មន្ទីពេទ្យតម្លៃ ៧លានដុល្លារបើកដំណើរការខណៈកម្ពុជាផ្ទុះការរីករាលដាលនៃវីរូសកូវីដ១៩

មន្ទីពេទ្យតម្លៃ ៧លានដុល្លារបើកដំណើរការខណៈកម្ពុជាផ្ទុះការរីករាលដាលនៃវីរូសកូវីដ១៩

ភ្នំពេញ​៖ ស្របពេលប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហា មានការរីករាលដាលមេរោគកូវីដ១៩ នៅតាមបណ្តារាជធានីខេត្តរហូតចំនួន ១២តំបន់ ទៅហើយនោះ មន្ទីរពេទ្យស្តង់ដារប្រទេសសិង្ហបុរីមួយ បែរជាប្រកាសបើកដំណើរការ ផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺនៅកម្ពុជា ក្នុងទំហំទុនវិនិយោគចំនួន ៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគបង្កើត មន្ទីរពេទ្យ ដឹប្រេស្ទីហ្ស៍ (The Prestige Hospital) ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ​ពីគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មកម្លេះ។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឱ្យពិធីបើកដំណើរការមន្ទីរពេទ្យ កាលពីថ្ងៃទី៣០ ខែមីនា កន្លងមកនេះ ប្រៀបដូចមានការរៀបចំតម្រូវនឹងស្ថានការ ខណៈកម្ពុជារងការវាយប្រហារពីមេរោគកូវីដ១៩។

នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឹប្រេស្ទីហ្ស៍ លោកវេជ្ជបណ្ឌិត Tay Christopher ធ្លាប់បានផ្តល់សម្ភាសឱ្យបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួននាពេលកន្លងមកថា មន្ទីរពេទ្យរបស់លោកមានបន្ទប់សម្រាកព្យាបាលសម្រាប់អ្នកជំងឺរហូតចំនួន ១០០បន្ទប់។ ដ្បិតមានការវិនិយោគរហូតខ្ទង់លានដុល្លារ មានវេជ្ជបណ្ឌិតបម្រើការងារមកពីប្រទេសសិង្ហបុរី បារាំង និងសហរដ្ឋអាមេរិក តែអ្នកគ្រប់គ្រងមន្ទីរពេទ្យរូបនេះបានអះអាងថា ស្ថាប័នខ្លួនបានផ្តល់ជូនតម្លៃព្យាបាលសមរម្យ តម្រូវនឹងជីវភាពរបស់ពលរដ្ឋខ្មែរ ហើយទាបជាងតម្លៃព្យាបាលរបស់មន្ទីរពេទ្យប្រទេសសិង្ហបុរី។

ទាក់ទងនឹងការត្រៀមមន្ទីរពេទ្យសម្រាប់ឱ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល លោកនាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងបញ្ជាក់នៅក្នុងពិធី ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ ៤២២នាក់ កាលពីខែមីនាកន្លងមកថា នៅរាជធានីភ្នំពេញ រដ្ឋបានត្រៀមរៀបចំកន្លែងព្យាបាលចំនួន ៥ទីតាំង សម្រាប់ទទួលអ្នកជំងឺរួចរាល់អស់ហើយ។ កន្លែងព្យាបាលនោះមានដូចជា សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារ Intercontinental) មន្ទីរពេទ្យមិត្យភាពខ្មែរសូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យចាក់អង្រែ និងពេទ្យយោធាដែលនៅមិនទាន់ប្រើប្រាស់នៅឡើយ។ ដោយឡែកនៅទូទាំងប្រទេសកម្ពុជា រដ្ឋាភិបាលបានត្រៀមបន្ទប់សម្រាកព្យាបាលរហូត ៣០០០បន្ទប់ ដែលប្រែក្លាយពីសណ្ឋាគារ និងអន្តេវេសិកដ្ឋានរបស់សាលារៀនជាដើម៕

អត្ថបទដោយ: Nary