ដើមឆ្នាំ២០២០ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៧៦ មានទំហំវិនិយោគ ១,៥ ពាន់លានដុល្លារ

ដើមឆ្នាំ២០២០ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៧៦ មានទំហំវិនិយោគ ១,៥ ពាន់លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមរយៈពេល ៤ខែចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រដល់ក្រុមហ៊ុនវិនិយោគចំនួន៧៦ ដែលមានទំហំវិនិយោគ ១,៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥ម៉ឺនកន្លែង។

លើកឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្នុងសន្និសិទសារព័ត៌មានអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឲ្យដឹងថាកម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រដល់ក្រុមហ៊ុនវិនិយោគចំនួន៧៦ ដែលមានទំហំវិនិយោគ ១.៥០០លានដុល្លារអាមេរិក។

លោកបានបន្តថាក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំង៧៦ មានរោងចក្រចំនួន ៤១កន្លែង និងគម្រោងសាងសង់អគារចំនួន ១០កន្លែង។ ក្រៅពីនោះមានរោងចក្រផលិតឧបករណ៍អេឡិចត្រូនិច រោងចក្រផលិតបរិក្ខា និងរោងចក្រផលិតចំណីអាហារមានចំនួន ២០កន្លែង។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថាបើទោះបីកម្ពុជាកំពុងជួបបញ្ហាប្រឈម ចំពោះការរីករាលដាលជាសាកលនៃវីរុសកូវីដ១៩ យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ប្រកបដោយសក្តាដានុពលខ្ពស់ និងថាមពល។

បើតាមច្បាប់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចែងថាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទដែលអាចធ្វើការវិនិយោគនៅកម្ពុជា៖ ទី១.គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ទី២.គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ​ និងទី៣.គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ៕

អត្ថបទដោយ: Nary