អ្នកជំនាញ៖តម្រូវការជួលអគារចាស់នៅខណ្ឌចំនួន២នៅភ្នំពេញមានតម្រូវការខ្លាំងជាងគេ

ទន្ទឹមនឹងអគារថ្មីនិងខ្ពស់ៗជាច្រើន រីកលូតលាស់នៅរាជធានីភ្នំពេញ សំណង់អគារចាស់ៗ ក៏នៅតែមានទីផ្សារ ផងដែរ។ អគារនិងផ្ទះចាស់ៗ ត្រូវបានកែប្រែទៅជាហាងលក់ដូរទំនិញជាទីស្នាក់ការក្រុមហ៊ុននិងជាកន្លែងស្នាក់នៅ។
ទន្ទឹមគ្នានេះ អ្នកជំនាញ ក៏បង្ហាញការគាំទ្រចំពោះការថែរក្សាទុកសំណង់អគារចាស់ៗ ខណៈសំណង់ប្រភេទនេះនៅតែមានទីផ្សារខ្លាំងនាពេលបច្ចុប្បន្ន។
ថ្លែងប្រាប់ KHB Media អគ្គនាយកក្រុមហ៊ុន Estate Xchange Cambodia លោក រស់ សុវណ្ណថា បានលើកឡើងថា បើគិតជាមធ្យមនៅតំបន់គោលដៅសំខាន់ផ្សេងៗគ្នាខ្លះ មានការជួសជុលអគារចាស់ៗឡើងវិញប្រមាណ២០ ទៅ ៣០ភាគរយ ហើយវាជាភាពចម្រុះ រួមទាំងលំនៅឋាន កន្លែងស្នាក់នៅ ការិយាល័យធ្វើការនិងជាពិសេសហាងលក់ទំនិញ។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នសំណង់អគារចាស់ៗមានតម្រូវការលើការជួលខ្លាំង ជាពិសេសនៅក្នុងខណ្ឌចំនួន២ គឺខណ្ឌដូនពេញ និងខណ្ឌស្ទឹងមានជ័យ។ លោកថា ខណ្ឌដូនពេញ ភាគច្រើនជាតម្រូវការជួលអគារប្រភេទនេះសម្រាប់ប្រកបអាជីវកម្ម ខណៈខណ្ឌស្ទឹងមានជ័យភាគច្រើនមានតម្រូវការជួលសម្រាប់ស្នាក់នៅរបស់ប្រជាជននៅក្នុងតំបន់។
អគ្គនាយកក្រុមហ៊ុន Estate Xchange Cambodia រូបនេះបានបញ្ជាក់ទៀតថា ភាគច្រើនតម្រូវការជួលមាន ច្រើននៅតែកណ្តាលក្រុង ដោយឡែកសម្រាប់ជាយក្រុងវិញមាន មិនសូវមានតម្រូវការជួលច្រើនប៉ុន្មានទេដោយសារទីតាំងនៅឆ្ងាយ បើទោះជាសំណង់អគារទើបតែ សាងសង់ថ្មីក៏ដោយ។ ដោយឡែកចំពោះ តម្លៃលើការជួលសំណង់អគារចាស់ គឺមានចន្លោះចាប់ពី១ ៧០០ដុល្លារទៅជិត ៣ ០០០ដុល្លារ។
ពាក់ព័ន្ធនឹងសំណង់អគារចាស់ៗនេះដែរ នាកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សំណង់ផ្សេងៗដែលមានអាយុកាលចាប់ពី ៥០ឆ្នាំឡើងទៅ នឹងត្រូវតែប្រឹងប្រែងថែរក្សាទុក។
ទន្ទឹមគ្នានេះ ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងដែរថា សំណង់អាគារដែលមានអាយុចាស់ កម្ពុជានឹងខិតខំអភិរក្សដោយរក្សានៅទ្រង់ទ្រាយដើម ហើយសម្រាប់ម្ចាស់សំណង់អគារចាស់ទាំងនោះ ត្រូវតែធ្វើការជួសជុលនិងរក្សាអត្តសញ្ញាណដើម។
លោកទិព្វសីហាថា៖«អគារចាស់ៗដែលមានការបាក់បែកខ្លាំង ក្រសួងនឹងចេញលិខិតឲ្យមានការជួសជុល តែនៅតែរក្សារូបរាងដើមដដែល»។
ដោយឡែក ឡុង គីមសួរ ប្រធានក្រុមហ៊ុន Century 21 Advance Property និងជាអ្នកជំនាញផ្នែកអចលទ្រព្យ បានលើកឡើងដែរថា ការអភិរក្សអគារចាស់ៗ ដូចជា លំនៅឋាន បុរី និងផ្សារ អាចបង្ហាញពីវប្បធម៌ក៏ដូចជាដើមចម នៃការកសាងអគារនីមួយៗ ហើយវាក៏អាចជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