CVEA បង្ហាញយុទ្ធសាស្រ្ត ៣ ដឹកនាំវិស័យអចលនទ្រព្យនៅកម្ពុជានាឆ្នាំ២០២០
ភ្នំពេញ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានបង្ហាញនូវយុទ្ធសាស្រ្តចំនួន ៣ចំណុច ដែលលោកបានប្រើ ដើម្បីពង្រឹងការងារ ទាក់ទាញបានប្រជាប្រិយភាពច្រើន ចំពោះកិច្ចការនាអាណ្តតិទី៦របស់ខ្លួន (ផ្តើមពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩)។ មិនត្រឹមអាចតម្រង់ទិសដៅការងារ តែគោលការណ៍ទាំងនោះ ជាគន្លឹះសំខាន់ គាំទ្រដល់ការងារផ្សេងទៀត រួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ហើយលោកក៏នៅតែប្រើយុទ្ធសាស្ត្រទាំងបីនេះ ដើម្បីដឹកនាំក្រុមការងារឆ្ពោះទៅរកគោលដៅជោគជ័យ សម្រាប់ការងារនាអាណ្ដតិថ្មីនេះផងដែរ។
(រូបតំណាង)
(លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា)
សម្រាប់អាណាត្តិទី៧ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០) នេះ ប្រធាន CVEA (សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា) បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តការងារចំនួន ៣ចំណុចទៀត ប្រើជាផែនការមេ បង្កើតផែនទីបង្ហាញផ្លូវ ដើម្បីឈានទៅសម្រេចគោលដៅរបស់សមាគម ជួយបណ្តុះបណ្តាលធនធានមនុស្ស ធ្វើជាភ្នាក់ងារអចលនវត្ថុដ៏ល្អនៅកម្ពុជា។
(រូបតំណាង)
យុទ្ធសាស្រ្តទី១ គឺផ្តល់អាទិភាពរាល់កិច្ចការលើកកម្ពស់ការអភិវឌ្ឍន៍របស់សមាជិក។ ផ្តោតសំខាន់លើការផ្តល់ចំណេះដឹង តាមរយៈវគ្គបណ្តុះបណ្តាលនានា ដល់អ្នកវាយតម្លៃអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងអ្នកគ្រប់គ្រងអចលនវត្ថុ។ ពេលសមាជិកទាំងអស់មានចំណេះដឹងជ្រៅជ្រះ ពួកគេនឹងមានទុនប្រកបរបរ ផ្នែកអចលនទ្រព្យ និងគ្រប់គ្រងអចលនទ្រព្យបានត្រឹមត្រូវ ពិសេសជួយពង្រីកទំនាក់ទំនងរវាងសមាគមក្នុងស្រុក និងអន្តរជាតិ។
យុទ្ធសាស្រ្តទី២ បង្កើនភាពងាយស្រួល និងផ្តល់គុណតម្លៃសម្រាប់ការចូលរួមរបស់សមាជិក ដោយបន្ថយតម្លៃបង់វិភាគទានដើម្បីចុះឈ្មោះចូលជាសមាជិកមកទាបជាងមុន។ សមាជិកនឹងមានច្រើន អ្នកទទួលការបណ្តុះបណ្តាលក៏កើន ដូច្នេះវិស័យអចលនទ្រព្យនឹងមានសកម្មភាពរស់រវើកជាងមុន។ ឯការបង្កើតក្រុមប្រឹក្សាយោបល់ផ្នែកច្បាប់ ក៏ត្រូវយកមកពិភាក្សាគ្នាឡើងវិញ ដើម្បីបង្កើនបរិយាកាសការងារល្អ ហើយប្រកបរបរមានការធានាត្រឹមត្រូវ។
ឯយុទ្ធសាស្រ្តទី៣ ឱ្យតម្លៃការងារជាក្រុម ធ្វើការប្រកបដោយសមធម៌ ពង្រឹងគុណភាពការងារជាក្រុមរវាងសមាជិក។ គ្មានការរើសអើង ហើយផ្តល់ជំនួយបច្ចេកទេសប្រឹក្សាយោបល់បន្ថែម លើការធ្វើអាជីវកម្មដល់សមាជិក។ សមាជិកទាំងអស់ គឺជាដៃគូធ្វើការរួមគ្នា ផ្តល់ឱកាសឱ្យគ្នា ហើយចេះផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ឈានឆ្លើយតបតម្រូវការវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជារួមគ្នា។
តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះក៏បានបង្ហាញការយល់ឃើញបែបវិជ្ជមាន ចំពោះការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ថានឹងនៅតែបន្តមានការរីកចម្រើនដដែល។ លោក សុខនីម បានអះអាងថា នាឆ្នាំ២០២០នេះ វិស័យអចលណទ្រព្យនៅកម្ពុជា នឹងស្ថិតក្នុងស្ថានភាពល្អប្រសើរ មិនខុសគ្នាពីឆ្នាំ២០១៩ ប៉ុន្មាននោះឡើយ។
បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ដើម្បីឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើន ទាមទារអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាមួយរដ្ឋាភិបាល ព្រោះកម្ពុជាបច្ចុប្បន្ន នៅមានភាពខ្វះចន្លោះទិន្ន័យផ្នែកទីផ្សារអចលនទ្រព្យនៅឡើយ៕