មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាថ្មីគ្រោងបញ្ចប់ពាក់កណ្ដាលឆ្នាំ២០២០នេះ

មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាថ្មីគ្រោងបញ្ចប់ពាក់កណ្ដាលឆ្នាំ២០២០នេះ

ភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បានសាងសង់អគារ មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) ដែលមានទីតាំងនៅវិទ្យាស្ថានជាតិ NIPTICT កម្ពស់ ៤ជាន់ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២០នេះ។

នេះបើតាមការចុះផ្សាយរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។ អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ជាសមិទ្ធផលទីពីរនៃការសាងសង់ក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. ដែលគ្រោងនឹងសាងសង់រួចរាល់ក្នុងរយៈ១៨ ខែ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កន្លងមក។

ការបង្កើតមជ្ឈមណ្ឌលនេះឡើង ក្នុងគោលដៅជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេវិទ្យាឌីជីថលដើម្បីជួយដល់វិស័យផ្សេងៗ ដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងចាប់យកកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

សូមបញ្ជាក់ថាអគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ០៤ ជាន់ និងទំហំអគារសរុប ៣.៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា ឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)៕

អត្ថបទដោយ: Nary