កំណើនទុនវិនិយោគក្នុងវិស័យសំណង់ កើនឡើងជាង៣៣% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

វិស័យសំណង់នៅតែមានសុខុមាលភាពល្អក្នុងឆ្នាំ២០១៩នេះ ខណៈ វិស័យនេះជាចលករយ៉ាងសំខាន់ ក្នុងចូលរួមទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ថ្លែងក្នុងវេទិកានគរូបនីយកម្មកម្ពុជា ស្តីពី «ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន» កាលពីថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ៧,៥% ក្នុងឆ្នាំ២០១៨ និងសម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ ។
លោកបន្តថា កម្ពុជារំពឹងថា នៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុង១ឆ្នាំ ដែលក្នុងនោះ ការអភិវឌ្ឍនគររូបនីយកម្ម អចលនទ្រព្យ និងសំណង់ កំពុងមានកំណើនក្នុងសន្ទុះដ៏លឿន បានក្លាយជាសសរស្តមស្នូលនៃការជម្រុញកំណើនសេដ្ដ្ឋកិច្ចកម្ពុជា។
ជាក់ស្តែង លោកបានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ មានទំហំវិនិយោគ ២៨.០១២ លានដុល្លារអាមេរិក មានការកើនឡើង ៣៣,៧៦% បើប្រៀបធៀបនឹងរយៈពេលប្រាំឆ្នាំដូចគ្នាពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។
លោកបានឲ្យដឹងទៀតថា៖« ក្នុងស្ថានភាពនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់ ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្តទៀត»។
លោកបន្តថា ស្ថានភាពល្អនៃវិស័យសំណង់នេះវាជួយឲ្យកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ក្លាយជាប្រទេសអភិវឌ្ឍន៍ តាមរយៈការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រង់សំណង់រឹង រាវ លំហសារណៈ និងផ្ទៃបៃតង បរិក្ឋារទីក្រុងជាដើម»។
លោករដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់បន្ថែមថា ការរីកចម្រើននៃវិស័យអចលនទ្រព្យនេះ ក៏បានបង្ហាញពីការវិវត្តឈានឡើង នៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថេរភាព និងនិរន្តរភាព ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាការបង្ហាញនូវការជឿជាក់របស់អ្នកអភិវឌ្ឍអចលនវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។
តាមរយៈវេទិការនេះ ទីក្រុងចំនួន ៣ របស់ប្រទេសកម្ពុជារួមមាន រាជធានីភ្នំពេញ សៀមរាប និងខេត្តបាត់ដំបងត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតអាស៊ាន (Smart City) បន្ទាប់ពីមេដឹកនាំទាំងអស់នៃប្រទេសជាសមាជិកបានឯកភាពលើគំនិតផ្តួចផ្តើមឲ្យមានទីក្រុងឆ្លាតវៃ ដែលស្នើដោយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមេសាកន្លងទៅ៕