ពន្ធលើអចលនទ្រព្យត្រូវបង់នៅពេលណា ហើយអត្រាពន្ធចំនួនប៉ុន្មាន?

ពន្ធលើអចលនទ្រព្យត្រូវបង់នៅពេលណា ហើយអត្រាពន្ធចំនួនប៉ុន្មាន?

ភ្នំពេញ៖ ពន្ធអចលនទ្រព្យ ត្រូវបានរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលក្នុងមួយឆ្នាំម្តង ពីម្ចាស់ដីធ្លី ផ្ទះ សំណង់ អគារនានា និងពន្ធពីការជួលអគារជាដើម។ 

ពន្ធលើអចលនទ្រព្យនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ និងបានដាក់ឱ្យអនុ​វត្តនៅឆ្នាំ២០១១ ដែលត្រូវប្រមូលប្រចាំឆ្នាំ ដោយធ្វើទៅលើតែអចលនទ្រព្យ ដែលស្ថិតនៅក្រោមខណ្ឌនៃរាជធានីភ្នំពេញ និងរដ្ឋបាលក្រុងនៃបណ្តាខេត្តនានា មានអត្រា ០,១%​ នៃតម្លៃដែលកំណត់ដោយគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងច្បាប់ពន្ធដារ ពាក្យថា «អចលនទ្រព្យ» មិនមែនកំណត់ត្រឹមតែដីប៉ុណ្ណោះទេ តែ​ក៏រួមបញ្ចូលទាំងផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះផងដែរ។អច​លនវត្ថុទាំងអស់ត្រូវគិតពន្ធប្រចាំឆ្នាំតាមអត្រា ០,១% តាមតម្លៃទីផ្សារ។

នៅពេលធ្វើការផ្ទេរអចលនទ្រព្យទៅកាន់នរណាម្នាក់ អត្រាពន្ធ ៤% ត្រូវអនុវត្តចំពោះការចុះបញ្ជីអចលនទ្រព្យ ដែលរួមបញ្ចូលទាំងការផ្ទេរកម្មសិទ្ធិលើអគារ ខុនដូ និងសំណង់​ផ្សេងទៀត។

លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យថ្លែងក្នុងកម្មវិធីកិច្ចសន្ទនាស្តីពីពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារថា ពន្ធលើអចលនទ្រព្យនេះ ត្រូវ​បង់ជារៀងរាល់ឆ្នាំ គឺចាប់ថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា បានន័យថា ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចស្វ័យប្រកាសពន្ធលើរដ្ឋបាលសារពើពន្ធ។ ករណីនេះ បើសិនជាម្ចាស់អចលនទ្រព្យទាំងអស់ មានការយឺតយ៉ាវ គឺត្រូវរងការផាកពិន័យ ឬទោសទណ្ឌតាមបទប្បញ្ញត្តិជាធរមាន។

ទាក់ទងនឹងការបង់ពន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យវិញ លោក រស់ វណ្ណារ៉ា អគ្គនាយក នៃក្រុមហ៊ុន DAS Accounting Firm  បានលើកឡើងផងដែរថា ចំពោះការបង់ពន្ធយឺតយ៉ាវ របស់ម្ចាស់អចលនទ្រព្យ ឬម្ចាស់ក្រុមហ៊ុន (ទិញ-លក់អចលនទ្រព្យ) នឹងត្រូវទទួលរងការពិន័យលើទឹកប្រាក់ពី ១០ភាគរយ  ២៥ភាគរយ និង ៤០ភាគរយ ទៅតាមកំហុសជាក់ស្តែង។ ក្រៅពីរងការផាកពិន័យហើយ គឺពន្ធដារ នឹងគិតការប្រាក់ ២% ក្នុង ១ខែ ដោយរាប់ចាប់តាំងពីពេល ដែលមិនបានបង់ពន្ធ។

លោកថា ចំពោះអចលនទ្រព្យ នៅពេលលក់ម្តងៗ ទឹកលុយធំៗ ដូច្នេះនៅពេលចេញវិក្ក័យបត្រយកទៅបង់ពន្ធក៏ច្រើនទៅតាមទំហំចំណូលនោះផងដែរ គឺ ១% នៃចំណូលសរុប។ ចំណែក ក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ ភាគច្រើនចំណូល គឺទទួលបានភាគរយពីការលក់ ៣% នៃតម្លៃសរុប។

លោក វណ្ណារ៉ា បន្ថែមថា៖« ចំពោះការបង់ពន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យមិនខុសគ្នាពីវិស័យ​សំណង់នោះទេ គឺមានដំណើរការ ៤ធំៗ រួមមាន ទី១) ការបង់ពន្ធលើប្រាក់​ខែ ​ ទី២​) ពន្ធអាករលើតម្លៃបន្ថែម (Value Added Tax) ទី៣) ពន្ធទៅលើប្រាក់រំដោះពន្ធ១​ភា​គ​​​រយ និង ៤)ពន្ធកាត់ទុក។

អ្នកជំនាញផ្នែកពន្ធដាររូបនេះ បញ្ជាក់ថា៖«បើសិនជាម្ចាស់អចលនទ្រព្យ ឬក៏ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ធ្វើទៅតាមច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ គឺបង់ពន្ធតិចណាស់។ ប៉ុន្តែបើយើងលាក់មិនបង់ពន្ធទៀងទាត់ នៅពេលគេចាប់បាន គឺច្រើនណាស់ បើគិតលើការប្រាក់ ២% ក្នុង ១ខែ»។

យ៉ាងណាមិញ លោក កែន សម្បត្តិ បានបញ្ជាក់ថា ចំពោះអចលនទ្រព្យណា ដែលមានការកែប្រែ (Update) ពោលគឺមានដី ហើយបានសង់អគារបន្ថែម ឬក៏វ៉ៃអគារចេញពីលើដីនោះ ត្រូវធ្វើការជូនដំណឹងមកខាងពន្ធដារ ដើម្បីរៀបចំលិខិតប្រកាសពន្ធថ្មី ជៀសវាងពីការបង់ពន្ធខ្ពស់ ឬរងការពិន័យពីរដ្ឋបាលសារពើពន្ធ។

ក្នុងករណីមានការផ្ទេរអចលនទ្រព្យទៅកាន់សាច់ញ្ញាតិ នៅពេលនោះ មន្ដ្រីពន្ធ នឹងពិនិត្យមើលទៅលើឯកសារទាំងអស់ បើសិនជាមិនទាន់បានបង់ពន្ធណាមួយ គឺត្រូវតម្រូវឱ្យចាប់បង់ក្នុងឱកាសនោះតែម្តង។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល ១១ខែក្នុងឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណ ២ ៦៣១ លានដុល្លារអាមេរិក ស្មើនឹង ១១៥.០០% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ឃើញថាចំណូលពន្ធអាករសម្រាប់រយៈពេល ១១ខែក្នុងឆ្នាំ២០១៨ កើនឡើង ចំនួន ៥៧០.៤៦លានដុល្លារអាមេរិក ស្មើនឹង ២៧.៦៨%៕

អត្ថបទដោយ: Sreyluch