អ្នកជំនាញ៖ពន្យល់ពីគុណសម្បត្តិនិងគុណវិបត្តិផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុង
កាលពីមុនផ្លូវនៅកម្ពុជាភាគច្រើន ស្ថាបនាជាផ្លូវក្រាលកៅស៊ូ ដែលប្រើជាប្រភេទកៅស៊ូDBST ដោយសារចរាចរណ៍នៅស្រុកខ្មែរ មានកម្រិតធន់មធ្យម និងថវិកាមានកម្រិត ប៉ុន្តែក្រោយពេលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ចរាចរណ៍ និងការដឹកជញ្ជូនទំនិញកាន់តែធ្ងន់ ផ្លូវ ថ្នល់ ផ្លូវមួយចំនួនបានស្ថាបនាជាផ្លូវបេតុងវិញ។
អ្នកធ្វើដំណើរមួយចំនួនអាចនឹងធ្លាប់បានកត់សម្គាល់ខ្លះៗពីលក្ខណៈនៃផ្លូវទាំងពីរនេះ។ តាមអ្នកជំនាញខាងផ្លូវថ្នល់ បានឱ្យដឹងថាផ្លូវទាំង២ប្រភេទនេះ មានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។
លោក ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវបេតុង មានតម្លៃខ្ពស់ជាងផ្លូវក្រាលកៅស៊ូ ប្រមាណ ២ ទៅ ៣ ដង ប៉ុន្តែវាមានគុណសម្បត្តិច្រើនដូចជា មានអាយុកាលប្រើប្រាស់បានយូរ, តម្លៃថែទាំទាប និងធន់នឹងអាកាសធាតុ (Climate Change)។
បើទោះបីជាផ្លូវបេតុង ជាប់ រឹងមាំ ធន់នឹងអាកាសធាតុក៏ដោយ តែយ៉ាងណាក្តី តម្លៃសាងសង់ដំបូងខ្ពស់ និងពិបាកក្នុងការជួសជុល និងបង្ករសម្លេងរំខាន ដល់ការធ្វើដំណើរ។
លោកពន្យល់ថា៖« គុណវិបត្តិមួយទៀត គឺនៅពេលដែលវាមានការខូចខាតត្រូវជួសជុលទៅ យើងវាពិបាកកាយវាអត់ដូចផ្លូវកៅស៊ូទេ ផ្លូវកៅស៊ូយើងយកអាប៊ុល គៀរកាយទៅវាស្រួល ហើយចំពោះផ្លូវបេតុងវាមានការលំបាកនៅពេលដែលមានការខូចខាតខ្លាំងទៅ យើងត្រូវតែប្រើម៉ាស៊ីនដាប់ម៉ាស៊ីនអី ការដឹកជញ្ជូនក៏មានការលំបាកយកទៅកន្លែងចោលដែរ ហ្នឹងគឺជាបញ្ហា»។
ចំណែកគុណសម្បត្តិនៃផ្លូវក្រាលកៅស៊ូវិញគឺ មានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ (គ្មានសម្លេងរំខាន), ងាយស្រួលក្នុងការជួសជុល និងសាងសង់លឿន។ តែទោះយ៉ាងណាក្រាលកៅស៊ូ មានអាយុកាលនៃការប្រើប្រាស់តិចជាងផ្លូវបេតុង, តម្លៃថែទាំខ្ពស់ និងមិនធន់នឹងអាកាសធាតុ ដូចជាទឹកជំនន់, តំបន់មានភ្លៀងធ្លាក់ច្រើន ជាដើម។
លោកបានប្រាប់បន្ថែមថា ផ្លូវបេតុង មានច្រើនប្រភេទ ផ្លូវបេតុងខ្លះមានស្រទាប់កម្រាស់ ២តឹក៣ហ៊ុន រហូត២តឹក៥ហ៊ុន និងស្រទាប់ខ្លះមាន២តឹក៥ហ៊ុន រហូត២តឹក៨ហ៊ុន ដែលវាខុសគ្នាទៅតាមទំហំនៃការឌីហ្សាញ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានប្រាប់គេហទំព័រ KHB News ថា សាលារាជធានីភ្នំពេញបានផ្តោតទាំងទៅលើការសាងសង់ផ្លូវដែលក្រាលបេតុង និងកៅស៊ូ។
លោកបន្តថា ការសាងសង់ផ្លូវក្រាលបេតុង និងកៅស៊ូ គឺអាស្រ័យទៅលើស្ថានភាព ដែលទីតាំងខ្លះតម្រូវឱ្យប្រើកៅស៊ីAC និងទីតាំងខ្លះដែលមានការចរាចមមាញឹក មានការដឹកជញ្ជូនធន់ធ្ងន់ គឺផ្តល់អទិភាពទៅលើការសាងសង់ផ្លូវបេតុង៕