ភ្នំពេញនឹងមានស្ពានឆ្លងកាត់ទន្លេសាបថ្មីតម្លៃ៣៥លានដុល្លារ

ភ្នំពេញនឹងមានស្ពានឆ្លងកាត់ទន្លេសាបថ្មីតម្លៃ៣៥លានដុល្លារ
ក្រុមហ៊ុនសាជីវកម្មអនិកជនកម្ពុជា (OCIC) កំពុងសាងសង់ស្ពានឆ្លងកាត់​ទន្លេសាប​ថ្មីមួយទៀត ដែលមានតម្លៃសាងសង់ចំនួន​ ៣៥លាន ដុល្លារ ដើម្បីជួយសម្រួលការ​ធ្វើចរាចរណ៍រវាងខ័ណ្ឌឬស្សីកែវ និង ខ័ណ្ឌជ្រោយចង្វារ។ ស្ពាននេះត្រូវបានរំពឹងទុកថា​នឹងមានតួនាទីយ៉ាងសំខាន់សម្រាប់ ​ជួយសម្រួលដល់​ការធ្វើចរាចរណ៍ ខណៈដែលស្ពានមិត្តភាពកម្ពុជា និង ជប៉ុន (ស្ពានជ្រោយចង្វារទី១)​ត្រូវបានបិទការធ្វើ​ចរាចរណ៍​ដើម្បីជួសជុល។ ស្ពានថ្មីនេះនឹងតភ្ជាប់ពីតំបន់ នៅជិតស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច នៃខ័ណ្ឌឫស្សីកែវ ទៅកាន់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ​ ដែលស្ថិតនៅ​សង្កាត់ព្រែកតាសេក នៃខ័ណ្ឌជ្រោយចង្វារ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និង កាត់បន្ថយការកក ស្ទះចរាចរណ៍ ពីការឆ្លង​កាត់​តាមស្ពានជ្រោយចង្វារចាស់។ លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានប្រាប់កាសែត ខ្មែរថែមស៍។ ស្ពានថ្មីនេះនឹងមានទទឺងប្រវែង ២០,៥ មែត្រ និង​មានបណ្តោយប្រវែង ៥០០មែត្រ ដែលការសាងសង់នឹងត្រូវចំណាយពេល២៨ខែ ទើប បញ្ចប់។ ក្រុមហ៊ុន OCIC ទទួលបានថវិកាចំនួន ៣៥លានដុល្លារដើម្បីសាងសង់ស្ពាន​នេះ​ពីថវិកាអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយ ចង្វារ។ ក្រុមហ៊ុន OCIC ក៏បានប្រកាសពីទំហំទឹកប្រាក់វិនិយោគសរុប សម្រាប់គម្រោងអភិវឌ្ឍន៍​ទីក្រុង​រណបមួយនេះចំនួន ១,៦ ពាន់ លានដុល្លារផងដែរ។ នៅពេលបញ្ចប់ ទីក្រុងរណបមួយនេះ នឹងគ្របដណ្តប់លើផ្ទៃដី ២៨៥ហិកតា ដែល​នឹងមានលំនៅដ្ឋានជាច្រើនសណ្ឋាន មជ្ឍមណ្ឌល កីឡា ស្ថាប័ន​នានា​របស់រដ្ឋ មជ្ឍមណ្ឌលពាណិជ្ជកម្ម និង រោងចក្រផលិតថាមពលអគ្គិសនី។
អត្ថបទដោយ: Medikan