កុំភ្លេចណា! ព្រឹត្តិការណ៍ជួបជុំម៉ូតូលំដាប់អន្តរជាតិ នឹងធ្វើឡើងនៅខេត្តសៀមរាបនៅដើមខែធ្នូនេះ
សៀមរាប៖ កម្មវិធី Motorrad Angkor Festival 2019 ដែលជាព្រឹត្តិការណ៍ជួបជុំក្រុមម៉ូតូដ៏ធំដំបូងគេនៅកម្ពុជា នឹងប្រព្រឹត្តិទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ គឺជាការណាត់ជួបជុំគ្នារវាងក្រុមម៉ូតូនានាមកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ក្នុងនោះរួមមាន ក្រុមម៉ូតូមកពីប្រទេសថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡស៊ី និងប្រទេសចិន ដែលមានសរុបជាង ១.០០០នាក់។
ជាមួយគ្នានោះ នឹងមានការប្រណាំងម៉ូតូ ការតាំងពិព័រណ៌ម៉ូតូ និងផលិតផលថ្មីៗគ្រប់ប្រភេទ ការប្រគុំតន្ត្រី និងជាពិសេស គឺដើម្បីរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៍។
លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹប BMW Motorcycle Club Cambodia បានប្រាប់ KHB Media ថា ព្រឹត្តិការណ៍នេះបង្កើតឡើង ដើម្បីជួបជុំរវាងក្រុមម៉ូតូក្នុងស្រុកទាំងអស់ ជាមួយនឹងក្រុមម៉ូតូមកពីប្រទេសជិតខាងនានា។
លោកថ្លែងថា៖ «គោលដៅនៃព្រឹត្តិការនេះ គឺដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ ដែលបានបង្កើតជាក្រុមចុះបញ្ជីឈ្មោះក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្តី មិនទាន់បានចុះឈ្មោះក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សិលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។ ជាពិសេស ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រទេសនានាក្នុងតំបន់ ក៍ដូចជាក្នុងសកលលោក»។
ព្រឹត្តិការណ៍នេះទៀតសោធ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយវិស័យសណ្ឋាគារ និងផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រទេសនានាក្នុងតំបន់ ក៍ដូចជាក្នុងសកលលោក។
លោកបន្តថាការជ្រើសរើសខេត្តសៀមរាប ជាទីតាំងសម្រាប់រៀបចំកម្មវិធីនេះឡើង ដោយសារ សៀមរាបជាខេត្តគោលដៅទេសចរណ៍ ពិសេសមានប្រាសាទអង្គរវត្តដ៏ទាក់ទាញ។
បើតាមការបញ្ជាក់របស់លោក ខៃ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជា បានឱ្យដឹងដែរថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ជាព្រឹត្តិការណ៍មួយ ដែលមានការជួបជុំគ្នារវាងអ្នកស្នេហាវិស័យកីឡាយានយន្ត ដែលមានគោលដៅ ដើម្បីផ្សព្វផ្សាយកីឡាយានយន្តនៅកម្ពុជា។ ភាពអស្ចារ្យនៃព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នេះ ដោយបានរៀបចំរយៈពេល ៣ថ្ងៃ ដែលមានការប្រគុំតន្ត្រី ការប្រណាំងម៉ូតូ និងការតាំងពិរពណ៍អំពីឧស្សាហកម្មកីឡា។
ជាមួយគ្នានោះ នឹងមានការរៀបចំកម្មវិធីកម្សាន្ត ការតាំងពិព័រណ៌ ការហ្វឹកហាត់សាកល្បងការប្រណាំងម៉ូតូ និងការរៀបចំកម្មវិធីសប្បរសធម៍ ដោយរំពឹងថានឹងមានអ្នកចូលរួមក្នុងការទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ប្រមាណ ៥ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
តាមការបញ្ជាក់របស់លោក ប៊ុនរ៉េត នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការរៀបចំតាំងពិរពណ៍ផលិតផលពាក់ព័ន្ធនឹងយានយន្ត និងផលិតផលទូទៅចំនួនជាង ៣៥០ ស្តង់ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។
លោកប្រធានក្លឹបរូបនេះ ជឿជាក់ថា ក្រុមម៉ូតូរបស់កម្ពុជា នឹងអាចស្រូបយកបទពិសោធន៍ពីក្រុមម៉ូតូរបស់ប្រទេសជិតខាង ដែលបានមកចូលរួមការប្រណាំង។ ម្យ៉ាងវិញទៀត ក៏អាចទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេសបានកាន់តែច្រើនថែមទៀត តាមរយៈការផ្សព្វផ្សាយរបស់ពួកគេនៅលើបណ្តាញសង្គមព័ត៍មាន។ ទន្ទឹមនឹងគ្នានោះ អាចជំរុញឱ្យក្រុមម៉ូតូរបស់ខ្មែរ ចេះរួបរួមសហការគ្នាក្នុងការលើកស្ទួយវិស័យកីឡា និងចេះចូលរួមជួយការងារសង្គម តាមរយៈការប្រណាំងម៉ូតូ ដើម្បីរៃអង្គាសថវិកា។
ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ត្រូវបានផ្តួចផ្តើមឡើងដោយក្លឹប BMW Motorcycle Club Cambodia និង សហព័ន្ធយានយន្តកម្ពុជា នឹងសហការរៀបចំដោយក្រុមហ៊ុន KHB Media Plc ក្រុមហ៊ុន Khmer Ads Zone និងក្រុមហ៊ុនទេសចរណ៍ All Dreams។ ក្នុងនោះក៏មានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមយានយន្តកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ព្រមទាំង Think Plastic និង GREEN NATURAL WATER PURIFIRE។
ជាមួយគ្នានោះ នៅក្នុងកម្មវិធីជួបជុំអ្នកស្រឡាញ់ម៉ូតូនេះ មានការចូលរួមឧបត្ថម្ភពី ម៉ាហ្វីយ៉ា រីស្សត, G.T.V.C, ក្រុមហ៊ុន Cellcard, ក្រុមហ៊ុន Golden Oasis Entertainment Co. Ltd.,ក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ, ក្រុមហ៊ុនប្រេងរំអិល BCP, ទឹកបរិសុទ្ធ SKH Premium Water និងភេសជ្ជៈប៉ូវកម្លាំង Boxing។
សូមជម្រាបផងដែរថា សម្រាប់ឆ្នាំ២០១៩ នេះ ជាឆ្នាំដំបូងគេបង្អស់ ដែលបានរៀបចំព្រឹត្តិការណ៍ពិរពណ៍ និងការប្រណាំងម៉ូតូលំដាប់ពិភពលោក Motorrad Angkor Feastival 2019 ដែលនឹងរៀបចំឡើងនៅខេត្តសៀមរាប។ ដោយឡែក ព្រឹត្តិការណ៍ដ៏អសា្ចរ្យមួយនេះ នឹងធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង នៅតាមបណ្តាខេត្តផ្សេងៗគ្នា៕