គិតមកដល់ឆ្នាំនេះ ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង ៣,៥ពាន់លានដុល្លារ

គិតមកដល់ឆ្នាំនេះ ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង ៣,៥ពាន់លានដុល្លារ

គិតមកដល់ពេលនេះ ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេសជប៉ុន (JICA) បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការ (Japanese ODA) ដល់កម្ពុជា សរុប​ចំនួនជាង ៥ពាន់លានដុល្លារ ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥតសំណងមាន​ប្រមាណជាង ៣,៥ពាន់លានដុល្លារ ។ នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  អះអាងថា តួលេខនេះ មិនរាប់​បញ្ចូល​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​គម្រោង​នានា​ដែលត្រូវបានផ្តល់​ដោយ​ប្រជាជន និង​សប្បុរសជន​ជប៉ុន ជូន​ដល់​ប្រជាជន​កម្ពុជា ដោយ​ផ្ទាល់​ឡើយ។

លោកអូន ព័ន្ធមុនីរ័ត្នថ្លែងបែបនេះ ក្នុង​ជំនួប​ ពិភាក្សាការងារ រវាងរូប​លោក និង​លោក SUZUKI Hideo ឧបការីរដ្ឋ​មន្រ្តី និង​ជាអគ្គនាយកដ​នៃអគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​ជប៉ុន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ជាមួយគ្នានោះដែរ លោក SUZUKI Hideo ឧបការីរដ្ឋ​មន្រ្តី និង​ជាអគ្គនាយកដ​នៃអគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​ជប៉ុន បាន​ថ្លែង​​ថា ជប៉ុននឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា និង​បន្ត​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែរឹងមាំ​ថែមទៀត តាមរយៈ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ក្នុងវិស័យ​នានា រួមទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ក៏ដូចជា​ការ​ជំរុញ​ដល់ការ​អភិវឌ្ឍ​វិស័យឯកជននានា ឱ្យកាន់តែរីកចម្រើន​បន្ថែមទៀត ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវ​ការជាក់ស្តែង និង​វិស័យ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោកបន្តថាជប៉ុន​ក៏នឹង​បន្ត​ផ្តល់ការគាំទ្រ និង​ជំរុញ​រាល់​គ្រប់សកម្មភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុងតំបន់​ដូចជា កិច្ច​សហប្រតិបត្តិការ មេគង្គ-ជប៉ុន និង​អាស៊ាន-ជប៉ុន ជាដើម៕

 

អត្ថបទដោយ: Pisey