ក្រសួងបរិស្ថានប្រកាសរកឃើញប្រាសាទមុនសម័យអង្គរមួយទៀតក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មន្ត្រីនៃមន្ទីរបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌ ខេត្តស្ទឹងត្រែងស្វែងរកឃើញទីតាំងប្រាសាទបុរាណខ្មែរថ្មីមួយថែមទៀត ដែលកសាងឡើងមុនសម័យអង្គរវត្ត ស្ថិតក្នុងភូមិឫទ្ធីសែនជ័យ១ ស្រុកថាឡាបរិវ៉ាត់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននាថ្ងៃនេះ ទីតាំងរបស់ប្រសាទបុរាណ ទើបរកឃើញថ្មីនេះ ត្រូវក្រុមការងារនៃមន្ទីរបរិស្ថាន និងមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង ស្វែងរកឃើញតាំងពីថ្ងៃទី១០ ខែមីនាកន្លងមកម្ល៉េះ។ ប្រធានការិយាល័យបេតិកភ័ណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានធ្វើការសន្និដ្ឋានជំហានដំបូងថា ប្រាសាទទើបរកឃើញថ្មី ស្ថិតក្នុងភូមិឫទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់នេះ អាចត្រូវកសាងឡើងក្នុងសតវត្សន៍ទី៦ នៅសម័យនគរភ្នំ ឫហ្វូណន មុនសម័យអង្គរវត្ត។ បន្ថែមលើនេះ មន្ត្រីជំនាញបានស្វែងរកឃើញស្រះទឹកបុរាណមួយផ្សេងទៀត មានចម្ងាយប្រមាណ២៥០ម៉ែត្រពីទីតាំងប្រាសាទ។
មានចម្ងាយត្រឹមតែ១៣០ម៉ែត្រពីតំបន់របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ បច្ចុប្បន្នប្រាសាទទើបរកឃើញថ្មីនេះមានសភាពបាក់បែក ហើយថែមទាំងមានស្លាកស្នាមនៃការធ្លាប់ត្រូវបានគេធ្វើកំណាយរូងចុះទៅក្រោមថែមទៀត។