ផ្ទះតម្លៃសមរម្យនៅខេត្តកណ្តាល ប្រមាណជិត៧០០ខ្នងផ្ទះ ត្រូវបានប្រគល់ជូនពលរដ្ឋ
ភ្នំពេញ៖ លំនៅឋានតម្លៃសមរម្យចំនួន ៦៨០ ខ្នងផ្ទះ លើគម្រោងសរុប ២,៤៥៧ខ្នងផ្ទះដែលអភិវឌ្ឍដោយក្រុមហ៊ុន World Bridge Homes Co.,Ltd ត្រូវបានរៀបចំពីធីប្រគល់ផ្ទះជូនអតិថិជននៅភូមិគោគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី០៩ ខែមេសានេះ បានអញ្ជើញប្រគល់លំនៅឋានតម្លៃសមរម្យដែលអភិវឌ្ឍដោយក្រុមហ៊ុន World Bridge Homes Co.,Ltd ចំនួន៦៨០ខ្នងផ្ទះ លើគម្រោងសរុប ២,៤៥៧ខ្នងផ្ទះជូនប្រជាពលរដ្ឋ។
នាឱកាសនោះ លោក ជា សុផារ៉ា បានឲ្យដឹងថា ការប្រគល់លំនៅឋានសមរម្យនេះ គឺធ្វើឡើងដោយអនុវត្តតាមគោលនយោបាយជាតិស្តីពី លំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យអាចរស់នៅ បានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
លោករដ្ឋមន្រ្តីបានបន្ថែមថា លំនៅឋានតម្លៃសមរម្យនេះគឺជាគម្រោង ដែលមានការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម និងបរិស្ថាន ដែលនឹងផ្តល់នូវផលវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច ជូនចំពោះគ្រួសារមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ។
ជាពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥គម្រោង រួមមានលំនៅឋានសរុបចំនួន ៨,៣៣១ខ្នងផ្ទះ និង៧,២៥៦ ចំណែកឯកជនត្រូវបានអភិវឌ្ឍ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន២គម្រោង, ខេត្តកណ្តាល ចំនួន ២គម្រោង និងខេត្តបន្ទាយមានជ័យ ចំនួន ១គម្រោង។ នេះជាការបញ្ជាក់បន្ថែម ពីលោកជា សុផារ៉ា។
គួរបញ្ជាក់ថា គម្រោងទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេទីមួយនៅកម្ពុជា ដោយមានជួយគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការសាងសង់ជំហានទី១ ប្រមាណ ៦៨០ ល្វែង ទាំងស្រុង។
លោក ឧកញ្ញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ ប្រ៊ីដហូម បានគូសបញ្ជាក់ថា «លំនៅឋានតម្លៃសមរម្យនេះគឺជាការរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ដោយយើងបានកំណត់គោលដៅថាមិនគ្រាន់តែផ្តល់តម្លៃធូរថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តយើងបានផ្តោតសំខាន់លើការរៀបចំឲ្យក្លាយជាសហគមន៍ចម្រុះដ៏រឹងមាំ ដែលមានគុណភាព សោភ័ណភាព សុវត្ថិភាព ឱកាសការងារនិងអាជីវកម្ម ភាពងាយស្រួលនិងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ សម្រាប់គ្រួសារមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ។»
គម្រោងក៏បានផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួលច្រើនជម្រើសជូនដល់អតិថិជនរបស់គម្រោង ដោយពុំតម្រូវឲ្យមានប្រាក់កក់ ការបង់រំលស់ពុំមានការប្រាក់ក្នុងរយៈពេល ២៤ ខែដំបូង និងមានធនាគារដៃគូរអាចផ្តល់កម្ចីរហូតដល់ ៩០% នៃតម្លៃផ្ទះ ក្នុងអត្រាការប្រាក់ទាប និងរយៈពេលរហូតដល់ ២០ ឆ្នាំ។ អតិថិជនចំណាយត្រឹមតែ ២០៩ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ គឺអាចទទួលបានលំនៅឋាននិងសហគមន៍មួយដ៏ល្អនិងស្រស់ស្អាត៕