រយៈពេល៤ខែដើមឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានទប់ស្កាត់សំណង់ល្មើសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរប្រមាណ ៧៤៩ ករណី

រយៈពេល៤ខែដើមឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានទប់ស្កាត់សំណង់ល្មើសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរប្រមាណ ៧៤៩ ករណី

សៀមរាប៖ យោងតាមរបាយការណ៍ពីអាជ្ញាធរជាតិអប្សរា បានបង្ហាញថានៅដើមឆ្នាំ២០២០នេះ អាជ្ញាធរបានទប់ស្កាត់សំណង់ល្មើសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរបានប្រមាណ ៧៤៩ករណី ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ការរីករាលដាលសំណង់ក្នុងតំបន់អង្គរ ក្នុងឆ្នាំ២០២០ គឺមានការកើនឡើងលើសឆ្នាំ ២០១៩ ដែលនេះបង្ហាញអោយឃើញថា ជនឈ្លៀតឱកាស នៅតែលួចលាក់ប្រព្រឹត្តិប្រាសចាក អំពីការផ្សព្វផ្សាយនិងជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា។ បើប្រៀបធៀប ក្នុងរយ:ពេល៤ខែ (ខែមករា ដល់ខែមេសា ឆ្នាំ ២០១៩ ) មាន៤៧៥ករណី និងក្នុងរយៈពេល៤ខែ (ខែមករា ដល់ខែមេសាឆ្នាំ២០២០ ) មាន ៧៤៩ករណី កើន២៧៤ករណី ស្មើ៥៧ភាគរយ។

បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប លោកឡុង កុសល អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ថាចំពោះការរាលដាលសំណង់ល្មើសច្បាប់ក្នុងតំបន់បេតិកភណ្ឌទាំង ៧៤៩ករណីនេះ យើងបានទប់ស្កាត់ទាំងអស់។ លោកបន្តថាម្ចាស់សំណង់ខាងលើ គឺបានផ្តិតមេដៃព្រមរុះរើដោយខ្លួនឯង។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែម និងអំពាវនាវអោយពលរដ្ឋគ្រប់រូប កុំជឿការឃោសនាលក់និងទិញដីក្នុងតំបន់បេតិកភណ្ឌពីសំណាក់ក្រុមឈ្មួញ ត្បិតជាតំបន់ការពារដោយច្បាប់ ។ ប៉ុន្តែពលរដ្ឋអាចទៅសុំច្បាប់សាងសង់ ឬសាកសួរព័ត៍មានជុំវិញការសាងសង់សំណង់ក្នុងតំបន់អង្គរ នៅច្រកចេញចូលតែមួយ របស់អាជ្ញាធរជាតិអប្សរា៕

អត្ថបទដោយ: Nary