ការកក់បន្ទប់សណ្ឋាគារនៅកម្ពុជាប្រ​មាណ៣០ភាគរយត្រូវលុបចោលដោយសារវីរុសកូរ៉ូណា

ការកក់បន្ទប់សណ្ឋាគារនៅកម្ពុជាប្រ​មាណ៣០ភាគរយត្រូវលុបចោលដោយសារវីរុសកូរ៉ូណា

ការផ្ទុះវីរុសកូរ៉ូណានៅប្រទេសចិន អាចបណ្តាលឱ្យសណ្ឋាគារមួយចំនួននៅកម្ពុជាប្រឈមមុខនឹងការបិទទ្វារ ដោយសារការកក់មួយចំនួនធំត្រូវបានលុបចោល។ នេះបើយោងតាមលោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា  

លោកស្រីបានឱ្យដឹងថា នៅដើមឆ្នាំ២០២០ នេះ ពោលគឺចាប់តាំងពីមានការរីករាលដាលនៃវីរុសកូរ៉ូណានៅប្រទេសចិនមក សណ្ឋាគារជាច្រើននៅ​តំបន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាដូចជានៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុបានប្រឈមនឹងការខាតបង់យ៉ាងខ្លាំង ដោយសារការកក់បន្ទប់សណ្ឋាគារត្រូវបានលុបចោលជាបន្តបន្ទាប់ ដោយនៅកន្លែងខ្លះ លុបចោល រហូតដល់៣០% ដែលធ្វើឱ្យខាតបង់ប្រាក់ចំណូល អស់ជាច្រើនលានដុល្លារ ។

លោកស្រីបន្ថែមថា៖«ប្រសិនបើបញ្ហានេះអូសបន្លាយយូរ វានឹងធ្វើឱ្យសណ្ឋាគារមួយចំនួនធំ ជាពិសេសសណ្ឋាគារដែលធ្វើការជាមួយភ្ញៀវចិន អាចប្រឈមនឹងខាតបង់ច្រើន អាចនឹង​បិទទ្វារខ្លះដែរ។

លោកស្រីថា តាមស្ថិតិដែលផ្តល់ដោយសមាជិករបស់សមាគម កន្លែងខ្លះលុបចោលការកក់​ពី២០ទៅ៣០% ។ លោកស្រីបន្តថា៖«ការលុបចោលហ្នឹងឃើញថាច្រើនភាគរយ នៅសៀមរាបច្រើនមែនទែន នៅភ្នំពេញក៏ច្រើនដែរ។ ចំណែកនៅខេត្តកំពង់សោមដោយសារភាគច្រើនមានភ្ញៀវចិនមកលេងហេតុនេះរងផលប៉ះពាល់យ៉ាងខ្លាំង។ បើទោះគាត់បង់លុយចោលក៏​ដោយ ក៏យើងត្រូវសង់លុយស្នាក់នៅរបស់គាត់ជូនទៅគាត់វិញ»។  ប្រធានសមាគមសណ្ឋាគាររូបនេះ បញ្ជាក់បន្ថែម។



លោកស្រី ចិន្តាបន្តថា មិនមែនតែភ្ញៀវចិនទេដែលលុបចោលការកក់បន្ទប់សណ្ឋាគារ ភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀតក៏ការលុបចោលនេះដែរ ដោយសារភ្ញៀវមានការភ័យខ្លាច និងការបិទមិនឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសរបស់រដ្ឋាភិបាលចិន ទើបធ្វើឱ្យភ្ញៀវទេសចរមួយចំនួនលុបចោលដំណើរកម្សាន្តមកលេងនៅកម្ពុជា។

លោកស្រីបានឱ្យដឹងថាបន្ថែមថា៖ «ភ្ញៀវទេសចរចិនគាត់បានលុបចោលដោយសារប្រភពជម្ងឺកើតចេញពីប្រទេសគាត់ ហើយប្រទេសដ៏ទៃទៀត គាត់មានការលុបចោល ដោយសារគាត់មើល ព័ត៌មានគេផ្សាយថាកុំទៅលេងប្រទេសអាស៊ី មានគ្រោះថ្នាក់អាចឆ្លងជម្ងឺ អ៊ីចឹងធ្វើឱ្យគាត់ភ័យខ្លាច»។

