NASA គ្រោងសាងសង់តេលេទស្សន៍វិទ្យុ អង្កត់ផ្ចិត១គីឡូម៉ែត្រនៅលើឋានព្រះចន្ទ

NASA គ្រោងសាងសង់តេលេទស្សន៍វិទ្យុ អង្កត់ផ្ចិត១គីឡូម៉ែត្រនៅលើឋានព្រះចន្ទ

អាម៉េរិក៖ ដើម្បីស្វែងយល់បន្ថែមអំពីសំឡេងនៅក្នុងចក្រវាឡ ទីភ្នាក់ងារអវកាសអាម៉េរិក NASA មានគម្រោងសាងសង់តេលេទស្សន៍វិទ្យុចាប់រលកសំឡេងរយៈចម្ងាយវែង ដែលមានអង្កត់ផ្ចិត ១គីឡូម៉ែត្រ នៅលើកំហូងភ្នំភ្លើង ផ្នែកងងឹតនៃផ្ទៃព្រះចន្ទ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Global Construction Review។

បើតាមសំណើរដែល NASAបានដាក់ចេញ តេលេទស្សន៍វិទ្យុលើផ្ទៃព្រះចន្ទនេះ នឹងត្រូវសាងសង់ដោយមនុស្សយន្ត  ដែលមានរាយជាសំណាញ់ជារង្វង់មានអង្កត់ផ្ចិត ៣,៥ គីឡូម៉ែត្រ នៅលើមាត់ភ្នំភ្លើងផ្នែកងងឹតនៃផ្ទៃព្រះចន្ទ ហើយព្យួរឧបរណ៍ចាប់សំឡេងនៅចំណុចកណ្ដាល។ 

អង្គការណាសាបានផ្ដល់មូលនិធិដល់គម្រោងនេះ សម្រាប់ជាផ្នែកមួយនៃកម្មវិធីនវានុវត្តន៍កម្រិតខ្ពស់របស់ខ្លួន។ តម្លៃនៃការចំណាយលើគម្រោងអាចនឹងកាត់បន្ថយបានច្រើន ដោយសារការងារទាំងអស់ត្រូវបំពេញ ដោយការបញ្ជារពីចម្ងាយ មានន័យថាគេមិនចាំបាច់ត្រូវការមនុស្សឲ្យទៅបំពេញការងារផ្ទាល់លើឋានព្រះចន្ទនោះទេ។

មនុស្សយន្តប្រើប្រាស់សម្រាប់សាងសង់ គឺជាប្រភេទ DuAxel ដែល អង្គការ Nasa បានអភិវឌ្ឍនៅក្នុងមន្ទីរពិសោធន៍យានអវកាស នៃវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា។ មនុស្សយន្តទាំងនេះមានជំនាញពិសេសអាចឡើងជញ្ជាំង និងជម្រាលខ្ពស់ៗបាន។

NASA ពន្យល់ថាការស្ថាបនាតេលេទស្សន៍វិទ្យុលើព្រះចន្ទ អាចផ្ដល់គុណសម្បត្តិពិសេសជាច្រើន។ ជាឧទាហរណ៍ តេលេទស្សន៍អាចចាប់រលកសំឡេង បានវែង និងកាត់បន្ថយការផ្លាតត្រឡប់នៃសំឡេងបានប្រសើរជាង តេលទស្សន៍វិទ្យុមានមូលដ្ឋាននៅលើភពផែនដី។

សូមបញ្ជាក់ថា គម្រោងតេលេទស្សន៍វិទ្យុលើកំហូងភ្នំភ្លើងព្រះចន្ទ ឬហៅកាត់ថា LCRT ជាគំនិតរបស់លោក Saptarshi Bandyopadhyay អ្នកបច្ចេកទេសផ្នែករ៉ូប៉ូតនៃមន្ទីរពិសោធន៍យានអវកាសរបស់ NASA។ លោក បានបញ្ជាក់ថា គម្រោងនេះនឹងជួយឲ្យការសិក្សាស្រាវជ្រាវការវិដ្តន៍នៃចក្រវាឡ មានលក្ខណៈកាន់តែស៊ីជម្រៅ តាមរយៈ ការអង្កេតចក្រវាឡ ក្នុងកម្រិតរលកសំឡេងពី ១០ទៅ៥០ម៉ែត្រ ជាកម្រិតមួយ ដែលមនុស្សជាតិមិនធ្លាប់រកឃើញពីមុន។

គួររំលឹកថា បេសកកម្ម Chang’e-4 របស់ចិន ធ្លាប់បានសាងសង់ តេលេទស្សន៍វិទ្យុតូចមួយ ភ្ជាប់នឹងផ្កាយរណបធ្វើដំណើរជុំវិញព្រះចន្ទ កាលពីខែឧសភា ឆ្នាំ ២០១៨។ ប៉ុន្តែតេលេទស្សន៍វិទ្យុនេះ មានទំហំតូចណាស់ បើប្រៀបធៀបនឹងគម្រោង LCRT របស់ NASA៕

អត្ថបទដោយ: Vasna