កំពង់ផែកំពតនឹងជំរុញទីផ្សារអចលនទ្រព្យ

កំពង់ផែកំពតនឹងជំរុញទីផ្សារអចលនទ្រព្យ
យោង​តាម​​របាយការណ៍​ដែលផ្សាយដោយកាសែត ​ភ្នំពេញ​ប៉ុស្តិ៍ កំពង់ផែ​ស្វយ័ត​ថ្មី​ក្នុង​ខេត្ត​កំពត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ជំរុញ​​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​។ កំពង់ផែ​សមុទ្រ​ដែល​ត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៧នេះ ត្រូវ​បាន​​រំពឹង​ថា​ នឹង​ជំរុញ​កំណើន​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក ដោយ​បង្កើត​ការងារ និង​ទាក់ទាញ​​ទេសចរណ៍​ឲ្យ​ទៅ​កាន់​ខេត្ត​ដែល​កំពុង​រីក​ចម្រើន​មួយ​នេះ។ ពិធី​បញ្ចុះ​បឋមសិលា​ត្រូវ​បាន​​ធ្វើឡើង​រួចរាល់​ ហើយ​គម្រោង​នេះ​​បាន​​ចាប់ផ្ដើម​សាងសង់​ពេញលេញ​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧។ ​គម្រោង​ដ៏​សម្បើម​នេះ​ត្រូវ​បាន​ផ្ដល់​មូលនិធិ​មួយ​ផ្នែក ដោយ​មាន​កម្ចី​ចំនួន៩លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ បើ​យោង​តាម​ព័ត៌មាន​ពីភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ​ កំពង់ផែ​ថ្មី​នេះ​នឹង​មាន​ទីតាំង​ស្ថិតនៅ​ជិត​គីឡូម៉ែត្រ​លេខ៦ ភាគ​អាគ្នេយ៍​នៃ​​ក្រុង​កំពត។ គេ​សង្ឃឹម​​ថា ​នឹង​មាន​ការ​វិនិយោគ​បន្ថែម​​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​មូលដ្ឋាន នៅ​ជុំវិញ​កំពង់ផែ​។ ការ​កែលំអ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ជំរុញ​ផ្នែក​វិស័យ​ទេសចរណ៍ ក៏​ទំនង​ជា​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​​មាន​ការ​ផ្លាស់ប្ដូរ​​ខ្លាំង​ផង​ដែរ។    
អត្ថបទដោយ: Vutha