២០២១ក្រសួងសាធារណការនឹងស្ថាបនាផ្លូវ៤ខ្សែក្នុងខេត្តក្រចេះ និងត្បូងឃ្មុំ

២០២១ក្រសួងសាធារណការនឹងស្ថាបនាផ្លូវ៤ខ្សែក្នុងខេត្តក្រចេះ និងត្បូងឃ្មុំ
ផ្លូវជាតិលេខ៧ ខេត្តក្រចេះ (កំណាត់ផ្លូវពីរង្វង់មូលខ្លាស្ទុះ ទៅអូរច្រឡង់)

ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់លើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រសួងនឹងផ្តើមអនុវត្តគម្រោងស្ថាបនាកែលម្អគុណភាពផ្លូវចំនួន ៤ខ្សែ នាខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ជាគម្រោងស្ថិតក្រោមហិរញ្ញប្បទានវិនិយោគ ដោយធនាគារពិភពលោក (World Bank) ផ្លូវទាំងនោះ មានមួយខ្សែ ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងផ្លូវបីខ្សែទៀត ស្ថិតក្នុងខេត្តក្រចេះ។

(រូបតំណាង៖ កំណាត់ផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ)

(រូបតំណាង៖ សកម្មភាពជួសជុលថែទាំផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នាពេលកន្លងមក)

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ខេត្តត្បូងឃ្មុំ ត្រូវស្ថាបនាផ្លូវជាតិលេខ៧៣ ពីភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ រហូតភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ មានប្រវែង ៥០គីឡូម៉ែត ដោយចាក់អ៊ុតក្រាលកៅស៊ូ AC។ ឯផ្លូវបីខ្សែទៀត ស្ថិតក្នុងខេត្តក្រចេះ រួមមាន ទី១ ពីឃុំស្វាយជ្រះ ស្រុកស្នួល រហូតក្រុងក្រចេះ មានប្រវែងសរុប ៣១,២៥គីឡូម៉ែត ចាក់អ៊ុតក្រាលប្រភេទកៅស៊ូ AC ទី២ ៥០០ម៉ែត ពីរង្វង់មូលព្រាបស នាក្រុងក្រចេះ ទៅទីរួមស្រុកសំបូរ មានប្រវែងសរុប ៣៥,៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ (DBST) និងទី៣ ពីផ្សារសណ្តាន់ (ផ្សារសាមគ្គីសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ទៅផ្លូវជាតិលេខ៧ មានប្រវែងសរុប ១៣,៦គីឡូម៉ែត ក្រាលកៅស៊ូពីរជាន់ (DBST)។

(រូបតំណាង៖ សកម្មភាពជួសជុលថែទាំផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នាពេលកន្លងមក)

(រូបតំណាង៖ សកម្មភាពកសាងស្ពានទី១ ពីរង្វង់មូលព្រាបស ទៅកាន់ទីរួមស្រុកសំបូរ (ផ្លូវខេត្តលេខ៣៧៧)​ )

បើតាមការអះអាងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងកែលម្អគុណភាពផ្លូវ នាឆ្នាំ២០២១ នេះ ជ្រើសប្រើប្រាស់ចាក់អ៊ុតក្រាលប្រភេទកៅស៊ូ AC និងកៅស៊ូពីរជាន់ DBST ព្រោះជាប្រភេទកៅស៊ូដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ សម្រួលដល់ការធ្វើដំណើរពីតំបន់ជនបទ ឆ្ពោះទៅសាលារៀន មណ្ឌលសុខភាព ផ្សារ ទីប្រជុំជន និងបណ្តាញផ្លូវសំខាន់ៗផ្សេងទៀត៕

(រូបតំណាង៖ សកម្មភាពជួសជុលថែទាំផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នាពេលកន្លងមក)

អត្ថបទដោយ: Nary