ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ បានបើកការដ្ឋានស្ថាបនានិងប្រើប្រាស់

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ បានបើកការដ្ឋានស្ថាបនានិងប្រើប្រាស់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថាសមិទ្ធផលសំខាន់ៗ លើវិស័យសាធារណការដែលសម្រេចបានគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះរួមមាន សម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ការបើកការដ្ឋាន សាងសង់ផ្លូវជាតិ១០ សម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ និងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។

បើតាមក្រសួងព័ត៌មានផ្លូវជាតិលេខ៥៥ តភ្ជាប់ពីពោធិសាត់ វាលវែង ដល់ថ្មដា ប្រវែង ១៨២,១៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា  ឆ្នាំ២០២០ ខណៈការសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត វាលវែង អូរសោម ដល់កោះកុង ដែលប្រើប្រាស់រយៈពេល ៤៨ខែ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣។ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ នឹងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម ការវិនិយោគដំណាំកសិផល កសិឧស្សាហកម្ម និងទេសចរណ៍ ជាពិសេសប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

ចំណែកផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ មានប្រវែង ១៧៤,១៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រើប្រាស់រយៈពេលក្នុងការសាងសង់ចំនួន៤៣ខែ។ ផ្លូវនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលមានទីតាំងស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគពាយ័ព្យ។

សម្រាប់ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល ដល់អូរចំបក ខេត្តតាកែវ និងអង្គតាសោម ដោយប្រើប្រាស់រយៈពេលសាងសង់៣០ខែ គិតពីខែតុលា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២០៕

អត្ថបទដោយ: Nary