ធនាគារវិនិយោគអឺរ៉ុបផ្តល់ហិរញ្ញប្បទានលើកដំបូងដល់កម្ពុជាជិត 86 លានអឺរ៉ូលើវិស័យទឹកស្អាត

ធនាគារវិនិយោគអឺរ៉ុបផ្តល់ហិរញ្ញប្បទានលើកដំបូងដល់កម្ពុជាជិត 86 លានអឺរ៉ូលើវិស័យទឹកស្អាត
ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប EIB បានផ្តល់ហិរញ្ញប្បទានជាលើកដំបូងរបស់ខ្លួនចំនួន 85,9 លាន​អឺរ៉ូ ដល់កម្ពុជា ក្នុងការដំណើរការសាងសង់ស្ថានីយ៍ទឹកស្អាតនៅបាក់ខែង ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលរស់ក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2019 ធនាគារវិនិយោគអឺរ៉ុប (EIB)  បានចុះហត្ថលេខាលើហិរញ្ញប្បទានកម្ចីថ្មីមួយ ក្នុងទឹកប្រាក់ 85,9 លានអឺរ៉ូ  ជាមួយនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បីកែលម្អការផ្គត់ផ្គង់ទឹកសម្រាប់ទទួលទាននៅក្នុង និងជុំវិញរាជធានីនៃប្រទេសកម្ពុជា។ នេះ គឺជាការវិនិយោគលើកទី1 របស់ធនាគារ (EIB) ក្នុងប្រទេសកម្ពុជាដែលមានការគាំទ្រពីហិរញ្ញប្បទានវិនិយោគឥតសំណងពី​សហភាពអឺរ៉ុបក្នុងទំហំទឹកប្រាក់ 13,5 លានអឺរ៉ូ និងមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ហៅកាត់ថា AFD) ក្រោមគំនិតផ្តួចផ្តើមពឹងផ្អែកលើគ្នាទៅវិញទៅមក (Mutual Reliance Initiative)។ លោក Andrew McDowell អនុប្រធានធនាគារ EIB ទទួលបន្ទុកប្រតិបត្តិការ EIB ប្រចាំប្រទេសកម្ពុជាលើកឡើងថា តាមរយៈការផ្តល់ទឹកស្អាតសម្រាប់ទទួលទានដល់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញគម្រោងនេះ នឹងជួយកាត់បន្ថយវិសមភាព និងនាំមកនូវការរីកចម្រើនពិតប្រាកដដល់សុខភាព និងការអប់រំរបស់ប្រជាពលរដ្ឋ។ ការផ្តល់ហិរញ្ញប្បទាននេះ នឹងផ្តល់លទ្ធភាពឱ្យមានការសាងសង់រោងចក្រទឹកស្អាតបាក់ខែងដែលស្ថិតនៅជាយក្រុងភាគខាងជើងនៃទីក្រុងភ្នំពេញ ដោយមានប្រភពសម្រាប់យកទឹកមានទីតាំងឋិតនៅច្រាំងខាងលិចនៃទន្លេមេគង្គ។ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តួចផ្តើមដំណើរការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនកាលពី 22 ឆ្នាំមុន ដោយទឹកដែលពុំមានផ្តល់ចំណូលបានថយចុះពី 72 ភាគរយ មកនៅ 8 ភាគរយ។ គិតមកដល់បច្ចុប្បន្ន ការសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ចំណូលដែលបានពីការលក់កើនឡើង 10ដង ហើយអត្រានៃការចេញវិក្កយបត្រទឹកកើនឡើងកៀកដល់ 100ភាគរយ។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)  និងធនាគារវិនិយោគអឺរ៉ុប (EIB) បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការបង្កើនសមត្ថភាពផលិតកម្មនិងចែកចាយដើម្បីបំពេញតម្រូវការទឹកដូចដែលបានព្យាករក្នុងផែនការមេ 2016-2030។ តាមរយៈគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំបង្កើតកន្លែងចម្រោះទឹកមួយនៅភាគខាងជើងរាជធានីភ្នំពេញដែលមានលទ្ធភាពអាចផលិតទឹកស្អាតបាន 71ប៊ីលានលីត្រ ក្នុង 1ឆ្នាំដែលអាចផ្គត់ផ្គង់ទឹកដល់អ្នកប្រើប្រាស់ 2លាន 5សែននាក់៕
អត្ថបទដោយ: Rath