លោក ជា សុផារ៉ា៖ ការដ្ឋានសំណង់មួយចាំបាច់ត្រូវមានវិស្វករប្រចាំការដ្ឋាន ២នាក់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
លោក ជា សុផារ៉ា បានឲ្យដឹងថា រាល់ការសាងសង់សំណង់គ្រប់ប្រភេទនៅទូទាំងប្រទេស គឺត្រូវតែមានវិស្វករចំនួន២នាក់ នៅប្រចាំក្នុងការដ្ឋានសាងសង់ដើម្បីឱ្យការសាងសង់មានគុណភាព និងសុវត្ថិភាពទៅដល់កម្មករ បើមិនដូចច្នេះទេមិនអនុញ្ញាតឲ្យដំណើរការការដ្ឋានឡើយ។
ការព្រមានរបស់លោករដ្ឋមន្រ្តីរៀបចំដែនដី បានធ្វើឡើង នៅក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីច្បាប់សំណង់ សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលមានដូចជា គណៈវិស្វករ គណៈស្ថាបត្យករនិងវិស្វករ ស្ថាបត្យករ សរុបចំនួន ៧២៥នាក់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាលើកចុងក្រោយ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
លោកបានបញ្ជាក់ថាក្នុងករណី មន្ត្រីបច្ចេកទេស រកឃើញសំណង់ទាំងឡាយណាដែលមិនអនុវត្តតាមច្បាប់ខាងលើ ក្រសួងនឹងបញ្ឈប់ការសាងសង់ និងឃាត់ខ្លួនម្ចាស់សំណង់ ដើម្បីពិន័យតាមច្បាប់ដែលបានកំណត់។
សូមបញ្ជាក់ថាច្បាប់សំណង់នេះក៏មានគោលដៅក្នុងការរួមចំណែកលើកកម្ពស់ជំនឿជឿជាក់ ដល់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យ។ វាមានន័យថា យើងអាចទិញ-លក់អចលនទ្រព្យដែលយើងបានសាងសង់ហើយនិងផ្ទេរកម្មសិទ្ធដីធ្លី និង អចលនទ្រព្យផ្សេងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពស្ងប់ក្នុងចិត្តចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួនដោយស្របច្បាប់គ្មានការព្រួយបារម្ភ៕