អ្នកជំនាញផ្នែកពន្ធ៖ ចង់ឈ្នះការដេញថ្លៃគម្រោងសាងសង់តូច-ធំ ទាល់តែចុះបញ្ជីក្រុមហ៊ុនឲ្យស្របច្បាប់ជាមុនសិន

អ្នកជំនាញផ្នែកពន្ធ៖ ចង់ឈ្នះការដេញថ្លៃគម្រោងសាងសង់តូច-ធំ ទាល់តែចុះបញ្ជីក្រុមហ៊ុនឲ្យស្របច្បាប់ជាមុនសិន

អ្នកជំនាញផ្នែកពន្ធដារ បានជំរុញឲ្យក្រុមហ៊ុនសាងសង់ទាំងអស់ ធ្វើការចុះបញ្ជីក្រុមហ៊ុន ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការចូលរួមដេញថ្លៃគម្រោងធំនានានិងចូលរួមប្រកួតប្រជែងដោយស្នើភាពនៅលើទីផ្សារ​សំណង់នៅកម្ពជា។

ការចុះបញ្ជីជាក្រុមហ៊ុនសាងសង់ស្របច្បាប់បានផ្តល់ឱកាសឲ្យក្រុមហ៊ុននោះមិនថាតូចឬធំមានសិទ្ធិស្នើគ្នាក្នុងការដេញថ្លៃគម្រោងធំៗនានាទាំងក្នុងនិងក្រៅស្រុក។

លោក រស់ វណ្ណារ៉ា អគ្គនាយកក្រុមហ៊ុន DAS Accouning Firm បានប្រាប់ KHB Media ថា ក្រៅពីទទួលបានភាពស្របតាមច្បាប់បន្ទាប់ពីចុះបញ្ជី ក្រុមហ៊ុននានា នឹងទទួលបាននូវអត្តប្រយោជន៍សំខាន់ៗបន្ថែមជាច្រើនទៀត រួមមាន ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ កិច្ចសហប្រតិបត្តិការ និង អំណាចចរចាជាមួយដៃគូ ការការពារតាមផ្លូវច្បាប់ ការការពារឈ្មោះក្រុមហ៊ុន និង ការឈានជើងចូលទីផ្សារធំៗ។

លោកបន្តថាក្រុមហ៊ុននឹងមានភាពងាយស្រួលក្នុងការបង្កើតគណនេយ្យធនាគាររបស់ក្រុមហ៊ុនបង្កើនសក្តា​នុ​ពល និងទំនុកចិត្តលើផលិតផល ឫសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្វីដែលកាន់ តែពិសេសទៀតនោះ ក្រុមហ៊ុនសាងសង់ទាំងអស់ មានសិទ្ធិពេញលេញក្នុងការចូលរួមដេញថ្លៃលើគម្រោងតូច-ធំ ទាំងក្នុង និងក្រៅប្រទេស តាមរយៈការប្រកួតប្រជែងក្នុងទីផ្សារនៅកម្ពុជា។

លោក វណ្ណារ៉ា ថា៖«មានម្ចាស់ម៉ៅការគម្រោងសាងសង់ភាគច្រើន បានតាំងខ្លួនជាក្រុមហ៊ុន ប៉ុន្តែពួកគេមិនទាន់បានចុះបញ្ជីពីក្រសួងពាក់ព័ន្ធនៅឡើយ ដូច្នេះមិនមែនជាក្រុមហ៊ុនស្របច្បាប់នោះទេ»។

លោកបានបន្តថា នៅពេលដែលក្រុមហ៊ុនមួយអាចប្រកាសពន្ធបាន លុះត្រាតែក្រុមហ៊ុននោះអនុលោមតាមផ្លូវច្បាប់ពេញលេញ ដោយចុះបញ្ជីពាណិជ្ជកម្ម ឬក្រុមហ៊ុនពីស្ថាប័នពាក់ព័ន្ធ ដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារជាដើម។

លោកអគ្គនាយកក្រុមហ៊ុន DAS Accouning Firmបានបញ្ជាក់ថា៖«សម្រាប់ក្រុមហ៊ុនភាគច្រើន មិនទាន់បានចុះបញ្ជីពីក្រសួងពាក់ព័ន្ធឱ្យបានត្រឹមត្រូវនោះទេ គឺមិនអាចចូលរួមដេញថ្លៃយកគម្រោងតូច-ធំជាច្រើនពីម្ចាស់សំណង់នោះទេ។ ដូច្នេះ ចង់ ឬមិនចង់ ពួកគេត្រូវតែចាប់ផ្តើមចុះបញ្ជីជាមួយក្រសួង និងបង់ពន្ធជូនរដ្ឋជាប្រចាំ»។

យ៉ាងណាមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងផងដែរថា ចំពោះក្រុមហ៊ុនដែលមិនមានចុះបញ្ជីនៅក្នុងក្រសួងឱ្យបានត្រឹមត្រូវ ក្រសួងនឹងមិនអនុញ្ញាតឱ្យដំណើរការប្រកបអាជីវកម្មឡើយ។ ប៉ុន្តែ លោកថា រដ្ឋាភិបាលនៅតែបន្ទន់ឥរិយាបថដល់ម្ចាស់ម្ចាស់សារជីវកម្មសាងសង់ទាំងអស់ រៀបចំចុះបញ្ជីឲ្យស្របតាមច្បាប់តម្រូវ។

ក្រសួងក៏បានព្រមានដល់អ្នក ដែលមិនបានចុះបញ្ជីនៅក្រសួងថា៖ «បើគ្មានការចុះបញ្ជីទេ ក្រុមហ៊ុនសំណង់នឹងត្រូវប្រឈមនឹងច្បាប់សាងសង់កម្ពុជា ឬក្រុមហ៊ុននឹងត្រូវបិទទ្វារ”»។

របាយការណ៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅឆ្នាំ២០១៩ នេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ចំនួនសរុប ៥២ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន ២១ និងក្រុមហ៊ុនបរទេសមានចំនួន ៣១។

របាយការណ៍ដដែលបង្ហាញឲ្យដឹងផងដែរថា គម្រោងសាងសង់ទូទាំងប្រទេសកម្ពុជាមានចំនួន ៤៤៣ គម្រោង ដែលមានតម្លៃទុនវិនិយោគជាង ៤៨៩លានលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ មានប្រមាណ ២៩៥ គម្រោង លើទុនវិនិយោគជាង ៨០៩ លានលានដុល្លារ ស្មើនឹង ៤៦,១៦ភាគរយ។ 

ដោយឡែក នៅឆ្នាំ២០១៨ កម្ពុជាមានក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្ម សិក្សាគម្រោងប្លង់មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន៕

អត្ថបទដោយ: Rath