សម្តេចតេជោ៖ ប្រតិបត្តិការរុករកជនរងគ្រោះដោយករណីរលំបាក់អគារ 7 ជាន់នៅខេត្តព្រះសីហនុបានបញ្ចប់ តែត្រូវរកអ្នកទទួលខុសត្រូវ

សម្តេចតេជោ៖ ប្រតិបត្តិការរុករកជនរងគ្រោះដោយករណីរលំបាក់អគារ 7 ជាន់នៅខេត្តព្រះសីហនុបានបញ្ចប់ តែត្រូវរកអ្នកទទួលខុសត្រូវ

ខេត្តព្រះសីហនុ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដោយករណីរលំបាក់អគារ 7 ជាន់នៅខេត្តព្រះសីហនុ ប៉ុន្តែការស្រាវជ្រាវ ដើម្បីរកឱ្យឃើញនូវអ្នកទទួលខុសត្រូវក្នុងករណីនេះនៅតែបន្ត។ ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងករណីរលំបាក់អគារកម្ពស់ 7 ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង 7:30នាទីយប់ ថ្ងៃទី24 ខែមិថុនា ឆ្នាំ2019 បន្ទាប់ពីប្រតិបត្តិការរុករក និងសង្រ្គោះធ្វើឡើងអស់រយៈពេល 2 ថ្ងៃកន្លះ។ ករណីរលំបាក់អគារកម្ពស់ 7 ជាន់នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី 22 ខែមិថុនា ឆ្នាំ2019។ ចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញក្នុងហេតុការណ៍នោះបានកើនដល់ 28 នាក់ និងអ្នករបួស 26 នាក់។ Image may contain: 8 people, people standing and night សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ហើយបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី 24 ខែមិថុនា ថា៖ «យ៉ាងណាក៏ដោយ មកដល់ម៉ោងនេះ យើងបានបញ្ចប់ យើងនៅសល់តែការសម្អាតការដ្ឋានប៉ុណ្ណោះ ហើយយើងសម្អាតការដ្ឋានមែន ប៉ុន្តែយើងមិនទាន់បញ្ចប់នូវការស្រាវជ្រាវ ដើម្បីរកឱ្យឃើញនូវការទទួលខុសត្រូវនោះទេ»។ សម្តេចបានបញ្ជាក់បន្តថា «សំណង់មានច្បាប់ ឬអត់ច្បាប់ ហើយវានៅក្នុងក្របខណ្ឌបែបណា បានវាកើតមានរឿងបែបនេះ»។ Image may contain: 16 people, people standing and crowd សម្តេចតេជាមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍បែបនេះគឺជារឿងដំបូងនៅកម្ពុជា ជារឿងគួរឲ្យសោកស្តាយ ហើយខ្ញុំក៏សូមអរគុណកម្លាំងទាំងអស់ដែលបានជួយសង្គ្រោះក្នុងហេតុការណ៍នេះ បើគ្មានការខិតខំប្រឹងប្រែងបែបនេះទេ មនុស្សពីរនាក់ចុងក្រោយនឹងមិនមានជីវិតរស់នៅ ផង។ អរគុណអ្នកជួយសង្គ្រោះទាំងអស់ អ្នកដែលចូលរួមដោយកម្លាំងផ្ទាល់ និងអ្នកចូលរួមដោយសម្ភារៈ បរិក្ខាក៏ដូចជាការផ្តល់ជំនួយសង្គ្រោះផង»។ សម្តេចមានប្រសាសន៍ថាសោកនាដកម្មនេះ បានផ្តល់ជាមេរៀនប្រាប់យើង ហើយមេរៀននោះត្រូវបញ្ជាក់ឲ្យច្បាស់ពីការទទួលខុសត្រូវរបស់យើង និងរបស់សមត្ថកិច្ច។ សម្តេចបន្តថា៖«ខ្ញុំបាននិយាយពីមុនថា បើដឹងថាគ្មានច្បាប់សាងសង់ហើយ ក៏ឲ្យសាងសង់ គេសាងសង់ហើយទៅប្រាប់គេមិនស្តាប់ ខ្ញុំគួរតែប្រាប់ថា តើអំណាចរដ្ឋនៅកន្លែងណា ទុកឲ្យអ្នកសាងសង់មកធ្វើចៅហ្វាយខេត្ត ចៅហ្វាយក្រុង រដ្ឋមន្រ្តីល្អជាង ដូច្នេះពីថ្ងៃនេះទៅគ្មានការលើកលែង បទពិសោធន៍នេះផ្តល់មេរៀន ឲ្យយើង ហើយយើងចាត់តាំងគណៈកម្មការមួយដើម្បីត្រួតពិនិត្យសំណង់»។ Image may contain: 4 people, people standing សម្តេចបន្តថា លោក ជាសុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី ត្រូវរៀបចំផ្នែកបច្ចេកទេសពិតប្រាកដ ដើម្បី វាយតម្លៃសំណង់ទាំងអស់ដែលកំពុងសាងសង់ ត្រូវផ្អាកបើគ្មានច្បាប់ មិនឲ្យមានករណីនេះកើតឡើងទៀតឡើយ។ សម្តេចថា យើងមិនបាច់ធ្វើការគ្រប់គ្រងរដ្ឋទេ បើយើងមិនអាចធ្វើការទប់ស្កាត់ការសាងសង់អណាធិបតេយ្យបែបនេះបាន។ បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យ សាងសង់ចំនួន 2 ដងរួចទៅហើយ។ គួរបញ្ជាក់ថា ក្រោយករណីរលំបាក់អគារកម្ពស់7 ជាន់ នៅខេត្តព្រះសីហនុនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ទេរអភិបាលខេត្តព្រះសីហនុ មកកាន់ការងារនៅក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយផ្ទេរលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុផងដែរ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានសម្រេចឃាត់ខ្លួនមនុស្ស 4 នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង 3 នាក់ទៀតជាអ្នកពាក់ព័ន្ធផងដែរ៕

អត្ថបទដោយ: KHB Writer