GMAC អំពាវនាវដល់ម្ចាស់អគារជួលឲ្យរោងចក្របញ្ចុះថ្លៃឈ្នួល៣០% ខណៈបច្ចុប្បន្នរោងចក្រ១៨០ ប្រកាសព្យួរប្រតិបត្តិការ

GMAC អំពាវនាវដល់ម្ចាស់អគារជួលឲ្យរោងចក្របញ្ចុះថ្លៃឈ្នួល៣០% ខណៈបច្ចុប្បន្នរោងចក្រ១៨០ ប្រកាសព្យួរប្រតិបត្តិការ

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អំពាវនាវដល់ម្ចាស់អគារទាំងអស់ដែលជួលឲ្យ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០% ក្នុងរយៈពេល ៣ខែ ទៅ ៦ខែ ដើម្បីជួយសម្រាលបន្ទុកស្របពេលជួបវិបត្តិធ្ងន់ធ្ងរ។

ការអំពាវនាវនេះស្របពេលដែលរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែក ជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាចំនួន ១៨០ រោងចក្រ ហើយបានប្រកាសព្យួរប្រតិបត្តិការ ហើយមានរោងចក្រប្រមាណ៦០ ទៀតកំពុងប្រឈមដែលធ្វើឲ្យប៉ះពាល់ដល់កម្មករដោយផ្ទាល់ប្រមាណ ២០ម៉ឺននាក់ និងដោយប្រយោលប្រមាណ ២លាននាក់។

លិខិតអំពាវនាវរបស់ GMAC ចុះថ្ងៃទី ៨ ខែឧសភា បានបញ្ជាក់ថា៖ «សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ប៉ុន្តែយើងពិតជាអំពាវនាវដល់ម្ចាស់អគារនានាដែលកំពុងជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០ភាគរយ សម្រាប់រយៈពេល ៣ទៅ ៦ខែ»

GMAC បានអះអាងបន្តថាការចុះថ្លៃឈ្នួលនេះអាចនឹងជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ ខណៈការព្យួរផលិតកម្មរបស់រោងចក្រក្នុងអំឡុងពេលនេះគឺរោងចក្រ មិនអាចទ្រទ្រង់បាននូវបន្ទុកចំណាយនានា ហើយចំណូលក៏មានការធ្លាក់ចុះផងដែរ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបញ្ជាក់ថា៖ «ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំងគឺជាបន្ទុក ចំណាយដ៏ធ្ងន់ធ្ងរស្របពេលដែលសមាជិករបស់យើងកំពុងរងគ្រោះដោយសារការលុបចោលនៃការបញ្ជាទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះក៏ដូចជា ការចំណាយផ្សេងៗដទៃទៀត»

គួរបញ្ជាក់ថាដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យវិស័យកាត់ដេរនៅកម្ពុជាជួបនូវវិបិត្តធ្ងន់ធ្ងរក្នុងនោះរោងចក្រចំនួន ១៨០ បានប្រកាសព្យួរប្រតិបត្តិការ ហើយមានរោងចក្រប្រមាណ៦០ ទៀតកំពុងប្រឈមដែលធ្វើឲ្យប៉ះពាល់ដល់កម្មករដោយផ្ទាល់ប្រមាណ ២០ម៉ឺននាក់ និងដោយប្រយោលប្រមាណ ២លាននាក់ផងដែរ៕

អត្ថបទដោយ: Nary