រដ្ឋបាលរាជធានីភ្នំពេញត្រៀមស្ថានីយបូមទឹកច្រើនកន្លែងសម្រាប់រំដោះជំនន់ទឹកភ្លៀងចេញពីភ្នំពេញ

 រដ្ឋបាលរាជធានីភ្នំពេញត្រៀមស្ថានីយបូមទឹកច្រើនកន្លែងសម្រាប់រំដោះជំនន់ទឹកភ្លៀងចេញពីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះ ការលិចលង់ដោយ ជំនន់ទឹកភ្លៀង រួចរាល់ហើយ ដោយសារច្រើនឆ្នាំកន្លង មកនេះ រាជធានីភ្នំពេញតែងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា ដើម្បីដោះស្រាយនូវបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងរដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែធ្វើការស្ថាបនាដាក់លូថ្មី ការស្ដារប្រព័ន្ធលូ តូច ធំប៉ុណ្ណោះទេ គឺបានបង្កើតឱ្យមានជាស្ថានីយបូមទឹកថ្មីជាច្រើនកន្លែងផងដែរ។ 

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  សម្រាប់រាជធានីភ្នំពេញមកដល់ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះមានស្ថានីយបូមទឹកបឹង ត្របែក ស្ថានីយបូមទឹក បឹង ទំពុន ស្ថានីយបូមទឹកលូប្រាំ ស្ថានីយបូមទឹកបុរី១០០ខ្នង ស្ថានីយបូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយបូមទឹកស្វាយប៉ាក ស្ថានីយបូមទឹកព្រះពន្លា ស្ថានីយបូមទឹកទួលគោកទី១ ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ ៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។
លោកបានបន្តទៀតថាក្រោយពីមានការស្ថាបនា ការដាក់បណ្ដាញធំៗ ទំហំ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្រ និង ២ម៉ែត្រកន្លះនៅតាម បណ្ដោយផ្លូវមួយចំនួន ការស្ដារលូប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនាស្ថានីយបូមទឹកជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅ តាមបណ្ដាស្ថានីយសំខាន់ៗ មួយចំនួននោះ គឺបានធ្វើឱ្យរាជធានីភ្នំពេញលែងមានការលិចលង់ដូចបណ្តាឆ្នាំមុនទៀត៕

អត្ថបទដោយ: Nary