ឱកាសសំខាន់៣ សម្រាប់អ្នកទិញអចលនទ្រព្យក្នុងឆ្នាំ២០២០
ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា អំឡុងដើមឆ្នាំ២០២០នេះ ពិភពលោកទាំងមូលកំពុងតែជួបវិបត្តិដោយមានការរីករាលដាលនៃមេរោគ COVID-19 ដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្មរបស់ពិភពលោកតែម្តង។ ទោះបែបនេះក្ដី តម្លៃអចលនទ្រព្យនៅប្រទេសកម្ពុជាបច្ចុប្បន្ន គ្មានភាពប្រែប្រួលឡើង ឬធ្លាក់ថ្លៃខ្លាំងឡើយ ដែលកត្តានេះ អ្នកជំនាញបានចាត់ទុកជាឱកាសមាសសម្រាប់អ្នកមាន ហ៊ានយកលុយវិនិយោគក្នុងវិស័យនេះ។
(ទិដ្ឋភាពរាជធានីភ្នំពេញ)
ក្រុមអ្នកជំនាញ បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា កត្តាគ្មានភាពប្រែប្រួលខ្លាំងនៃតម្លៃអចលទ្រព្យនៅកម្ពុជា អាចបញ្ជាក់បានថាខ្មែរ រងផលប៉ះពាល់តិចតួចនៃវីរុស COVID-19 ហើយអនាគតស្ថានភាពនេះនឹងផ្លាស់ប្ដូរប្រសើរឡើងវិញ ក្រោយអ្នកជំនាញផ្នែកវិជ្ជសាស្ត្រអាចរកថ្នាំព្យាបាល រឺការពារមេរោគនេះបាន។
ប្រធានក្រុមហ៊ុន សេម អេសអិន រៀលធី លោក សំ សុខនឿន បានថ្លែងទទួលស្គាល់ថា ការរីករាលដាលនៃមេរោគ COVID-19 ពិតបង្កផលប៉ះពាល់ដល់កម្ពុជាប្រាកដមែន ព្រោះសូម្បីការនាំចូលវត្ថុធាតុដើមផ្គត់ផ្គង់តម្រូវការរបស់វិស័យមួយចំនួន ដូចជាវិស័យកាត់ដេរ និងសំណង់ ក៏មានភាពយឺតយ៉ាវ រហូតរោងចក្រខ្លះប្រកាសផ្អាកដំណើរការបណ្តោះអាសន្នក៏មាន។
(លោក សំ សុខនឿន ប្រធានក្រុមហ៊ុន សេមអេសអិនរៀលធី)
ទោះបែបនេះក្តី សម្រាប់ប្រធានក្រុមហ៊ុនរូបនេះ លោកបានចាត់ទុកវេលានេះ ជាឱកាសដ៏ល្អ សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានស្នាក់នៅ ព្រោះលោកមើលឃើញនូវប្រយោជន៍សំខាន់ចំនួន ៣។ ទី១ ម្ចាស់គម្រោងបុរីទូទៅ បានផ្ដល់នូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួលជាងមុន ហើយមានកម្មវិធីបញ្ចុះតម្លៃពិសេសជូនអតិថិជន ទី២ អ្នកទិញនឹងរួចផុតពីការបង់ពន្ធប្រថាប់ត្រា ៤% សម្រាប់ផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ ឯទី៣ អ្នកទិញមានឱកាសចំណេញច្រើន ព្រោះកម្ពុជាពុំប្រឈមនឹងបញ្ហាខ្លាំងដោយការរីករាលដាលនៃមេរោគ COVID-19 ដូចប្រទេសដទៃឡើយ ដូច្នេះភាពប្រែប្រួលវិលមករកស្ថានភាពប្រក្រតីវិញក៏ឆាប់រហ័សដូចគ្នា។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានលើកឡើង នៅក្នុងវគ្គបណ្តុះបណ្តាលភាពជោគជ័យ ក្នុងវិស័យអចលនទ្រព្យកាលពីពេលថ្មីៗនេះថា លោកទទួលស្គាល់ថាការធ្លាក់ចុះផ្នែកវិស័យអចលនទ្រព្យនៅកម្ពុជា នាដើមឆ្នាំនេះ ព្រោះរងនូវបញ្ហាដោយសារការរីករាលដាលមេរោគកូវីដ១៩ ប៉ុន្តែកម្ពុជាពុំទាន់ទទួលរងបញ្ហាធ្ងន់ធ្ងរគួរឱ្យបារម្ភនៅឡើយទេ។
លោក ច្រឹក សុខនីម បានពន្យល់ថា៖ «ដើមឆ្នាំ២០២០នេះ វិស័យអចលនទ្រព្យ យើងឃើញថា មានភាពប្រឈមមួយចំនួនបាននឹងកំពុងកើតឡើងនៅប្រទេសកម្ពុជា ក៏ដូចជាសកលលោក ជាពិសេសអ្នកដែលប្រកបរបរទទួលទាន នៅលើវិស័យអចលនទ្រព្យកម្ពុជា។ មកដល់មួយរយៈចុងក្រោយនេះ គឺមានភាពប្រឈមពាក់ព័ន្ធទៅនឹងជំងឺកូរ៉ូណា ដែលជាការប៉ះពាល់រយៈពេលខ្លីមួយ និងប៉ះពាល់តិចតួចទៅលើវិស័យអចលនទ្រព្យកម្ពុជាផងដែរ»។
(លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា)
ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា តម្លៃអចលនទ្រព្យនៅកម្ពុជាពេលនេះ គឺនៅដដែល។ កាលៈទេសៈបែបនេះ ក៏អាចក្លាយជាឱកាសសម្រាប់អ្នកហ៊ានវិនិយោគ លើវិស័យនេះដែរ ព្រោះអំឡុងពេលបញ្ហាផ្ទុះឡើង ឱកាសចរចាពិភាក្សាអំពីតម្លៃក៏មានច្រើនដូចគ្នា។ ដ្បិតជាឱកាសវិនិយោគល្អ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នច្រើនដែរ ព្រោះវាជាការវិនិយោគដែលអាចទាញប្រាក់ចំណេញច្រើនក្នុងរយៈពេលវែង ប៉ុន្តែមិនអាចស្រង់ដើមបាន ក្នុងរយៈពេលខ្លីឡើយ។
យ៉ាងណាក្តី អ្នកជំនាញទាំងពីររូបខាងលើ សុទ្ធតែបានអះអាងដូចគ្នាថា ពួកលោកកត់សម្គាល់ឃើញថា ការទិញលក់ដីដែលមានទំហំធំៗ ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ព្រោះអតិថិជន ដែលនិយមទិញដីប្លង់ធំៗ ច្រើនជាអ្នកវិនិយោគមកពីបរទេស។ ទោះស្ថាត់បន្តិច ប៉ុន្ដែមិនមែនមានន័យថា គេមិនមកប្រទេសកម្ពុជារហូតឡើយ តែគ្រាន់ពន្យារពេលរង់ចាំជំងឺ Covid-19 ថមថយឥទ្ធិពលទៅវិញប៉ុណ្ណោះ៕