អេហ្ស៊ីបសម្រេចបោះទុន ២៣០លានដុល្លារ បង្កើតរោងចក្រផលិតឈើធ្វើពីចំបើងស្រូវសាលី

អេហ្ស៊ីបសម្រេចបោះទុន ២៣០លានដុល្លារ បង្កើតរោងចក្រផលិតឈើធ្វើពីចំបើងស្រូវសាលី

អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីប មានគម្រោងសាងសង់រោងចក្រតម្លៃ ២៣០ លានដុល្លារអាមេរិក សម្រាប់កែច្នៃចំបើងស្រូវសាលី ទៅជាផលិតផលឈើក្តារ សម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងវិស័យសំណង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Ahram Online កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។

រោងចក្រ ដែលអាហ្ស៊ីប គ្រោងសាងសង់នោះ គឺស្ថិតនៅខេត្ត Beheira ក្នុងតំបន់ដី សណ្តរ​Nile។ រោងចក្រនេះនឹងមានសមត្ថភាពផលិតបានឈើក្តារ ប្រមាណ ២០០,០០០ ម៉ែត្រ​គូបក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យា និងផ្គត់ផ្គង់ដោយក្រុមហ៊ុនវិស្វកម្មអាល្លឺម៉ង់ឈ្មោះ Siempelkamp ។

ការយកចំបើង ដែលជាវត្ថុធាតុដើមសេសសល់ពីការប្រមូលផលស្រូវក្នុងវិស័យកសិកម្ម មកផលិតជាផលិតផលឈើនេះ បានផ្តល់ផលប្រយោជន៍ដល់ការកាត់បន្ថយការបំពុលបរិ​យា​កាស ជាជាងការដុតបំផ្លាញចំបើងស្រូវសាលីចោល។

កិច្ចព្រមព្រៀងសម្រាប់គម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២០ រវាងក្រុមហ៊ុន Siempelkamp និងក្រុមហ៊ុន Wotech ដែលជាក្រុមហ៊ុនបច្ចេក​វិទ្យាឈើថ្មីមួយ គ្រប់គ្រងដោយរដ្ឋអេហ្សីបផ្ទាល់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Wotech ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀត ជាមួយក្រុមហ៊ុនប្រេង Petrojet ដែលគ្រប់គ្រងដោយរដ្ឋផងដែរ។

រោងចក្រនេះ នឹងសាងសង់ឡើងដំបូងនៅក្នុងខែតុលា ហើយវានឹងក្លាយជារោងចក្រទី២ នៅលើពិភពលោក បន្ទាប់ពីរោងចក្រមួយ បង្កើតឡើងកាលពីឆ្នាំមុន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

រោងចក្រដែលមានទឹកប្រាក់ ៣១៥ លានដុល្លារនេះ ត្រូវបានសាងសង់នៅ Willows ជាតំបន់ដាំដុះស្រូវមួយនៅភាគខាងជើងនៃ Sacramento ដោយក្រុមហ៊ុន CalPlant ដែលនឹងកែច្នៃចំបើងបានចំនួន ៣០០.០០០តោនក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ តាមការពិសោធន៍ក្នុងការផលិតឈើកែច្នៃ (MDF) ពីចំបើងស្រូវសាលីនេះ អេហ្ស៊ីប ក៏អាចជួបនឹងបញ្ហាជាមួយនឹងការចំណាយ និងគុណភាពផងដែរ សម្រាប់ផលិតគ្រឿងសង្ហារឹម សំណង់ និងការតុបតែង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិយាកាសអេហ្ស៊ីប៕

អត្ថបទដោយ: Rath