ស្ថាបត្យកម្មជាភ័ស្ដុតាងបង្ហាញពីភាពខ្លាំងនិងខ្សោយរបស់សម័យកាលនីមួយៗ តាមរយៈសំណង់អគារដែលនៅសេសសល់

ភ្នំពេញ៖ វិស័យស្ថាបត្យកម្មជាភ័ស្ដុតាងអាចសបញ្ជាក់ពីភាពខ្លាំងឬខ្សោយនៃសម័យកាលនីមួយៗបានតាមរយៈសំណង់អគារដែលនៅសេសសល់ ដូចជានៅសម័យអង្គរ ដូច្នេះស្ថាបត្យករខ្មែរទាំងអស់ត្រូវតែខិតខំស្វែងរកអ្វីដែលថ្មីសម្រាប់បន្សល់ទុកឲ្យអ្នកជំនាន់ក្រោយតទៅទៀត។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) បានថ្លែងប្រាប់ KHB Media ថា វិស័យស្ថាបត្យកម្ម គឺជាភ័ស្ដុតាងដ៏សំខាន់ សម្រាប់បញ្ជាក់ពីសម័យកាលនីមួយៗ ហើយភាពរុងរឿងឬអន់ខ្សោយយ៉ាងណានោះគឺគេអាចសន្មតតាមរយៈសំណង់អាគារដែលនៅសេសសល់។
លោកសុជាតិបញ្ជាក់ថា៖«ជាក់ស្ដែង កាលពីសម័យអង្គរវានៅសេសសល់អង្គរអ៊ីចឹងគេអាចដឹងថា សម័យអង្គររុងរឿងយ៉ាងណាក្រោយមកយើងមានសម័យបារាំងស្ថាបត្យករបារាំង ហើយក៏មានសម័យកាលក្រោយមកទៀត គឺសម័យលោកតា វណ្ណ ម៉ូលីវណ្ណ ដែលក្រុមគាត់បានបង្កើតសំណង់ល្អៗបន្សល់ទុកមកដល់សព្វថ្ងៃហ្នឹង គឺតាមរយៈស្នាដៃហ្នឹងគេអាចដឹងពីវប្បធម៌ អរិយធម៌របស់ប្រទេសហ្នឹងរីកចម្រើនរបៀបណា»។
លោកបន្តថា ស្ថាបត្យករជំនាន់ក្រោយៗ ត្រូវតែចាប់អារម្មណ៍ឲ្យបានច្រើនទៅលើវិស័យស្ថាបត្យកម្មតាមសម័យកាលរបស់ខ្លួន ព្រោះសម័យកាលនេះកំពុងមានការប្រកួតប្រជែងនៅលើទីផ្សារដែលមិនគិតពីផលវិបាកនៅថ្ងៃអនាគត ហើយវាអាចធ្វើឲ្យតម្លៃស្ថាបត្យកម្មធ្លាក់ចុះ។
លោក សុជាតិ បញ្ជាក់ថា៖«ពលរដ្ឋយើងមួយចំនួនហ្នឹងគឺគាត់អត់ទាន់យល់ថាស្ថាបត្យករធ្វើអី? ដល់អ៊ីចឹងគាត់គិតថា គាត់ចង់ធ្វើអគារមួយគាត់ទៅយកស្ថាបត្យករថោកៗ អន់ៗមកធ្វើឲ្យគាត់ ដល់ពេលធ្វើហើយអត់ល្អគាត់ថា ខ្មែរអន់អ៊ីចឹង ប៉ុន្ដែគាត់ទៅរើសយកតែអ្នកអន់អ្នកថោកមកធ្វើឲ្យគាត់គេអ្នកធ្វើត្រឹមត្រូវអត់រើសយកគេទេដល់រើសបានអ្នកថោកដល់ធ្វើទៅអត់ល្អគាត់ថាខ្មែរអន់ទាំងអស់គ្នា»។
លោកបន្ថែមថា ស្ថាបត្យករខ្លួនឯងក៏ត្រូវតែពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះសព្វថ្ងៃមានបច្ចេកវិទ្យាច្រើនណាស់សម្រាប់ស្រាវជ្រាវ ហើយព្យាយាមធ្វើតាមច្បាប់ទម្លាប់ប្រទេសគោរពវិជ្ជាជីវៈ ម្យ៉ាងវិញទៀតរដ្ឋាភិបាលក៏ត្រូវចងក្រងច្បាប់ទម្លាប់បន្ថែមទៀតផងដែរ។
«បើយើងគិតថានៅខ្វះចន្លោះគួរនាំគ្នាធ្វើនិងពង្រឹងទាំងអស់គ្នា ទើបវាមានប្រសិទ្ធភាពបើមិនអ៊ីចឹងទេវានឹងប្រឈមបញ្ហាហ្នឹងយូរអង្វែងថែមទៀតហើយដឹងស្រាប់ហើយគឺសម័យនេះវារីកចម្រើនខ្លាំងណាស់មានអគារធំច្រើនណាស់បើយើងមិនព្រមយកចិត្តទុកដាក់ទេគឺប្រយ័ត្នគ្មានភ័ស្ដុតាងអ្វីសម្រាប់អ៊ួតក្មេងៗជំនាន់ក្រោយក៏គ្មានអ្វីកំណត់អត្តសញ្ញាណសម័យហ្នឹងអាហ្នឹងគឺជាចំណុចដែលគួរឲ្យបារម្ភ»។ បើតាមប្រសាសន៍លោក ស៊ិន សុជាតិ។
លោកស្រី សុខ មួយហ្គេច ស្ថាបត្យករនារីខ្មែរមួយរូបបានបញ្ចប់ការសិក្សាជំនាញផ្នែកស្ថាបត្យកម្មមកពីចក្រភពអង់គ្លេស និងបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន ស្ថាបត្យកម្ម BMK បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីដើមខែមិថុនានេះថា ក្នុងនាមជាស្ថាបត្យករខ្មែរមួយរូបពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរតាមរយៈវិស័យស្ថាបត្យកម្ម។
លោកស្រីបន្តថា សំណង់អាគារនីមួយៗសុទ្ធតែអាចក្លាយជាភ័ស្ដុតាងសម្រាប់បង្ហាញដល់មនុស្សជំនាន់ក្រោយ ពីរបៀបនៃការរស់នៅក្នុងសម័យកាលនីមួយៗ។ លោកស្រីបន្តថា«ក្រៅអំពីការច្នៃប្រឌិតដែលផ្ដល់ឲ្យភ្ញៀវនូវការរស់នៅប្រកបដោយផាសុកភាព វិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវប្បធម៌ខ្មែរ តួយ៉ាងដូចជាប្រាសាទអង្គរវត្តក៏ជាសំណង់ស្ថាបត្យកម្មមួយដែលប្រៀប ដូចជាសំណង់អនុស្សាវរីយ៍សម្រាប់មនុស្សជំនាន់ក្រោយ ដូច្នេះអ្វីដែលយើងធ្វើបច្ចុប្បន្ននេះវាអាចជាកេរដំណែល ទៅថ្ងៃអនាគត ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹងពីសម័យកាលដែលយើងរស់នៅ»៕