រដ្ឋាភិបាលបង្គាប់ឲ្យក្រសួង៤ និងសមត្ថកិច្ច ចាត់វិធានការការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាត និងខុសបច្ចេកទេស

រដ្ឋាភិបាលបង្គាប់ឲ្យក្រសួង៤ និងសមត្ថកិច្ច ចាត់វិធានការការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាត និងខុសបច្ចេកទេស

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួន ដោយបង្គាប់ឲ្យក្រសួងចំនួន ៤ និង​អង្គ​ភាពសមត្ថកិច្ច ចាត់វិធានការចំពោះការដ្ឋានសំណង់ទាំងឡាយដែលគ្មាន​លិខិតអនុញ្ញាត និងសាងសង់ខុសលក្ខណៈបច្ចេកទេស ប៉ុន្ដែត្រូវលើកលែងសំណង់លំនៅឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។

តាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្រ្តី ដែល KHB Media ទទួលបាននៅថ្ងៃទី ០៦កក្កដានេះបានបង្ហាញថា រាជរដ្ឋា​ភិបាលបានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់សណ្ឋាគារ អគារស្នាក់នៅរួម អ​គា​រ​ពាណិជ្ជកម្ម អគាររោងចក្រ អគារសិប្បកម្ម និងសំណង់ផ្សេងៗទៀត ដែលគ្មានលិខិតអនុញ្ញាត និង/ឬ​សាង​សង់​ខុស​លក្ខណៈបច្ចេកទេស លើកលែងតែសំណង់លំនៅឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។

ទីស្តីការគណៈរដ្ឋមន្ត្រីបន្តថា វិធានការចាំបាច់ដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញស្ថាប័នពាក់ព័ន្ធរួមមាន៖ ទី១-ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឲ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់ ទី២-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការមិនឲ្យមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់ ទី៣-ក្រសួងសា​ធារណ​ការ និងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់លូចូលបណ្តាញលូសាធារណៈ ទី៤-ក្រសួងស្ថាប័ន និងអង្គភាពមាន​សមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតឲ្យ​ប្រកបអាជីវកម្ម និងទី៥-ក្រសួងព័ត៌មាន និងអង្គភាពមានសមត្ថកិច្ច មិន​ត្រូវអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្ម។

លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងថា លោកបានទទួលលិខិតជូនដំ​ណឹងនេះ​ហើ​យ ដោយក្រសួងក្រសួងរ៉ែ និងថាមពល បាននិងកំពុងធ្វើជាហូរហែរកន្លងមកនេះ ហើយក្រសួង​នឹងចាប់ផ្ដើម​បន្ត​ធ្វើ​កិច្ចការងារនេះបន្ថែមទៀត ស្របតាមលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។

លោកបន្តថា ក្រសួងរ៉ែ និងថាមពល នឹងចាត់វិធានការតាមការណែនាំនេះ ទៅតាមច្បាប់ដែលបានចែងជាធរមាន ដើម្បីចូលរួម​ទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ក្នុងការធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណ​ភាព​​សំ​ណង់ទូទាំងប្រទេស។

លោកបញ្ជាក់ថា៖«ខ្ញុំបានឃើញសេចក្ដីជូនដំណឹងហ្នឹងហើយ ឥឡូវយើងកំពុងកំណត់ពេល​ប្រជុំពិភាក្សាគ្នាលើ​បញ្ហានេះ ការពិតយើងក៏ធ្លាប់បានធ្វើកន្លងមកជាបន្តបន្ទាប់ដែរ។ ករណីទាំងនេះ បើសិនជាយើង​រកឃើញ​ភាពមិន​ប្រ​ក្រតីណាមួយ គឺយើងប្រគល់កិច្ចការនេះ ជូនទៅ EDC ដើម្បីផ្ដាច់ភ្លើង ឬមិនផ្គត់ផ្គង់ភ្លើងឲ្យការដ្ឋាននោះទេ»។

គួររំឭកថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញញថា អាជ្ញាធរនៅខេត្តព្រះសីហនុ និងរាជ​ធានីភ្នំពេញ បាន​និង​កំពុងចេញបញ្ជាឲ្យផ្អាកសកម្មភាពការដ្ឋានសំណង់ដែល​រកឃើញភាពមិនប្រក្រតីជាបន្តបន្ទាប់ ដើម្បី​ឲ្យម្ចា​ស់​កា​រ​ដ្ឋានទាំងនោះ បំពេញបែបបទទៅតាម​ច្បាប់ និងពង្រឹងគុណភាពសំណង់របស់ខ្លួន ចៀសវាង​បង្ក​ហានី​ភ័យ​ណា​មួយកើតឡើង៕

អត្ថបទដោយ: Koemsoeun