អ្នកឧញ៉ា ពុង ឃាវសែ៖ ច្បាប់សំណង់នឹងជួយពន្លឿនដល់ដំណើរការសុំច្បាប់សាងសង់របស់ក្រុមហ៊ុននានា

ច្បាប់ស្តីពីសំណង់ គឺជាសមិទ្ធិផល និងផ្លែផ្កាដ៏ត្រចះត្រចង់ និង ជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាម លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកថា ច្បាប់នេះ ក្រសួងបានខិតខំ និងរង់ចាំលទ្ធផលជាយូរណាស់មកហើយ ដើម្បីយកមកប្រើប្រាស់ក្នុងការគ្រប់គ្រង់វិស័យសំណង់របស់កម្ពុជា។
ការលើកឡើងនេះនេះ ត្រូវបានបង្ហាញនៅក្នុងពិធីបើសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៨របស់សមាគមអ្នកសាងសង់កម្ពុជានិងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៩ ដែលធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែធ្នូ។
លោកឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងទៀតថា ច្បាប់សំណង់ មានការចូលរួមផ្តល់មតិយោបល់ និងបានដកស្រង់យកធាតុចូលល្អៗពីអ្នកជំនាញសំណង់នៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន និងពីបណ្តាក្រសួងស្ថាប័នរបស់រដ្ឋាភិបាល និងឯកជនជាតិ និងអន្តរជាតិជាច្រើន បានយ៉ាងល្អិតល្អន់ សមស្របតាមលក្ខខណ្ឌ និងតម្រូវការរបស់ប្រទេសកម្ពុជា។
លោកឲ្យដឹងបន្តថា រហូតមកដល់បច្ចុប្បន្នច្បាប់នេះ បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ៣ ខែ វិច្ចិកា ឆ្នាំ២០១៩ ។
ពាក់ព័ន្ធនឹងការដាក់ឲ្យប្រើប្រាស់នៅច្បាប់សំណង់នេះដែរ ប្រធានសមាគមអ្នកសាងសង់កម្ពុជាអ្នកឧកញ៉ា ពុង ឃាវសែ បានសាទរចំពោះវត្តមានច្បាប់សំណង់នៅកម្ពុជា។ លោកយល់ថា ច្បាប់សំណង់នឹងជួយពន្លឿនដល់ដំណើរការសុំច្បាប់សាងសងរបស់ក្រុមហ៊ុននានា។
អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា« វត្តមានច្បាប់សំណង់ គឺផ្លែផ្កាដ៏ត្រចះត្រចង់សម្រាប់វិស័យ សំណង់កម្ពុជា ព្រោះកន្លងមកដំណើរការសុំច្បាប់សាងសង់គម្រោងណាមួយអូសបន្លាយពេល រហូត២ទៅ៣ខែឯណោះ ហើយនៅពេលមានច្បាប់នេះ ដូចឯកឧត្តមរដ្ឋមន្រ្តីថា យ៉ាងយូរមួយសប្តាហ៍ នឹងដាក់ដំណើរការ ហេតុនេះលោករំពឹងថាច្បាប់នេះនឹងជួយសម្រួលច្បាប់សុំសាងសង់កាន់តែឆាប់រហ័ស»។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានលើឡើងដែរថា សមាគមគាំទ្រចំពោះវត្តមានច្បាប់សំណង់ ហើយសមាគមក៏បានត្រៀមខ្លួនរួចស្រេច នឹងបានប្រកាសទៅកាន់សមាជិកដែលជាភ្នាក់ងារលក់ទាំងអស់ ពិនិត្យមើលលើគម្រោងទាំងឡាយណាដែលមានច្បាប់ និងអនុវត្តច្បាប់សំណង់ ដើម្បីស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ព្រមទាំងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា។
គួរបញ្ជាក់ថា ច្បាប់សំណង់ ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៣ ខែ វិច្ចិកា ឆ្នាំ២០១៩ មានទាំងអស់២២ជំពូក និង១១១មាត្រា។ ច្បាប់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ច្បាប់ថ្មីនេះ ក៏នឹងបង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ផងដែរ។
យ៉ាងណា ភាគីពាក់ព័ន្ធក៏បានទទូចស្នើសុំដល់អ្នកវិនិយោគ អ្នកសាងសង់ ក៏ដូចជាអ្នកគ្រប់គ្រងសំណង់ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ សូមចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិឲ្យមានប្រសិទ្ធភាពប្រកបដោយភាពត្រឹមត្រូវដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា៕