ទ្វីបអឺរ៉ុបសិក្សាគម្រោងសាងសង់ផែបញ្ឈរសម្រាប់យានហោះហើរចល័ត

ទ្វីបអឺរ៉ុបសិក្សាគម្រោងសាងសង់ផែបញ្ឈរសម្រាប់យានហោះហើរចល័ត

បារាំង៖ វិស្វករ និងអ្នករចនា មកពីក្រុមហ៊ុនឧស្សាហកម្មល្បីៗចំនួនបួន និងសាកលវិទ្យាល័យមួយនៅទ្វីបអឹរ៉ុប បានបង្កើតក្រុមស្រាវជ្រាវមួយ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធប្រភេទថ្មី សម្រាប់យានជំនិះហោះហើរចល័ត ឬយន្តហោះខ្នាតតូច។

ក្រុមហ៊ុនដែលសិក្សាលទ្ធភាពសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធប្រភេទថ្មីនេះ មានឈ្មោះថាអាកាសចរណ៍ចល័តទីក្រុង​ ឬជាភាសាអង់គ្លេស Urban Air Mobility។ ក្រុមការងារដែលមានការចូលរួមសុទ្ធជាអ្នកជំនាញ មកពីក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីល្បាយរបស់បារាំង Airbus ក្រុមហ៊ុនស្រាវជ្រាវអាល្លឺម៉ង់ Bauhaus Luftfahr សាកលវិទ្យាល័យ ETH Zürich របស់ស្វីស ក្រុមហ៊ុនស្ថាបត្យកម្ម MVRDV របស់ហូឡង់ និងក្រុមហ៊ុនវិស្វកម្មបារាំង Systra។

ក្រុមអ្នកស្រាវនឹងសិក្សាផ្ដោតសំខាន់ទៅលើ គម្រោងសាងសង់ផែបញ្ឈរ (vertiports) ដែលជាមណ្ឌលចុះចតសម្រាប់យានហោះហើរចល័ត ហើយត្រូវសាងសង់ដូចនឹងចំណតសម្រាប់យានយន្តធម្មតាដែរ គ្រាន់តែគេមិនចាំបាច់តភ្ជាប់ទៅនឹងផ្លូវថ្នល់ ឬស្ថានីយរថភ្លើង។

ពេលនេះក្រុមអ្នកស្រាវជ្រាវ បានបង្កើតនូវឧទាហរណ៍មួយចំនួនអំពីលទ្ធភាព និងអត្ថប្រយោជន៍ដែលទទួលបានពីការស្ថាបនាផែបញ្ឈរនេះ នៅក្នុងទីក្រុងមួយចំនួន ដែលមានយានហោះហើរចល័តស្រាប់។

សេណារីយ៉ូមួយ ដែលគេបានលើកឡើង គឺការប្រើប្រាស់ចំណតប្រភេទនេះសម្រាប់លើកកម្ពស់បណ្ដាញគមនាគមន៍នៅក្នុងតំបន់ដាច់ស្រយាល ឬ​នៅដាច់ឆ្ងាយពីគេខ្លាំង ដែលជួយឲ្យគេចំណាយតិច បើធៀបនឹងការកសាងផ្លូវថ្នល់ ឬផ្លូវដែកទៅកាន់តំបន់នោះ។

លោក Winy Maas ស្ថាបនិកក្រុមហ៊ុនស្ថាត្យកម្ម MVRDV បានលើកឡើងថា នៅពេលទីក្រុងកាន់តែអភិវឌ្ឍ ហើយបច្ចេកវិទ្យាកាន់រីកចម្រើន មធ្យាបាយធ្វើដំណើរតាមរយៈយានហោះហើរចល័តនឹងក្លាយជាគំរូមួយដ៏ពេញនិយម។

លោកបានរៀបរាប់បន្ថែមថា៖ «ដើម្បីឈានដល់ចំណុចនេះ គេត្រូវការដំណាក់កាលតូចៗជាច្រើន។ រឿងនេះគេគួរតែអរគុណដល់ក្រុមហ៊ុន Airbus ដែលបានគិតគូអំពីបញ្ហាទាំងនេះទុកជាមុន និងធ្វើការងារតាមរបៀបមួយ ដែលអាចធានាថាអ្វីៗនឹងកាន់តែល្អប្រសើរទាន់ពេលវេលា»៕

អត្ថបទដោយ: Vasna