ត្រីមាសទី១ឆ្នាំ២០២០ កម្ពុជានាំចូលគ្រឿងសំណង់មានតម្លៃសរុបជាង៣០០លានដុល្លារ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញទិន្នន័យនៃការនាំចូលគ្រឿងសំណង់នៅត្រីមាសទី១ ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចូលគ្រឿងសំណង់មានតម្លៃសរុបប្រមាណ ៣១៧លានដុល្លារ ក្នុងនោះសម្រាប់សម្ភារសំណង់ទូទៅមានតម្លៃជាង ២២៦លានដុល្លារ។
យោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបង្ហាញថាចាប់ពីខែមករាដល់ខែ មីនា ឆ្នាំ ២០២០ កម្ពុជានាំចូលគ្រឿងសំណង់ពីបរទេសមានតម្លៃសរុប ៣១៧, ៧៤ លានដុល្លារ ស្មើនឹងបរិមាណ ៨៧៩.៣៩៤ តោនក្នុងនោះសម្ភារសំណង់ទូទៅមានតម្លៃ ២២៦,៣៣ លានដុល្លារ ក្នុងបរិមាណ ៣៩៤.៣៤៥ តោន ដែកមានតម្លៃ ៦៦,៨២ លានដុល្លារ ក្នុងបរិមាណចំនួន ១០០.៤៤០ តោន និងស៊ីម៉ងត៍មានតម្លៃ ២៤,៥៧៣ លានដុល្លារ និងមានបរិមាណ ៣៨៣.៦០៣ តោន។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចូលគ្រឿងសំណង់មានតម្លៃសរុប ១.៦៩៦,៣១ លានដុល្លារ កើនឡើង ៥៨,៩៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃត្រឹម ១.០៦៧,០៤ លានដុល្លារ។ ចំណែកបរិមាណនៃការនាំចូលគឺមានកំណើន ៤៦,៧១ ភាគរយ ពីចំនួន ៣.១៨១.១៤១ តោន ទៅដល់ចំនួន ៤.៦៦៧.៥៥០ តោន។
សូមបញ្ជាក់ថាការនាំចូលគ្រឿងសំណង់មកកម្ពុជាភាគច្រើនគឺមកពីប្រទេស ចិន ថៃ វៀតណាម ម៉ាឡេស៊ី និងអាល្លឺម៉ង់ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ង់ត៌បានដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសដូចមុននោះទេ៕