ហេតុអ្វីម្ចាស់សំណង់ត្រូវដឹងពីគុណសម្បត្តិ និង គុណវិបត្តិពីការប្រើប្រាស់គ្រឹះខួង​?

ហេតុអ្វីម្ចាស់សំណង់ត្រូវដឹងពីគុណសម្បត្តិ និង គុណវិបត្តិពីការប្រើប្រាស់គ្រឹះខួង​?

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ  គ្រឹះខួង មានការពេញនិយមនិងមានការប្រើប្រាស់នៅក្នុងគម្រោង​សាង​សង់ធំៗនានា ដោយវិស្វករសំណង់ បានប្រើប្រាស់ការខួងចាក់បេតុងចូលទៅក្នុងដី ដើម្បីធានាពី សុវត្ថិភាព ទ្រទម្ងន់អគារ ការពារលំនឹង និងការបាក់ស្រុតនានា។

លោក សៀង ពៅ អ្នកឯកទេសផ្នែកគ្រឹះ និងដី និង ជាសាស្រ្តាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់គ្រឹះខួង ជាវិធីមួយល្អក្នុងការពារពីការរញ្ជួយដី ដែលវាមិនអាចធ្វើឱ្យអគារនៅជុំវិញប្រេះ។ ករណីនេះ នៅពេលដែលវិស្វករប្រើគ្រឹះ ខួង វាមិនបានធ្វើឱ្យញ័រ (រញ្ជួយ) នោះទេ។ ប៉ុន្តែគ្រឹះខួងនេះអាចធ្វើឱ្យផ្ទៃដីខាងក្រោមហូរច្រោះដី បណ្តាលឱ្យអគារ ផ្ទះនៅជុំវិញស្រុត បើមិនអនុលោមតាមបច្ចេកទេសត្រឹមត្រូវ។

បិតាគ្រឹះរូបនេះ បញ្ជាក់ថា ក្នុងករណីរណ្តៅខួង មានដីជ្រាយខ្លាំង ឬដីខ្សាច់ច្រើន គួរតែប្រើបន្ទះដែកទប់ ឬបាំងដី ( Ship Park) ដើម្បីការពារពីការច្រោះដីនៅផ្ទៃខាងក្រោម និងការពារការស្រុតនៃអគារនៅជុំវិញផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីការពារមិនឱ្យហូរច្រោះចូលក្នុងរណ្តៅខួង គេប្រើដីឥដ្ឋ ដើម្បីបង្ខាក (បាំង) ដីនៅជុំវិញរណ្តៅមិនឱ្យហូរ។

លោកថា៖«បញ្ហាចម្បងមួយ គឺការចាក់បេតុងនៅក្នុងទឹក ដែលក្នុងទ្រឹស្តីសំណង់ សម្រាប់បេតុង ដែលមានគុណភាព គឺមានកត្តា ៤យ៉ាងសំខាន់ «ទឹកសុទ្ធល្អ គ្រួសសុទ្ធល្អ ខ្សាច់សុទ្ធល្អ និងស៊ីម៉ង់តិ៍សុទ្ធល្អ»។

ជាមួយគ្នានេះដែរ​ លោក​សាស្រ្តាចារ្យថា គ្រោះថ្នាក់ចំពោះការប្រើប្រាស់គ្រឹះខួងមាន ២ គឺបេតុងស្អុយ និង ដីបាក់ចូល ដែលហូរច្រោះដីពីជុំវិញ។ លោកថា  ចំពោះគ្រឹះខួង នៅពេលដែលចាក់បេតុងទៅក្នុងដី ឬ ក្នុងរណ្តៅខួង កាលណារណ្តៅខួងមានទឹក អាចប្រឈមនឹងការខូចខាត ដោយសារស្អុយបេតុង។

លោកបន្តថា៖«គ្រប់គ្រឹះខួងទាំងអស់ គេទាមទារឱ្យប្រើឧបករណ៍ ត្រួតពិនិត្យ (Soundnic Test) ដើម្បីឱ្យដឹងថា គ្រឹះនោះល្អ ឬមិនល្អ?»

លោកបង្ហាញដែរថា បច្ចុប្បន្ននេះ បើសិនជាយើងទាមទារឱ្យម្ចាស់ម៉ៅការសាងសង់ដាក់ឧបករណ៍ Soundnic Test នៅគ្រប់គ្រឹះខួងទាំងអស់នោះ គឺគេមិនចង់ខួងឱ្យឡើយ ព្រោះគេខ្លាចឃើញថាគ្រឹះស្អុយ ហើយត្រូវចំណាយលុយច្រើនខួងឡើងវិញ បើឃើញមានបញ្ហា។

ចំពោះការសាងសង់អគារ ដែលមានកម្ពស់ពី ២ ទៅ ៥ជាន់ លោក សៀង ពៅ ណែនាំមិនឱ្យប្រើប្រាស់គ្រឹះខួងនោះទេ ព្រោះគ្រឹះខួងនេះ មានការចំណាយថវិកាច្រើន។ ប៉ុន្តែបើសម្រាប់អគារដែលមានកម្ពស់លើសពីនោះ លោកជំរុញឱ្យប្រើគ្រឹះខួងទើបល្អ ដោយត្រូវសិក្សាដីជាមុនសិន។

ទោះយ៉ាងណាក៏ដោយ ការប្រើប្រាស់គ្រឹះខួងនេះ ក៏មានគុណវិបត្តិផងដែរ ក្នុងនោះរួមមាន៖ 

ទី១៖ ដីជ្រាយ ឬខ្សាច់ អាចបាក់ ចូលរណ្តៅខួង មុនពេលចាក់បេតុងចូល។ ដើម្បីដោះស្រាយបញ្ហានេះ គេត្រូវប្រើសូលុយស្យុង bentonite ដើម្បីទប់ដីកុំឱ្យបាក់ចូលក្នុងរណ្តៅខួង មុនពេលចាក់បេតុង។
 
ទី២៖ការចាក់បេតុងក្នុងសូលុយស្យុង bentonite ជាមូលហេតុចម្បងនៃការកាត់បន្ថយកម្លាំង ធ្វើការរបស់បេតុង។ ដើម្បីដោះស្រាយបញ្ហានេះ គេត្រូវលាយបេតុងឱ្យមានកម្រិតខ្ពស់ ប្រសិនចង់បានកម្លាំងបេតុង ២៥ MPa គេគួរលាយបេតុងក្នុងកម្រិត ៣៥ MPa។ 

ទី៣៖កម្រិតគ្រោះថ្នាក់សម្រាប់គ្រឹះអាគារជិតខាង មានកម្រិតខ្ពស់ ក្នុងករណីខួងខុសបច្ចេកទេសនឹងអាចបណ្តោយឱ្យដីហូរបាក់ចូលរណ្តៅខួងច្រើនលើសលប់៕

អត្ថបទដោយ: Rath