ក្រសួងដែនដី៖ ឥទ្ធិពលវីរុសកូវីដ-១៩មិនប៉ះពាល់ដល់គម្រោងស្នើសុំសាងសង់ឡើយ

ក្រសួងដែនដី៖ ឥទ្ធិពលវីរុសកូវីដ-១៩មិនប៉ះពាល់ដល់គម្រោងស្នើសុំសាងសង់ឡើយ

ភ្នំពេញ៖ ក្រោយមានការរីករាលដាលនៃវីរុសកូវីដ-១៩ វិស័យសំណង់របស់ប្រទេសនានាជុំវិញពិភពលោក បានថយចុះប្រមាណ៥០ភាគរយ ដោយឡែកវិស័យសំណង់នៅប្រទេសកម្ពុជា មិនត្រឹមមិនប្រឈមនឹងផលប៉ះពាល់ តែបែរការស្នើសុំច្បាប់សាងសង់នៃគម្រោងថ្មីៗ បន្ថែមលើគម្រោងចាស់មានការកើនឡើងទ្វេដងទៅវិញ។ នេះបើតាមការអះអាងរបស់មន្រ្តីនាំពាក្យនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មន្ត្រីនាំពាក្យ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានអះអាងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី ដែលរៀបចំ​ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះថា អំឡុងពេល២ខែ នាឆ្នាំ២០២០ គម្រោងស្នើសុំសាងសង់បានកើនរហូតចំនួន៥២៣គម្រោង។ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ដែលមានត្រឹមជាង៣០០គម្រោង ទុនវិនិយោគនេះបានកើនឡើងទ្វេដង។ ប៉ុន្ដែក្រសួងកំពុងតាមដានតួលេខនាអំឡុងខែមីនានេះបន្តទៀតនៅឡើយ។

អ្នកនាំពាក្យរូបនេះបានរៀបរាប់ថា៖ «បើយើងមើលទៅលើវិស័យសំណង់នៅកម្ពុជាយើង តាមរយៈការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ នៅក្រសួងរៀបចំដែនដី យើងខ្ញុំតាមដានជាប្រចាំ រហូតមកដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ យើងសង្កេតឃើញថា អត់ទាន់មានការថយចុះទេ។ ផ្ទុយទៅវិញការស្នើសុំសាងសង់ ជាគម្រោងដែលបានដាក់ស្នើសុំបានកើនឡើង។ នៅខែកុម្ភៈ ឆ្នាំ២០២០នេះ មានដល់ទៅ៥២៣គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ត្រឹមខែកុម្ភៈ មានត្រឹមជាង៣០០គម្រោងទេ ហើយបើគិតទុនវិនិយោគកំណើននេះកើនឡើងសឹងទ្វេដង»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក៏ធ្លាប់បានថ្លែងបញ្ជាក់ដែរថា ទោះមានការផ្ទុះវីរុសកូរ៉ូណា ឬCovid-19 នៅតាមប្រទេសមួយចំនួននៅលើពិភពលោក ប៉ុន្តែវាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍវិស័យសំណង់លំនៅឋាននៅកម្ពុជានោះទេ ដូច្នេះសូមបណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋានទាំងអស់ កុំព្រួយបារម្ភខ្លាំងអំពីបញ្ហានេះ។

ប្រទេសកម្ពុជាទទួលបានអ្នកវិនិយោគលើវិស័យសំណង់មកពីប្រទេសនានា ចំនួន១៨ប្រទេសខុសពីគ្នា ចំណោមនោះប្រទេសចិន ឈរលំដាប់លេខរៀងទី១ កូរ៉េ ស្ថិតនៅលំដាប់លេខ២ និងប្រទេសជប៉ុន ស្ថិតនៅលេខរៀងទី៣។ ប៉ុន្ដែវិស័យសំណង់ ក៏មានអ្នកវិនិយោគជាពលរដ្ឋខ្មែរក្នុងស្រុកផងដែរ ជាពិសេសគម្រោងបុរី ឬគម្រោងលំនៅឋានលក្ខណៈជាបុរី ដែលបច្ចុប្បន្នមានជាង ៣០០ទីតាំង។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន ៣២៧កន្លែង អគារខ្ពស់ៗដែលមានកម្ពស់៤ជាន់ឡើងមានចំនួន ១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន ៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ចំនួន ៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន ២៦០កន្លែង និងគម្រោងសាងសង់ថ្មីៗផ្សេងទៀតចំនួន ១០៣០គម្រោង មានទំហំទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិក។

ផ្អែកតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រទេសកម្ពុជា បានចាត់ទុកវិស័យសំណង់ ជាវិស័យអទិភាពជួយជំរុញសេដ្ឋកិច្ចជាតិសម្រាប់ឆ្នាំ២០១៩។ អំឡុងឆ្នាំ២០១៩ការវិនិយោគនៅប្រទេសកម្ពុជាមានរហូតដល់ ១១,០០០លានដុល្លារ បើធៀបនឹងឆ្នាំ២០១៨មានត្រឹមចំនួន ៥,៥០០លានដុល្លារប៉ុណ្ណោះ ដូច្នេះការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានការកើនឡើងរហូតដល់៩០ភាគរយឯណោះ

អត្ថបទដោយ: Pisey