បើទោះបីជាសណ្ឋាគារមួយចំនួនលុបចោលការកក់ក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយ កាត់បុគ្គលិកសណ្ឋាគារនោះទេ។ ជាមួយនឹងការធ្លាក់ភ្ញៀវទេសចរអន្តរជាតិនេះ លោក​ស្រីរំពឹងថាភ្ញៀវទេសចរក្នុងស្រុក នឹងគាំទ្រផលិតផលទេសចរណ៍នៅកម្ពុជា និងបង្កើនការដើរកម្សាន្តនៅក្នុងស្រុកឱ្យបានច្រើន ។

លោកស្រីចិន្តា លើកឡើងបន្ត« ដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍ និងដើម្បីជួយប្រជាពលរដ្ឋដែលប្រកបរបរបម្រើសេវាកម្មទេសចរណ៍ ដើម្បីឱ្យមានដំណើរការកើនឡើងកុំឱ្យមានការខាតបង់ គាត់បិទអូតែលឬភោជនីយដ្ឋាន ជារឿងមួយដែលសោកស្តាយ ។ ពេលនេះជាពេលដែលពិបាក ហើយយើងត្រូវពង្រឹងទាំងអស់គ្នាឡើងវិញ» ។

លោកស្រីអំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួម កុំចែករំលែក ព័ត៌មានមិនពិតដែលបង្កជា​ក្តីបារម្ត ដែលនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ មកធ្វើដំណើរកម្សាន្តនៅកម្ពុជា និងម្ចាស់សណ្ឋា​​​គារទាំងអស់ ចូលរួមទប់ស្កាត់ និងការពារកុំឱ្យភ្ញៀវរបស់ខ្លួនឆ្លងជម្ងឺនេះ។


គួរបញ្ជាក់ថា ចិនគឺជាភ្ញៀវទេសចរណ៍នាំមុខគេនៅកម្ពុជា ដែលក្នុងមួយឆ្នាំៗភ្ញៀវទេសចរ ចិនប្រមាណជាងជាង២លាននាក់ បានធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងនោះគោលដៅសំខាន់គឺនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានលើកឡើងពីក្តីបារម្ភនៃការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មសេវាកម្មទេសចរណ៍។ ទន្ទឹមនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងមានផែនការជំរុញចលនាទេសចរណ៍ ក្នុងស្រុកឱ្យបានកាន់តែខ្លាំងថែមទៀត និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍។

លោកបន្តថា ការធ្វើដំណើរបស់ភ្ញៀវទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ។

លោកថារដ្ឋមន្រ្តីថា នៅពេលមានវិបត្តិដូចនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការត្រឹមចំណូល ដើម្បីទូទាត់ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែសម្រាប់បុគ្គលិកមួយចំណែកប៉ុណ្ណោះ។ ដូចនេះផ្នែកឯកជនផ្ទាល់ត្រូវចាត់ការកែសម្រួលការគ្រប់គ្រងអាជីវកម្ម ដោយរស់រវើកតាមសភាព​ការណ៍ ចូលរួមកាត់បន្ថយកញ្ចប់ទស្សនកិច្ច កាត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ជាមួយរដ្ឋបាលមូលដ្ឋាន។ រីឯបុគ្គលិក និងនិយោជកដែលបម្រើការងារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋានជាដើមនោះ ក៏ត្រូវមានការយោគយល់គ្នាទៅវិញទៅមកជាមួយម្ចាស់អាជីវកម្មដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរបានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៩ ចំនួនសណ្ឋាគារនៅកម្ពុជាមាន ១,០៥០  កើនឡើងប្រមាណ២៤% ផ្ទះសំណាក់ ២,៧០៥ កើនឡើង១៧% និងភោជនីយដ្ឋាន មានចំនួន ៣,​៤១៥កន្លែង៕

 

អត្ថបទដោយ: Channita