ការបង្កើតថ្មីជាយុទ្ធសាស្រ្ត ប្រគួតប្រជែងក្នុងទីផ្សារផ្ទេរប្រាក់

ការបង្កើតថ្មីជាយុទ្ធសាស្រ្ត ប្រគួតប្រជែងក្នុងទីផ្សារផ្ទេរប្រាក់

ភ្នំពេញ ៖ ក្នុងពេលបច្ចុប្បន្ននេះ សេវាកម្មផ្ទេរប្រាក់នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកលូតលាស់នេះ បានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែមានជម្រើស និងមានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ ផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្ម និងភាគីម្ខាងទៀត។

ជាក់ស្តែងគិតត្រឹមឆ្នាំ ២០១៨ កម្ពុជាមានគ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់ចំនួន ១៤ និង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់សេវាទូទាត់ចំនួន ៥។  ការកើនឡើងនូវ ក្រុមហ៊ុនថ្មីៗនេះ ក៏បង្កើតនូវភាពប្រគួតប្រជែងកាន់តែតានតឹងឡើងៗផងដែរ នៅក្នុងទីផ្សារតូចមួយនេះ ដោយសារ តែផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននីមួយៗសុទ្ធសឹងតែដូចៗគ្នា។ 

លោក ទៀង សុភា នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអាស៊ីវេរលុយ បានបង្ហើបប្រាប់ KHB Media ថា ការប្រគួតប្រជែង នៅក្នុងទីផ្សារផ្ទេរប្រាក់នៅកម្ពុជាកំពុងតែងកើនឡើងជាបណ្តើរៗ ដោយសារតែផលិតផលដែលផ្តល់ជូនពីសំណាក់ក្រុមហ៊ុននីមួយៗសឹងតែដូចៗគ្នា ដូចនេះវាទាមទារឲ្យមាននូវការច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតនូវផលិតផលថ្មីៗ ដើម្បីទាញយកចំណែកទីផ្សារណាមួយនៅក្នុងវិស័យមួយនេះ។

លោកសុភានិយាយថា៖«អ្វីដែលយើងអាចរក្សាចំណាត់ថ្នាក់ល្អនៅលើទីផ្សារ  គឺការផ្តល់ទំនុកចិត្តដល់អតិថិជន និងការបង្កើតកម្មវិធីជួយបន្ធូរបន្ថយដល់ការចំណាយរបស់ប្រជាជនកម្ពុជាគឺជាយុទ្ធសាស្រ្តដែល អាស៊ីវេរលុយ បានកំពុងធ្វើ ដើម្បីរក្សាបាននូវចំណាត់ថ្នាក់ល្អក្នុងទីផ្សារទូទាត់ប្រាក់នៅកម្ពុជា»។

អាស៊ីវេរលុយ កំពុងតែពង្រីកភ្នាក់ងារផ្កាយប្រាំ និង ភ្នាក់ងារធម្មតាឲ្យបានកាន់តែច្រើននៅទូទាំងប្រទេស ដើម្បីបម្រើសេវាកម្មដល់អតិថិជនឲ្យបានលឿននិងរហ័សបំផុត កត្តាទាំងអស់នេះនឹងជួយយើងឲ្យមានភាពប្រគួតប្រជែងខ្ពស់នៅលើទីផ្សារ។  អាស៊ីវេរលុយ មានដៃគូទូទាត់ប្រាក់ប្រមាណ ៥ម៉ឺនទីតាំង នៅទូទាំងប្រទេស ជាមួយនឹងអតិថិជនដែលកំពុងប្រើប្រាស់ App អាស៊ីវេរលុយ ប្រមាណជាង ៨ម៉ឺននាក់ ផងដែរ ហើយចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់។

ស្របនឹងនិន្នាការនៃកំណើននេះដែរ ធនាគារជាតិនៃកម្ពុជាក៏កំពុងរៀបចំ​បទប្បញ្ញត្តិប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៃការរីកចម្រើនវិស័យទូទាត់ រួមមានប្រកាសស្តីពី ការគណនាមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់ ការគ្រប់គ្រងភា្នក់ងារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការការពារអតិថិជនរបស់គ្រឹះ ស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

អត្ថបទដោយ: Vutha