ក្រុមហ៊ុនសំណង់យក្ខចិនចង់វិនិយោគនៅកម្ពុជា

យោងតាមគេហទំព័រ B2B Cambodia ក្រុមហ៊ុនការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យរបស់ចិនដ៏ធំមួយ កំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុន Greenland Group បានដឹកនាំគណៈប្រតិភូមួយក្រុម មកជួបពិភាក្សាជាមួយក្រុមហ៊ុនសំណង់ស្រដៀងគ្នាផ្សេងទៀត នៃប្រទេសកម្ពុជា។
គណៈប្រតិភូត្រូវបានដឹកនាំ ដោយប្រធានក្រុមប្រឹក្សាភិបាល និងប្រធានក្រុមហ៊ុន Greenland Group លោកចាង យូលៀន ( Zhang Yuliang)។ ក្រុមគណៈប្រតិភូបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល នៅខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមហ៊ុនGreenland Group បានពិភាក្សា អំពីឱកាសវិនិយោគជាមួយក្រសួង។ លោកចាង បានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីកែលំអការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រទេស។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានជំរុញឱ្យគណៈប្រតិភូពិចារណាប្រើប្រាស់វិធីសាស្ត្រ "សាងសងប្រតិបត្តិការនិងផ្ទេរ (BOT)" ដើម្បីអនុវត្តហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អត្ថបទរបស់គេហទំព័រ B2B បានយោងទៅលើការស្ទង់មតិមួយ ដែលបានធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយក្នុងឆ្នាំ២០១១។ របាយការណ៍នេះបាននិយាយថា ដើម្បីទាក់ទាញវិនិយោគបរទេស កម្ពុជាត្រូវការថវិកាជាង១៣ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រឹមឆ្នាំ២០២០។
យោងតាមលោកវ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា រដ្ឋាភិបាលកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទំនើប។