ចិនសម្ភោទរថភ្លើងលឿនបំផុតលើលោក

ចិនសម្ភោទរថភ្លើងលឿនបំផុតលើលោក
២០១៧​គឺជាឆ្នាំ ដែលប្រទេស​ចិន​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ជា​មហា​យក្ខ​សំណង់​និង​​ដឹក​ជញ្ជូន តាម​រយៈ​គំនិត​ផ្ដួចផ្ដើមជាច្រើន ស្របតាម គោល​នយោបាយ ​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ។ ការ​អភិវឌ្ឍន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​មួយ​ដែល​ប្រទេស​ចិន​បាន​បន្ត​អភិវឌ្ឍន៍ គឺ​បណ្ដាញ​​ផ្លូវ​ដែក​ល្បឿន​លឿន​របស់​ខ្លួន។ ចិន​បាន​នាំមុខគេនៅក្នុងលោក​ជាថ្មី​ម្តង​ទៀត ជា​ប្រទេស​ដែល​មាន​រថភ្លើង​ល្បឿន​លឿន​បំផុត​ក្នុង​ពិភព​លោក​នៅ​ឆ្នាំ​នេះ។ យោង​តាម​គេហទំព័រ Fortune បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បាត់បង់​តំណែង​នេះ បន្ទាប់ពី​ឧបត្តិហេតុរថភ្លើងពីរ​បុក​​គ្នា​​ដ៏​សាហាវ​មួយ​នៅ​ឆ្នាំ២០១១។ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សេវា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បាន​បន្ថយ​​ល្បឿន​ពី​កំណត់ត្រា៣៥០គីឡូម៉ែត្រ/ម៉ោង ទៅ២៥០ - ៣០០​គីឡូម៉ែត្រ/ម៉ោង។ បច្ចុប្បន្ន ដោយសារ​តែ​​ចិន​បាន​ជំរុញ​ខ្លួន​ឱ្យ​នាំមុខ​​ក្នុង​ទម្រង់​ជាច្រើន​នៃ​ការអភិវឌ្ឍន៍​ការដឹកជញ្ជូន ហើយ​ទំនងនឹងក្លាយជា​អ្នក​នាំមុខ​គេលើសកល​លោក​ក្នុង​វិស័យទាំងនេះ ស្របពេលដែលចិន​ក៏​មាន​បំណង​លក់​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា “រថភ្លើង​គ្រាប់​កាំភ្លើង” ទើប​ចិន​​បាន​សម្រេចចិត្ត​ចាប់ផ្ដើម​ដំណើរការ​រថភ្លើង​លឿន​បំផុត​​ក្នុង​លោក​របស់ខ្លួន​ឡើងវិញ។ យោង​តាម​គេហទំព័រ Thepaper.cn បាន​ឱ្យ​ដឹង​ថា រថភ្លើង​គ្រាប់​កាំភ្លើង (bullet train) ​ចំនួន៧​គូ​នឹង​ត្រូវ​ដំណើរការ​នៅ​ប្រទេស​ចិន។ ជា​ថ្មី​ម្ដងទៀត រថភ្លើង​នេះ​នឹង​អាច​រត់​ទៅ​ដល់៣៥០គីឡូម៉ែត្រ​/ម៉ោង ដែល​មាន​ល្បឿន​អតិបរមា៤០០គីឡូម៉ែត្រ/ម៉ោង។ យោង​តាម​គេហទំព័រ Fortune សេវា​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​មាន​ប្រព័ន្ធ​តាមដាន​មួយ ដែល​នឹង​​ថយ​ល្បឿន​​​ស្វ័យប្រវត្ត​ក្នុង​ករណី​មាន​អាសន្ន។  
អត្ថបទដោយ: Vutha