ប៉េងហួតបរិច្ចាគ១០ម៉ឺនដុល្លារដល់មន្ទីរពេទ្រគន្ធបុប្ផាថ្ងៃបើកការដ្ឋាន PH Eco Mall

ប៉េងហួតបរិច្ចាគ១០ម៉ឺនដុល្លារដល់មន្ទីរពេទ្រគន្ធបុប្ផាថ្ងៃបើកការដ្ឋាន PH Eco Mall
ក្រុម​ហ៊ុន​ ប៉េង​ ហួត​ គ្រុប ​បាន​បរិច្ចាកថវិកា១០ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ស្រប​ថ្ងៃ​បើក​ការដ្ឋាន​សាង​សង់គម្រោង ផ្សារ ទំនើប PH Eco Mall ដែលស្ថិត​ក្នុង​គម្រោង ហ្គ្រេន​ស្តា​ផ្លាទីនីម​បឹង​ស្នោ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ​ កន្លង​ទៅនេះ ហើយ​​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ ថ្នាក់​ដឹកនាំ​ បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​របស់​ក្រុម​ហ៊ុន ប៉េង ហួត គ្រុប​ រួម​បញ្ចូល​ទាំង​ភ្ញៀវ​កិត្តិយស ​និង​អ្នក​កាសែត​ជាង​២០០នាក់ផងដែរ។ គម្រោង​នេះ​គ្របដណ្ដប់​ដោយ​ផ្សារ​ទំនើប​ ដែល​មាន​ផ្ទៃ​សំណង់​សរុប២៦ម៉ឺន​៨ពាន់ម៉ែត្រ​ក្រឡា ​​និង​ផ្ទៃ​ជួល ជិត​៩ម៉ឺន​ម៉ែត្រ ក្រឡា រួម​បន្ថែម​ទាំង​ចំណត​រថយន្ត​ ដែល​អាច​ចត​រថយន្ត​ និង​ម៉ូតូ​បាន​ដល់​ទៅ​  ជា​ង​ ៥ពាន់​គ្រឿង ​ឯណោះ។ គម្រោង​ផ្សារ​ទំនើប​នេះ​ នឹង​នាំ​មក​នូវ​ភាព​សម្បូរ​បែប​ថ្មីៗ ជា​ច្រើន​ដើម្បី​បម្រើ​ទទួល​ស្វាគមន៍​អតិថិជន​ជាតិ និង​ អន្តរជាតិ​ នូវ​បទ​ពិសោធន៍​ថ្មី​ដែល​មិនធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គម្រោង​នេះ​ នឹង​ពង្រីក​នូវ​គម្រោង​ហ្គ្រេន​ស្តា​ផ្លា ទីនីម​ ឲ្យ​ក្លាយ​ជា​ទីក្រុង​មួយ​ដែ​ល​កាន់​តែ​ទំនើប​ និង​សម្បូរ​បែប​បន្ថែម​ទៅ​លើ​ សាលារៀន​អន្តរជាតិ​ ដែល​បាន​បើក​ដំណើរ​ការ​ តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ រួម​បញ្ចូល​ទាំង​ក្លឹប​កីឡា​ និង​សួន​កម្សាន្ត​បែប​អឺរ៉ុប។ ក្នុង​ឱកាស​នោះ​ដែរ ក្រុមហ៊ុន បុរី ប៉េង ហួត​ គ្រុប ក៏បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​​សាធារណៈ​សង្គម​ ដោយ​បរិច្ចាគ​​ថវិកា​ចំនួន​១០ម៉ឺន​ដុល្លារ​ ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​ឱ​កាស​ ក្នុង​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ។ លោក​ ប៊ុន យ៉ៃ គុណករ តំណាង​មូលនិធិ​គន្ធបុប្ផា បានប្រាប់អ្នកសារព័ត៍មានថា នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​ចូលរួម​ចំណែក​បរិច្ចាគ​ថវិកា​ដល់ មូលនិធិ គន្ធបុប្ផា ដើម្បី​ជួយ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​កុមារ ដែល​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដែល​ព្យាបាល​កុមារ​និង​ស្ត្រី​មានផ្ទៃពោះ​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​គ្រប់​ៗ​គ្នា​ប្រកប​ទៅ​ដោយ​គុណភាព ប្រសិទ្ធភាព​ខ្ពស់ និង​ឥត​រើសអើង​។ បើ​ផ្អែកលើ​របាយការណ៍​របស់​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា កុមារ​ដែលមានជំងឺ​ចំនួន​១៤,៨៣៧,១៥៥ នាក់​បាន​ទទួល​ការពិនិត្យ ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែល​មាន​ជំងឺ និង​របួស​ធ្ងន់ៗ មាន​ចំនួន​១,៥១៦,៤៧១​នាក់ ត្រូវ​បាន​ជួយ សង្គ្រោះ និង​បានជា​សះស្បើយ​នៅ មន្ទីរពេទ្យ​គន្ធបុប្ផាក្នុង   ​រយៈ​ពេល២៤ឆ្នាំមក​នេះ៕  
អត្ថបទដោយ: Vutha