សំណង់វត្តអារាមរួមចំណែកអភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណរចនាបទស្ថាបត្យកម្មខ្មែរ

វត្តអារាមមិនមែនជាកន្លែងសម្រាប់តែប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនា និងជាទីកន្លែងសម្រាប់ព្រះសង្ឃគង់នៅនោះទេ ប់ុន្តែ វត្តអារាមក៏ជាកន្លែងសម្រាប់បង្ហាញនូវអត្តសញ្ញាណ និងវប្បធម៌ខ្មែរ តាមរយៈរចនាបទសំណង់ស្ថាបត្យកម្មជាដើម។ នេះបើយោងតាម អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ទន្ទឹមគ្នានេះ វត្តអារាមក៏ជាជម្រកសម្រាប់សិស្ស និស្សិតជាច្រើនមកពីជនបទដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកលុយដើម្បីជួលផ្ទះ បានចូលទៅសុំស្នាក់អាស្រ័យ ដើម្បីបន្តការសិក្សារបស់ពួកគេ។
លោកអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តកាលពីពេលថ្មីៗនេះ។
សាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ចាប់តាំងពីដើមរហូតមក វត្តអារាមមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរឲ្យក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម។
លោកថា អ្នកប្រាជ្ញអក្សរសាស្ត្រ កវីនិពន្ធនៅសម័យមុនៗ ភាគច្រើនសុទ្ធតែធ្លាប់បានបួសរៀន និងស្នាក់នៅនឹងវត្តអារាម។ ជាងនេះទៅទៀត វត្តអារាម ក៏ជាកន្លែងដែលជួយផ្សព្វផ្សាយពីវប្បធម៏ខ្មែរ តាមរយៈរចនាបទនៅលើសំណង់អាគារវត្តអារាមជាដើម។
ហេតុនេះ ដោយយល់ឃើញពីសារៈសំខាន់នៃវត្តអារម និងដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការខាងលើ បានធ្វើឲ្យសំណង់វត្តអារាមនៅកម្ពុជា មានការស្ថាបនា និងសាសងឡើងវិញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
បន្ថែមលើនេះ ក្រុមអ្នកជំនាញស្ថាបត្យកម្ម ដែលចូលរួមសិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក៏បានជម្រុញឲ្យគ្រប់សំណង់វត្ត អារាមនៅកម្ពុជាគួរតែបង្កើនការអភិរក្ស និងដាក់បញ្ចូលរចនាបទបែបរចនាបទសំណង់ស្ថាបត្យកម្មខ្មែរឲ្យ បានទូលំទូលាយ។
ក្នុងនោះ ក្រុមអ្នកជំនាញស្ថាបត្យកម្ម អះអាងថា វត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃ សីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នា តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ ទៀតផង។ មិនតែប៉ុណ្ណោះ សំណង់វត្តអារាម ក៏ជួយបង្ហាញអត្តសញ្ញាណ និងជួយអភិរក្សរចនាបទសំណង់ស្ថាបត្យកម្មខ្មែរដែលដូនតាជំនាន់មុនបានបន្សល់ទុកផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នទៅទូទាំងប្រទេសកម្ពុជា មានវត្តអារាមចំនួន ៤.៩៨៥ វត្ត និងព្រះសង្ឃ ចំនួន ៧០.៨៥៣អង្គ។ ក្នុងនោះគណៈមហានិកាយ ចំនួន ៤.៧៤៤ វត្ត ព្រះសង្ឃចំនួន ៦៦.០៣៦អង្គ និងគណៈធម្មយុត្តនិកាយចំនួន ២៤១ វត្ត និងព្រះសង្ឃចំនួន ៤.៨១៧អង្គ៕