អគារពហុមុខងារ Morgan The Pure Bay កម្ពស់ ៣៥ ជាន់នៅខេត្តព្រះសីហនុចាប់ផ្តើមសាងសង់

អគារពហុមុខងារ Morgan The Pure Bay កម្ពស់ ៣៥ ជាន់នៅខេត្តព្រះសីហនុចាប់ផ្តើមសាងសង់

ខេត្តព្រះសីហនុ៖ ការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អឹសេន ឌីវេឡុបម៉ិន ឯ.កកម្ពស់ ៣៥ ជាន់កម្ពស់ ១២៦ ម៉ែត្រ មានផ្ទៃក្រឡា ៤៥ម៉ឺនម៉ែត្រក្រឡានៅក្នុងខេត្តព្រះសីហនុចាប់ផ្តើមដំណើរការហើយកាលពីថ្ងៃទី៣១ កក្កដា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីក្នុងពីសម្ពោធសាងសង់នេះ។ 

ឯកឧត្តមជា សុផារ៉ាបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះថាវាពិតជាបានរួមចំណែកបន្ថែមទៀតលើកំណើនសេដ្ឋកិច្ចជាតិ ចូលរួមក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ផ្តល់ការងារធ្វើដល់យុវជនមកពីទីឆ្ងាយ ដោយមិនចាំបាច់ឆ្លងដែនទៅបរទេស។

លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្តែងការសាទរចំពោះក្រុមហ៊ុនវិនិយោគដ៏ធំមួយនេះដែលបានបោះទុនវិនិយោគច្រើននៅលើទឹកដីខេត្តព្រះសីហនុ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖« រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។ បើកតាមឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពីមួយឆ្នាំទៅមួយឆ្នាំគម្រោងរោងវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យបានកើនឡើងជាលំដាប់»។

លោកបន្តថា មូលហេតុនាំឱ្យមានក្រុមហ៊ុនវិនិយោគច្រើនមកបោះទុនរកស៊ីលើទឹកដីខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គូសបញ្ជាក់ថាដោយសារកត្តាសំខាន់ចាំបាច់ ២ ៖ ទី១.ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងទី២.ដោយសារតែកត្តាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងនោះមានសមុទ្រមានឆ្នេរស្រស់ស្អាត មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវគមនាគមន៍អនុគ្រោះក្នុងការដឹកជញ្ជូន (ផ្លូវជាតិ និងផ្លូវដែក) និងមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។

 

យោងតាមរបាយការណ៍ ចាប់ពីឆ្នាំ ២០១២ មកទល់នឹងបច្ចុប្បន្ននេះ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានទឹកប្រាក់ចំនួន ៥ ៧៥៥ លានដុល្លារ គឺកើនឡើងជាគំហុក ក្នុងនោះមានការវិនិយោគពីប្រទេសចិន កូរ៉េ និងជប៉ុន ដែលនេះគឺបង្ហាញថាកម្ពុជាបានបើកច្រកវិនិយោគ ការអភិវឌ្ឍដល់គ្រប់ភាគីទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើការអំពាវនាវសដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ទិសទី គ្រប់ជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុដោយឡែក និងប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម ក៏ដូចជាបងប្អូនជាអ្នកវិនិយោគិនដែលបានមកវិនិយោគនៅខេត្តព្រះសីហនុ និងនៅកម្ពុជាថា តើយើងត្រូវប្រកាន់យកនូវបណ្តាវិធានការណាខ្លះដើម្បីធានាបាននូវការវិនិយោគបន្តទៅទៀត? ហើយបង្កភាពកក់ក្តៅដោយចាត់ទុកថា នេះជាធ្នាក់ជំហាន
ដំបូង។

ឯកឧត្តមបានថ្លែងថា៖ «ធ្នាក់ជំហានដំបូងនេះមានន័យថាឥឡូវនេះយើងកំពុងមានបរិយាកាសល្អប្រសើរ សុំឱ្យមានការថែរក្សានូវបរិយាកាសវិនិយោគនេះឱ្យបានល្អផូផង់ រឹងមាំ និងស្ថិតស្ថេរ សំដៅផ្តល់ផលប្រយោជន៍បន្តទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើង»។

ចាប់ពីឆ្នាំ ២០០៧ ដល់ខែកក្កដា ឆ្នាំ ២០១៩ មានគម្រោងសាងសង់ជិត ១០០០ គម្រោង។ អគារកម្ពស់ចាប់ពី ៥ ជាន់រហូតដល់ ៤២ ជាន់សរុបមានចំនួន ២១៨ គម្រោង។ តាមការបញ្ជាក់របស់ឯកឧត្តម គួច ចំរើន ក្រុមការងារបានចុះត្រួតពិនិត្យគម្រោងសាងសង់បានចំនួន ២៨៨ ការដ្ឋាន។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៩ នៅមាន ១១៥ ការដ្ឋានទៀតដែលមិនទាន់មានរបាយការណ៍វាយតម្លៃ និងមានការដ្ឋានចំនួន ៣០៧ ការដ្ឋានទៀតសម្រាប់ដាក់ជូនក្រុមការងារបច្ចេកទេសទាំង ២៣ ក្រុមរបស់គណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យក្នុងដំណាក់កាលទី៥ បន្តទៀត៕

អត្ថបទដោយ: KHB Writer