសំណង់អ្វីខ្លះដែលលោកបន្សល់មកទល់សព្វថ្ងៃ?
គ្រប់ៗគ្នាបានដឹងថា លោក វណ្ណ-មូលីវណ្ណ ចាប់កំណើតនៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ1926 នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ1944 ហើយលោកបានទទួលអាហារូបករណ៍ ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងឆ្នាំ1946។
បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ នៅទីនោះលោកបានសិក្សានៅ Architect Studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំណេះដឹងនិងទេពកោសល្យដ៍ប៉ិនប្រសប់។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ1955។ មួយឆ្នាំក្រោយមក ក៏ត្រូវបានតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។
រហូតដល់អំឡងទសវត្សរ៍60 និង 70 លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះស្នាដៃរបស់លោកឈរយ៉ាងសង្ហាប្រដុំដោយសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះគេស្គាល់ថាជា
យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខអាគារគណរដ្ឋមន្ត្រីនិងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ1962 លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្ស 60,000 នាក់ ដែលនោះគឺជាពហុកីឡាដ្ឋានដែលគេឱ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជាមកទល់បច្ចប្បន្ន។ ដំបូងឡើយត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឱ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ1963 តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ1964 អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើន។
នៅឆ្នាំ 1962 ដដែលនោះ លោកក៏បានស្ថាបនាសាលមហោស្រពជាតិ ព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាង ជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យដែលជាទីដ៏សំខាន់មួយ បង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុង នៅឆ្នាំ1963 ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឆ្នាំ1970 សម័យសង្គមរាស្ត្រនិយម ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ 1972 លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។ លោកបានធ្វើការឱ្យ UN Human Settlements Program រយៈពេល10ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ1991។
លោក វណ្ណ ម៉ូលីវណ្ណ ក៏ធ្លាប់ធ្វើជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកនគរូបនីយកម្មនិងសំណង់ និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ កាលពីជំនាន់អតីតរដ្ឋកម្ពុជា បន្ទាប់ពីលោកនិងក្រុមគ្រួសារ ដែលភរិយារបស់លោកជាជនជាតិស្វីស បានវិលត្រលប់ចូលប្រទេសកម្ពុជាវិញ កាលពីឆ្នាំ1991។ ក្រៅពីទទួលបានការកោតសរសើរ នូវស្នាដៃនិងទេពកោសល្យស្ថាបត្យកម្មគ្មានពីរថ្នាក់ជាតិហើយលោក វណ្ណ ម៉ូលីវណ្ណ ក៏បានឈ្នះផងដែរនូវរង្វាន់ Nikkei អាស៊ី នៅឆ្នាំ2013 និងរង្វាន់កិត្តិយសផ្នែកស្ថាបត្យកម្មមួយចំនួនទៀត៕