អ្នកជំនាញ៖ ស្ថានភាពនយោបាយមិនជះឥទ្ធិពលដល់វិស័យអចលនទ្រព្យកម្ពុជាទេ

អ្នកជំនាញ៖ ស្ថានភាពនយោបាយមិនជះឥទ្ធិពលដល់វិស័យអចលនទ្រព្យកម្ពុជាទេ

បើទោះបីជាស្ថានភាពនយោបាយនៅក្នុងស្រុកកើនកម្តៅបន្តិចក៏ពិតមែន តែអ្នកជំនាញលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដោយគម្រោងវិនិយោគ គម្រោងសាងសង់ហូរចូលក្នុងប្រទេសនេះជាបន្តបន្ទាប់ ពីវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុក។

អ្នកជំនាញក៏បានធ្វើការបញ្ជាក់ដែរថា ស្ថានភាពនយោបាយបច្ចុប្បន្នេះន មិនបានជះផលអវិជ្ជមានណាមួយ ដល់កំណើននៃវិស័យអចលនទ្រព្យកម្ពុជានោះឡើយ។

ការលើកឡើងបែបនេះ ស្របពេលដែលមានមតិមួយចំនួន បានបង្ហាញក្តីបារម្ភចំពោះ​វិស័យអចលនទ្រព្យកម្ពុជា ថាអាចនឹងមានការថយចុះអ្នកវិនិយោគលើផ្នែកនេះ ខណៈ​ដំណើរ​វិល​ចូល​ស្រុកសារជាថ្មី​របស់អតីតមេបក្សប្រឆាំង ​លោក សម រង្ស៊ី  មកកាន់ប្រទេសកម្ពុជានឹងមកដល់ឆាប់ៗនេះ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើកម្តៅនយោបាយបច្ចុប្បន្ន អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាដែរឬទេ? ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានថ្លែងកាលពីពេលថ្មីៗនេះថា សម្រាប់បរិបទនៃវិស័យអនទ្រព្យកម្ពុជា នៅតែបន្ដមានស្ថិរភាពល្អ និងរឹងមាំ ដែលគ្មានចំនុចណាមួយគួរឱ្យព្រួលបារម្ភឡើយ។

លោកបន្តថា ស្ថានភាពនយោបាយ មិនបានប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងស្រុកទេ ព្រោះនៅតែ​មាន​សន្ទុះខ្លាំង ហើយក៏មិនបានប៉ះពាល់ដល់វិយោគគិនបរទេសនោះដែរ ខណៈការវិយោគពី​បរទេសនៅមានចំនួនតិចតួចនៅឡើយ។

លោកក៏បានវាយតម្លៃថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជា​ នឹងបន្តមាន​ភាពរឹងមាំ​យ៉ាង​ច្បាស់​លាស់ ក្នុង​​រយៈពេល​ពីនេះ រហូតដល់​ឆ្នាំ​៥​ឆ្នាំ​ទៀត ​មិនមាន​បញ្ហា​ទេ គឺ​មានការ​លូតលាស់​ជា​បន្តបន្ទាប់ ហើយ​អ្នក​វិនិយោគ​គួរតែ​ចាប់​ឱកាស​នេះ​ដើម្បី​វិនិយោគ​។

ពាក់ព័ន្ធនឹងស្ថានភាពនៃកម្តៅនយោយបាយបច្ចុប្បន្ននេះដែរ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​ក៏ធ្លាប់លើកឡើង​ថា​ ការរីកចម្រើននៃវិស័យអចលនៈទ្រព្យនេះ គឺបានបង្ហាញនូវការជឿជាក់របស់អ្នកអភិវឌ្ឍន៍អចលនវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល

តួយ៉ាង ក្រសួងក៏បានបញ្ចេញរបាយការណ៍មួយ ស្តីពី បូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០១៩ និងទិសដៅការងារបន្តរបស់ក្រសួង បានឱ្យដឹង ថា គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ទុន​វិនិយោគ​នៅ​ក្នុងវិស័យ​សំណង់​មាន​ជាង​៦​ពាន់​លាន​ដុល្លារ​ បានកើនឡើង​ជាង​៣៤%​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​។​

យ៉ាងណា ក្នុងនាមប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ក៏បានប្ដេជ្ញាចិត្តកៀរគរវិនិយោគិនបរទេសពីជុំវិញពិភពលោក ឲ្យមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​និង​ល្បីឈ្មោះ​លើ​ទីផ្សារ​អន្តរជាតិ​៕

,,

អត្ថបទដោយ: Pisey