មណ្ឌលគិរីនឹងក្លាយជាខេត្តអេកូទេសចរណ៍ធំបំផុតរបស់កម្ពុជា

មណ្ឌលគិរីនឹងក្លាយជាខេត្តអេកូទេសចរណ៍ធំបំផុតរបស់កម្ពុជា

មណ្ឌលគិរីដែលជាខេត្តស្ថិតនៅភូមិភាគឦសានប្រទេសកម្ពុជា នឹងក្លាយជាគោលដៅសក្តានុពលសម្រាប់ការអភិវឌ្ឍពីសំណាក់វិនិយោ​គិនក្នុងស្រុកនិងបរទេស ដោយ​សាររដ្ឋាភិបាលនឹងប្រែក្លាយខេត្តនេះទៅជាខេត្តអេកូទេសចរណ៍ធំបំផុតរបស់កម្ពុជា។

មួយវិញទៀត ខេត្តមណ្ឌលគិរី ក៏ត្រូវបានគេឲ្យឈ្មោះថា ជាខេត្តសមុទ្រឈើ ខេត្ត មានតំបន់ទេសចរណ៍ធម្មជាតិ ទឹកជ្រោះ និងមានអាកាសធាតុត្រជាក់ល្អ ដែលអំណោយផលចំពោះការវិនិ​យោគលើ អេកូទេសចរណ៍។

នាពេលកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានសិក្សាអំពីប្លង់មេសម្រាប់សាងសង់ព្រលានយន្តហោះក្នុងស្រុក នៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន។​ គម្រោងនេះមានផ្ទៃដីទំហំ​ប្រមាណ​ជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

បន្ថែមលើនេះ រដ្ឋបាលខេត្តក៏បានចំណាយទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីកសាង​សួនឧទ្យានសែនមនោរម្យផងដែរ។ សួនឧស្យាននេះមានទំហំធំជាងគេបង្អស់នៅកម្ពុជា ហើយបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅលើ​បរិវេណ​ដីអតីត​ប្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឧទ្យានយ៉ាងប្រណីតមួយនេះ មានរចនាបថរបស់ខ្មែរ មានដាំដើមឈើចម្រុះ ទីលានហាត់កីឡា សំណង់​វិមានឯករាជ្យ រូបសំណាងគង សំណាកឃ្លោក រូបសំណាកសេះ មានប្រព័ន្ធបាញ់ទឹកលម្អដោយភ្លើងពណ៌ចម្រុះ ដាំដើម​ឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរប​ស់ខេត្តឲ្យសមស្របនឹងអាកាសធាតុ។

លើសពីនេះ​ទៀតខេត្តក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិ។ សួនច្បារដ៏​ធំមួយ​នេះ​មាន​បណ្ដោយ ១.២០០ម៉ែត្រ ទទឹងប្រវែង១០០ ទៅ ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែងនិងគ្របដណ្តប់លើផ្ទៃដី ២០​ហិកតា​។

គួរបញ្ជាក់ថាក្រោយគម្រោងទាំង២ បានបញ្ចប់ខេត្តមណ្ឌលគិរីនឹងមានចំនួនភ្ញៀវទេស​ចរណ៍កាន់តែកើនឡើង ទាំងភ្ញៀវជាតិ និងអន្តរជាតិ ហើយមិនប៉ុណ្ណោះខេត្តនេះនឹងអាចទាក់ទាញអ្នកវិនិយោគបន្ថែមលើវិស័យអចលនទ្រព្យ៕

អត្ថបទដោយ: Nary