Adidas កែច្នៃដបប្លាស្ទិកចាស់ ១.៨លានដប ដើម្បីសាងសង់តារាងបាល់ទាត់

Adidas កែច្នៃដបប្លាស្ទិកចាស់ ១.៨លានដប ដើម្បីសាងសង់តារាងបាល់ទាត់

អាម៉េរិក៖ ថ្មីៗ​នេះ ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ និង​សម្ភារៈ​កីឡា​ដ៏ល្បីល្បាញ​របស់​សហរដ្ឋ​អាម៉េរិក Adidas​បាន​សាងសង់​តារាង​បាល់​ទាត់​មួយ​សម្រាប់​សាលារៀន នៅ​ក្នុង​តំបន់ Miami រដ្ឋ Florida ដោយ​ប្រើប្រាស់​ដបប្លាស្ទិក​ចាស់ៗ​ប្រហែល ១.៨​លាន​ដប ដែលប្រមូលមកពីកោះដាច់ស្រយាល តំបន់ឆ្នេរ និងសហគមន៍ជាប់សមុទ្រមួយចំនួន ហើយបើគិតជាទំងន់សរុបគឺប្រហែល ៤ ម៉ឺនផោន។

ការសាងសង់នេះ ត្រូវបានគេកោតសរសើរថាជាដំណោះស្រាយថ្មី ដែលមានប្រយោជន៍ខ្លាំងចំពោះបរិស្ថាន ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជ័រកៅស៊ូលើការសាងសង់តារាងបាល់ទាត់ ជាពិសេសការជម្រុញឲ្យបរិស្ថាននៅតំបន់ជាប់សមុទ្រ កាន់តែមានភាពប្រសើរឡើង។

លោក James Carnes មន្រ្តីយុទ្ធសាស្រ្តផ្នែកម៉ាក្សយីហោសកលរបស់Adidas បានលើកឡើង ថា តារាងបាល់ទាត់នេះ ត្រូវបានសាងសង់ពីដបប្លាស្ទិកដែលប្រមូលចេញ ពីតំបន់ក្បែរសមុទ្រ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលទឹកសមុទ្រ។

លោកបន្ថែមថា៖ «យើងមានជំនឿចិត្តថា តាមរយៈកីឡា យើងមានថាមពលក្នុងការផ្លាស់ប្តូរ ហើយនេះគឺជាការបង្ហាញសកម្មភាពរបស់យើងទៅលើជំនឿនោះ។ ក្រៅពីជាកន្លែងសម្រាប់អត្តពលិកវ័យក្មេង តារាងបាល់ទាត់នេះក៏បង្ហាញពីការទទួលខុសត្រូវរួមរបស់ពួកយើង ក្នុងការបញ្ចប់បញ្ហាកាកសំណល់ប្លាស្ទិកផងដែរ»។

ជាទៅ ស្មៅសិប្បនិម្មិត​នៃតារាងបាល់ទាត់ស្ទើរតែ ត្រូវបានផលិតឡើងពីសារធាតុជ័រកៅស៊ូ ព្រោះវាមានលក្ខណៈពិសេស ដែលអាចឲ្យបាល់លោតបានល្អ។ ប៉ុន្តែក្រុមហ៊ុន Adidas បានយកដបប្លាស្ទិកចាស់ៗមកសម្អាត និង ថែរក្សាយ៉ាងល្អ បន្ទាប់មកទើបបម្លែងវាជាធាតុផ្សំនៃស្មៅសិប្បនិម្មិត្តសម្រាប់ក្រាលតារាង។ គេជឿថាទីលានថ្មីនេះ នឹងមានឥទ្ធិពលកាន់តែប្រសើរចំពោះការប្រកួត ជាពិសេសលក្ខខណ្ឌសុវត្ថិភាពរបស់កីឡា ព្រោះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៅពេលមានការដួល ឬរអិលលើទីលានប្រកួត។

គួររំលឹកថា ការសាងសង់តារាងបាល់ទាត់ខាងលើនេះ ជាជំនួយឧបត្ថមមួយរបស់ក្រុមហ៊ុន Adidas ទៅកាន់វិទ្យាល័យ Miami Edison ដើម្បីជាការរួចចំណែក បង្កើនទីលានកីឡាដែលមានចេរភាពចំពោះបរិស្ថាន លើកកម្ពស់ការកែច្នៃសំណល់ និងបញ្ចប់បញ្ហាកាកសំណល់ប្លាស្ទិក៕

អត្ថបទដោយ: Vasna